សង្គមស៊ីវិលបារម្ភពីច្បាប់ស្តីពីរបបសន្តិសុខសង្គមគ្មានតម្លាភាព

រូបភាព៖ ពលរដ្ឋកំពុងធ្វើបែបបទប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គម (បសស)។

អ្នកធ្វើការលើកកម្ពស់សិទ្ធិមនុស្សនិងសិទ្ធិការងារ ស្នើរដ្ឋសភាបង្ហាញតម្លាភាពច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោ​យ​ថា ដើម្បីធានាផ្តល់ផលប្រយោជន៍ដល់អ្នកពាក់ព័ន្ធ។

លិខិតរួមគ្នាមួយដាក់ទៅរដ្ឋសភាចុះថ្ងៃទី១៨កញ្ញា បានស្នើសុំផ្តល់អត្ថបទសេចក្តីព្រាងច្បាប់នេះ និងស្នើឲ្យមានការពិគ្រោះយោបល់ពេញលេញជាមួយអ្នកពាក់ព័ន្ធ មុនសភាអនុម័ត។

លិខិតរួមគ្នានោះលើកឡើងទៀតថា ពួកគេមានសេចក្តីរីករាយទៅនឹងរដ្ឋាភិបាលដែលបានតាក់តែសេចក្តីព្រាងច្បា​ប់​​នេះឡើង ។ប៉ុន្តែពួកគេថា មកដល់ពេលនេះពួកគេមិនទទួលបានសេចក្តីព្រាងច្បាប់ទាំងនេះទេ។

ក្រុមអ្នកធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារទាំងនោះ  លើកឡើងទៀតថា ការមិនទទួលបាននូវសំណៅជាខ្លឹមសារចុងក្រោយនៃសេចក្តីព្រាងច្បាប់នេះ ព្រមទាំងទុកពេលក្នុងការបើកឲ្យមានការពិគ្រោះយោបល់ឲ្យបានទូលំទូលាយ និងពេញលេញ វានឹងមិនបានធានាផលប្រយោជន៍ដល់វិស័យពាក់ព័ន្ធ ពេលច្បាប់នោះចូលជាធរមាន។

អង្គកាសង្គមស៊ីវិលដែលចេញលិខិតរួមគ្នានោះមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C.CAWDU)សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា និង សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង មានប្រសាសន៍ថា រដ្ឋសភា មិនអាចផ្តល់ឯកសារ នេះ ទៅក្រុមអង្គការសង្គមស៊ីវិលបានទេ ដោយថាឯកសារ កំពុងស្ថិតនៅគណៈកម្មការទី៨ពិនិត្យនៅឡើយ។

VODមិនអាចរកការបញ្ជាក់ពីប្រធានគណៈកម្មការទី៨ ឬគណៈគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ពីលោកស្រី  ឡោក ខេង បានទេ។

ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការស្នើនេះ ស្របតា​មគោលការណ៍នីតិរដ្ឋដែលឈរលើកមូលដ្ឋាន គណ​នេយ្យ​ភាពនិងតម្លាភាពក្នុងសង្គម ដែលថាក្នុងន័យនេះគណៈកម្មាធិការសិទ្ធិមនុស្សបានផ្តល់ជាអនុសាសន៍ថា កម្ពុជាគួរតែធានាឲ្យមានតម្លាភាពក្នុងដំណើរការធ្វើច្បាប់​ឬតាក់តែងច្បាប់ និងពិចារណាដាក់រាល់សេចក្តីព្រាង ឬស្នើច្បាប់ទាំ​ងអស់ឲ្យសាធារណៈជនអាចរកបាន ដើម្បីជួយសម្រួលដល់ការសន្ទនានិងការជជែកពិភាក្សាជាសាធារណៈ ដោ​យ​ប្រជាពលរដ្ឋជាមួយអ្នកតំណាងរបស់ពួកគាត់ ពិនិត្យល្អិតល្អន់ និងស៊ីជម្រៅ។

លិខិតដដែលចាត់ទុកថា ការប្រមូលរាល់មតិយោបល់តាមរយៈការពិគ្រោះយោបល់ពិតប្រាកដប្រកបដោយអត្ថន័យមុនពេលអនុម័ត គួរតែអនុវត្តជាប្រចាំចំពោះគ្រប់សេចក្តីព្រាង ឬស្នើច្បាប់ទាំងអស់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ