ប្រាក់ឈ្នួលអប្បបរមាសម្រាប់​កម្មករ​ក្នុង២០២០ គឺ១៩០ដុល្លារក្នុងមួយខែ​

ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួលអប្បបរមារ ប្រជុំ​សម្រេចប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២០ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។ (រូបភាព៖ ឃុត សុគន្ធ)

ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ប្រកាស​ថា​ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរនិងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០២០ គឺ​១៩០ដុល្លាក្នុងមួយខែ ដែលត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ។

កាលថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានជួបពិភាក្សាគ្នា ដើម្បីរកចំណុចរួមមួយក្នុងការកំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ២០២០ ដោយក្នុងនោះសហជីពស្នើ១៩៥ដុល្លារ ភាគីនិយោជកស្នើ១៨៦ដុល្លារ និងរដ្ឋាភិបាលបានស្នើ ១៨៧ដុល្លារ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ប្រាប់អ្នកសារព័ត៌មានក្រោយប្រជុំនៅក្រសួងការងារនាថ្ងៃទី២០ ខែកញ្ញានេះថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០២០ ត្រូវបានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបោះឆ្នោតយកតួ១៨៧ដុល្លារ ហើយលោករដ្ឋមន្រ្តីហ៊ុន សែន ថែមជូន៣ដុល្លារទៀត។

លោកបន្ថែមថា«ខ្ញុំគិតថានេះជាកាដូមួយដែលយន្តការត្រីភាគីរបស់យើងបានរៀបចំជូនបងប្អូនកម្មករ ហើយក៏ដូចជាកាដូមួយដែលសម្តេចតេជោនាយករដ្ឋមន្រ្តីរបស់យើងបានជូនកម្មករ និងជនរួមជាតិរបស់យើងនៅពេលមុនបុណ្យភ្ជុំបិណ្យ»

តំណាងភាគីខាងសមាគមរោងចក្រកាត់ដេរ GMAC លោក ណាង សុធី បានស្វាគមន៍ទៅនឹងការដំ​ឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករសម្រាប់ឆ្នាំ២០២០នេះ ដោយថា ចំនួន១៩០ដុល្លារនោះនឹងជួយសម្រួលទៅដល់ជីវភាពពួកគេបានមួយកំរិត និងខាងរោងចក្រក៏មានលទ្ធភាពរកស៊ីបាន។

ប៉ុន្តែតំណាងសមាគមរោងចក្ររូបនេះ ក៏ស្នើទៅរដ្ឋាភិបាលបញ្ចុះតម្លៃពន្ធលើប្រាក់ចំណេញ បញ្ចុះ​តម្លៃអគ្គិសនី និងស្នើឲ្យកម្មករបង្កើនផលិតភាពតាមរយៈកាត់បន្ថយថ្ងៃឈប់សម្រាកជាដើម។

លោក បន្ថែមថា៖«យើងដឹងហើយថា ប្រទេសយើងត្រូវគេមកវិនិយោគ ជាក់ស្តែងនោះតម្លៃប្រាក់ឈ្នួលយើងបានកើនលើសឡាវខ្ពស់ណាស់ហើយ។ បើប្រទេសវៀតណាមវិញតែ១៩០ដុល្លារទេ។ យើងស្នើវៀតណាមហើយ ។ ហើយម្យ៉ាងទៀត វៀតណាម បើលុយគេហើម គេនៅសល់តែ១៨៨ដុល្លារទៅ១៨៩ដុល្លារទេ។ ហើយពេលវេលាឈប់សម្រាកធ្វើការគេតិចជាងយើង ហេដ្ឋារចនាសម្ព័ន្ធគេល្អជាងយើង។ ប៉ុន្តែយើងអ្នកវិនិយោគយើងនឹងតស៊ូធ្វើយ៉ាងណាឲ្យដំណើរការទៅ និងកសាងសេដ្ឋកិច្ចជាតិ»

ចំណែកប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មិនពេញចិត្តនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនៅឆ្នាំនេះទេ ដោយថា អតិផរណាកើនឡើង ការរស់នៅរបស់កម្មករជួបភាពលំបាក និងមានបញ្ហាផ្សេងៗទៀត ។

ប្រធានសហភាពការងាររូបនេះបានឲ្យដឹងថា ភាគីសហជីពស្នើ១៣ដុល្លារសម្រាប់ដំឡើងប្រាក់ឈ្នួលជូនកម្មករនៅឆ្នាំ២០២០នេះ ប៉ុន្តែជាលទ្ធផលគឺឡើងបានតែ៨ដុល្លារប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖«ចំនួននេះគឺជាចំនួនមួយដែលអាចជួយកាត់បន្ថយការចំណាយរបស់កម្មករបានខ្លះ ប៉ុន្តែវាមិនអាចទៅដល់ការរស់នៅសមរម្យដូចអ្វីដែលបានកំណត់តាមការស្រាវជ្រាវថាប្រាក់ឈ្នួលរម្យរបស់កម្មករនយោជិតទាល់តែជាង២០០ដុល្លារ។ ហើយសូមបញ្ជាក់ផងដែរថា បើតាមការពិនិត្យគឺអតិផរណាឆ្នាំនេះឡើងខ្ពស់ដែររហូតទៅដល់៣ភាគរយ។ អីចឹងប្រាក់ឈ្នួលនេះគឺឡើងលើសអតិផរណាតែបន្តិចបន្តួចប៉ុណ្តោះ»

បើតាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង សហជីពបានស្នើសុំឲ្យដោះស្រាយបញ្ហាជាច្រើនចំណុចទៀតដូចជា ការផ្តល់អាហារថ្ងៃត្រង់ជូនកម្មករ ថ្លៃធ្វើដំណើរ ការបញ្ចុះ​តម្លៃទឹកភ្លើងនៅតាមតំបន់គោលដៅ និងចំណុច   ផ្សេងៗទៀត។ ចំណែកភាគីតំណាងនិយោជកក៏ស្នើសុំឲ្យបញ្ចុះតម្លៃពន្ធលើប្រាក់ចំណេញ បច្ចុះតម្លៃអគ្គសនី និងកាត់បន្ថយថ្ងៃឈប់សម្រាក ហើយលោកថាសំណើទាំងនោះរដ្ឋាភិបាលនឹងយកទៅពិភាក្សាដើម្បីដោះ​ស្រាយ។

​ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០១៩ គឺ​១៨២ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ