បទយកការណ៍៖ សិប្បករ​ផលិត​វត្ថុ​អនុស្សាវរីយ៍​បុរាណ​នៅសៀមរាប​​បារម្ភពីការបាត់បង់មុខរបរក្រោយទេសចរ​ធ្លាក់ចុះ

លោក ឈុំ សឿត សិប្បករផលិតព្រះភូមិ កូនផ្ទះបុរាណខ្មែរ និង កូនរទេះគោនៅ ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប

សៀមរាបជាខេត្តប្រវត្តិសាស្ត្រមួយ​របស់​កម្ពុជា ដោយបុព្វបុរសខ្មែរបានបន្សល់ទុកនូវមរតកបុរាណ ពិសេសប្រាង្គប្រាសាទ​ជាច្រើនលើទឹកដីមួយនេះ។ ក្រៅពីប្រាង្គប្រាសាទ ចំណេះជំនាញធ្វើឧបករណ៍បុរាណ ឬ​វត្ថុអនុស្សាវរីយ៍បុរាណខ្មែរ ដូនតាជំនាន់មុនក៏បានបន្សល់ទុកដល់ក្មេងជំនាន់ក្រោយផងដែរ។

ភូមិរហាល ក្នុងក្រុងសៀមរាប មានកូនខ្មែរអង្គរខ្លះចេះធ្វើគ្រឿងចម្លាក់ថ្ម ចម្លាក់ឈើ ​ ចម្លាក់ស្បែក។ ខ្លះចេះគូរគំនូផ្សេងៗ ចេះធ្វើឧបករណ៍បុរាណ ឬវត្ថុអនុស្សាវរីយ៍បុរាណខ្មែរដូចជា កូនរទេះគោតូចៗ ធ្វើខ្លុយ ធ្វើស្គរ ទ្រ ធ្វើកូនផ្ទះបុរាណ ឬ ព្រះភូមិតូចៗ សម្រាប់ដាក់តាំងនៅគេហដ្ឋាន សណ្ឋាគារ និងនៅតាមហាងជាដើម។

យ៉ាងនេះក្តី ម្ចាស់ស្នាដៃមួយចំនួនក្នុងភូមិនេះបាននាំគ្នាបោះបង់មុខរបរនេះ​បណ្តើរៗ ដោយកត្តាផ្សេងៗ ដូចជារកចំណូលបានតិចតួចមិនអាចដោះស្រាយជីវភាពបាន។ កត្តា​​ភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តសៀមរាបកាន់តែថយចុះ ហើយការគាំទ្រក៏ធ្លាក់ចុះ ព្រមទាំងកត្តាឈើមានតម្លៃសម្រាប់ធ្វើឧបករណ៍ទាំងនោះកាន់តែខ្សត់​។

អង្គុយក្នុងរោងសិប្បកម្មក្នុងភូមិ សិប្បករមួយរូប​ផលិតព្រះភូមិ កូនផ្ទះបុរាណខ្មែរ និងកូនរទេះគោ​នៅភូមិរហាល សង្កាត់នគរធំ លោក ឈុំ សឿត វ័យ ៤២ឆ្នាំ បានឱ្យដឹងថា លោកចាប់យកមុខរបរនេះជិត ២០ឆ្នាំមកហើយ។

សិប្បករ​រូប​នេះ ប្រាប់​បន្ត​ថា គ្រឿងវត្ថុអនុស្សាវរីយ៍បុរាណខ្មែរដែលលោកផលិតដំបូងឡើយ ​មានការគាំទ្រច្រើន ហើយអ្នកភូមិរហាលពីដើមឡើយមានប្រមាណ ៧០ភាគរយនាំគ្នាផលិតវត្ថុអនុស្សាវរីយ៍ទាំងនោះ ប៉ុន្តែ លោកថា បច្ចុប្បន្ន​ ថយចុះមកនៅប្រមាណ ៣០ភាគរយប៉ុណ្ណោះ។

លោក ឈុំ សឿត មានប្រសាសន៍ថា៖ «ខ្ញុំព្រួយបារម្ភច្រើនហើយ ព្រោះខ្ញុំរកស៊ីខាងនេះ គឺពឹងលើភ្ញៀវ បើអត់ភ្ញៀវខ្ញុំនឹងដូរមុខរបរផ្សេងហើយ។ រកការងារដូចជាកាលី ឬ កម្មករគេ ឈប់ធ្វើរបស់អីចេះៗ[ព្រះភូមិ ផ្ទះបុរាណ រទេះគោ] ព្រោះអីអត់មានភ្ញៀវនឹងលក់ឱ្យ»

លោក ឈុំ សឿត សិប្បករមួយរូប​ផលិតព្រះភូមិ កំពុងរៀបរាប់ប្រាប់អំពីការថយចុះនូវការគាំទ្រ គ្រឿងវត្ថុអនុស្សាវរីយ៍បុរាណខ្មែរ

សិប្បកររូបនេះ ឱ្យ​ដឹង​ទៀត​ថា ផ្ទះបុរាណខ្មែរ ឬ​ព្រះភូមិបុរាណ​ លោកអាចធ្វើរយៈពេល​ចាប់​ពី ៧ថ្ងៃទៅ ១០ថ្ងៃ ហើយតម្លៃវិញពីជាង ១០០ដុល្លារ រហូតដល់ប្រមាណ ៣០០ដុល្លារសហរដ្ឋអាមេរិក។

មិនឆ្ងាយពីរោងសិប្បកម្មក្នុងភូមិប៉ុន្មាន សិប្បករមួយរូបទៀតដែលជាអ្នកផលិតឈើច្រត់​ និងរទេះគោតូច និងធំសម្រាប់ដាក់តាំងបង្ហាញនៅតាមហាង ឬ​សណ្ឋាគារ​ ​ លោក រឿត រ៉ង រៀបរាប់ថា បច្ចុប្បន្ន​ ការផលិតវត្ថុអនុស្សាវរីយ៍ទាំងនេះ ពិតជាមានការថយចុះប្រាកដមែន។

សិប្បកររូបនេះ ប្រាប់​បន្ថែម​ថា ប្រសិនបើ​ភ្ញៀវទេសចរមកច្រើន ហើយការកម្មង់ទិញ​នឹងកើនឡើង ប៉ុន្តែ នៅពេលភ្ញៀវធ្លាក់ចុះការបញ្ជាទិញក៏ធ្លាក់ចុះ រហូតធ្វើឱ្យអ្នកភូមិមួយចំនួន បោះបង់ចោលមុខរបរនេះបណ្តើរៗ ហើយលោកក៏បារម្ភខ្លាច​អាជីពមួយនេះ ត្រូវបានបាត់បង់ទាំងស្រុង ប្រសិនបើគ្មានការគាំទ្រច្រើន។

លោក រឿត រ៉ង សិប្បករ ឈើច្រត់​ និងរទេះគោ តូច ធំ សម្រាប់ដាក់តាំងបង្ហាញនៅតាមហាង ឬ​សណ្ឋាគារ​ ​កំពុង រៀបរាប់អំពីការផលិតវត្ថុអនុស្សាវរីយ៍មានការថយចុះ ដោយសារការធ្លាក់ចុះភ្ញៀវទេសចរ

លោក រឿត រ៉ង រៀបរាប់​ថា៖ «រឿងនេះ អាស្រ័យទៅលើការគាំទ្រ ការស្គាល់ និងការស្រលាញ់របស់ខ្មែរយើងបុរាណ។ ខ្ញុំក៏ចង់ឱ្យគេស្គាល់ថារបស់ខ្មែរយើងជារបស់បុរាណមួយដែរ តែមិនដឹងថាអាចរក្សាដល់យូរប៉ុណ្ណាទៀតទេ។ វា(មុខរបរនេះ) ប្រឈមនឹងការបាត់បង់ហើយ វាមិនអាចតទៅមុខបានទៀតទេ។ ប្រសិនបើមិនមានការគាំទ្រ វានឹងបាត់បង់»

សិប្បករដដែល ឱ្យដឹងថា រទេះគោតូចៗ ទំហំ ២តឹក លោកអាចធ្វើមួយថ្ងៃបាន​មួយ ឬ​ពីរ ហើយតម្លៃ ១០ដុល្លារ ។ លោកថា បើរទេះគោធំ​​សម្រាប់ដាក់បង្ហាញតាមភោជនីយដ្ឋាន ឬ​សណ្ឋាគារ​ទំហំជាង ១ម៉ែត្រ ទៅជាង ២ម៉ែត្រ​ គឺមានតម្លៃ ៣០០​ដុល្លារ រហូតដល់ ៥០០​ដុល្លារអាមេរិក ដោយត្រូវចំណាយរយៈពេល​ប្រមាណមួយខែ។

អតីតសិប្បករផលិតវត្ថុអនុស្សាវរីយ៍ដែលមានវ័យជាង ៦០ឆ្នាំមួយរូបទៀត លោក សួន ប៉ូយ អះអាងថា លោកជាអ្នកចាប់ផ្តើមផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ​មួយរូប​ដំបូងគេក្នុងភូមិ ប៉ុន្តែ លោកត្រូវបង្ខំចិត្តបោះបង់អាជីពនេះប្រមាណ ៣ឆ្នាំមកហើយ ដោយសាររកចំណូលបានតិចតួចពេកមិនអាចដោះស្រាយជីវភាពក្នុងគ្រួសារបាន។

សិប្បករ​ជើង​ចាស់​រូប​នេះ ប្រាប់​ថា បច្ចុប្បន្នប្រកបមុខរបរជាជាងធ្វើផ្ទះឲ្យពលរដ្ឋក្នុងភូមិ សិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ខ្មែរបុរាណនេះ នឹងអាចប្រឈមការបាត់បង់នៅពេលខាងមុខផងដែររ។

អតីតសិប្បករផលិតវត្ថុអនុស្សាវរីយ៍ លោក សួន ប៉ូយ បានបោះបង់អាជីពនេះប្រមាណ ៣ឆ្នាំមកហើយ ដោយសាររកចំណូលបានតិចតួចពេកមិនអាចដោះស្រាយជីវភាពក្នុងគ្រួសារបាន

លោកបន្តថា៖ «ខ្ញុំថា នឹងអាចបាត់បង់ មូលហេតុសំខាន់គឺថាគ្រឿងវត្ថុធាតុដើមដែលយើងត្រូវធ្វើ ដូចថាឈើ ដូចជាភ្ញៀវមិនសូវមានអីចេះ គ្នាមកអង្គុយធ្វើម៉េចកើត ដាច់[ភ្ញៀវ]តែមួយខែ គឺដាច់[ពោះ] ហើយ មុខរបរនេះនឹងលះបង់ចោលហើយ។ មិនអាចមកអង្គុយធ្វើឱ្យបានទេ ព្រោះជីវភាពគ្នារកស៊ីរាល់ថ្ងៃបានចិញ្ចឹមតែក្រពះទេ។ បើយើងខំធ្វើតែសិប្បកម្មនេះ អត់មានបានអីប្រាក់ចំណូលទេ »។

អាជីវករមួយរូប​ដែល​លក់វត្ថុអនុសោវរីយ៍​ខ្មែរបុរាណនៅក្រុងសៀមរាប លោក ផែន តារា បានលើកឡើងថា លោកទទួលផលិតផលធ្វើអំពីគ្រឿងឈើ​ពីពលរដ្ឋមិនសូវដាច់ឡើយក្នុងរយៈចុងក្រោយនេះ។

លោក តារា ប្រាប់ថា មូលហេតុមិនសូវដាច់ អាចមានកត្តាមួយចំនួន ដូចជាកត្តាភ្ញៀវទេសចរមកលេងខេត្តសៀមរាបធ្លាក់ចុះខ្លាំង។ បញ្ហាសេដ្ឋកិច្ចរបស់ពលរដ្ឋ បញ្ហាផលិតផលទាំងនោះ មិនបានធ្វើឱ្យប្រសើរបន្ថែមទៀត ឬកែច្នៃឱ្យមានលក្ខណៈប្លែកៗជាដើម។

លោក ផែន តារា បន្តថា៖ «កាលមុន នៅពេលទីផ្សារដើរហ្នឹង ដោយសារយើងបោះនៅទីផ្សារនៅប៉ោយប៉ែតផង ទៅអីផង កាលហ្នុងពូអ្នកប្រមូលទិញសឹងតែទាំងអស់ នៅហ្នុងរទេះគោអី។ ប៉ុន្តែលូវ ហ្នឹងទីផ្សារធ្លាក់ចុះអីចឹង ហើយនិយាយទៅឥវ៉ាន់របស់យើង វានៅតែដដែលៗហ្នឹង ហើយដល់ឥវ៉ាន់នាំចូលពីគេគឺមានប្លែក។ ដល់អីចឹងយើងមិនដឹងធ្វើម៉េច ការបារម្ភរបស់យើងចេះតែបារម្ភហើយៗ ពូហ្នឹងលក់ក៏មិនដាច់ដែរ»

ទិន្នន័យ​របស់​គ្រឹះស្ថាន​អង្គរ ​ដែល​​គ្រប់​គ្រង​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ ​​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ​នៅ​ចន្លោះ​ខែ​មករា​ដល់​ខែ​សីហា​មានចំនួនជាង ១លាន ៥​សែននាក់។

ចំនួននេះ ​​​ធ្លាក់​ចុះ​​ប្រហែល ១១​ភាគរយ និងធ្វើឱ្យចំណូលពីការលក់សំបុត្រ ​ធ្លាក់​ចុះ​​ជិត ១២​ភាគរយ បើធៀបរយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកនាំពាក្យក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម លោក អ៊ុំ សូថា មានប្រសាសន៍ថា កន្លងមក ខាងក្រសួងក៏បានលើកទឹកចិត្ត និងជួយជ្រោយជ្រែមសិប្បករនៅខេត្តសៀមរាបជាហូរហែ ដោយថា រាល់ពេលមានពិធីផ្សេងៗ ខាងក្រសួងតែងផ្តល់ឱកាសឱ្យពួកគាត់បានដាក់បង្ហាញ និងលក់ស្នាដៃរបស់ខ្លួន។

លោកបន្តថា ចំពោះបញ្ហាឈើសម្រាប់ធ្វើគ្រឿងអនុស្សាវរីយ៍ទាំងនោះ នៅពុំទាន់មានបញ្ហាចោទខ្លាំងនោះទេ ហើយបញ្ហាភ្ញៀវទេសចរធ្លាក់ចុះវិញ ខាងក្រសួងពាក់ព័ន្ធ ពិសេសក្រសួងទេសចរ ក៏បានពិភាក្សា និងរកវិធីដោះស្រាយហើយដែរ។

លោក អ៊ុំ សូថា បន្តថា៖ «អីចឹងក្រសួងឧស្សាហ៍កម្មកន្លងមកក៏បានជួយតាមរូបភាពផ្សេងៗ ដូចយកផលិតផលរបស់ពួកគាត់មកផ្សព្វផ្សាយ នៅពេលមានការតាំងពិព៍រណ៌អី យើងតែងតែឱ្យគ្រប់ខេត្តហ្នឹង ប្រមូលយកផលិតផលរបស់ពួកគាត់មកចូលរួមតាំងបង្ហាញ។ ទីពីរយើងសុំឱ្យពួកគាត់ តាមរយៈមន្ទីរដែរ គឺនៅពេលពួកគាត់មានផលិតផលអីចង់ផ្សព្វផ្សាយ ក្រសួងយើងមានវេបសាយមួយទៀត ដើម្បីដាក់ចូលផ្សព្វផ្សាយ»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បង្ហាញការសោកស្តាយពេលឮការលើកឡើងរបស់សិប្បករទាំងនោះ ត្បិតពួកគាត់បានរួមចំណែកថែរក្សាវប្បធម៌ និងបានបង្ហាញអត្តសញ្ញាណជាតិខ្មែរ ឱ្យអន្តរជាតិបានស្គាល់តាមរយៈស្នាដៃរបស់ពួកគេ ប៉ុន្តែ ត្រូវប្រឈមបញ្ហាដែលនឹងអាចឈានទៅបោះបង់មុខរបររបស់ខ្លួនបែបនេះ។

លោក វន់ ពៅ ប្រាប់​ថា៖ «អ្វីដែលការសោកស្តាយមួយទៀត យើងបារម្ភ ខ្លាចបាត់បង់អត្តសញ្ញាណជាតិរបស់យើង ព្រោះអត្តសញ្ញាណជាតិរបស់យើងសម្គាល់ទៅលើក្បាច់រចនាខ្មែរហ្នឹងផងដែរ។ ហើយការព្រួយបារម្ភរបស់ខ្ញុំមួយទៀត​ទាក់ទង​នឹងកំណើនភ្ញៀវទេសចរ ដែលមានការធ្លាក់ចុះ ដោយសារវាទាក់ទងបញ្ហាហ្នឹង។ បើសិនភ្ញៀវទេសចរថយចុះ គឺធ្វើឱ្យបាត់បង់ការផលិតរបស់បុរាណដែលមានក្បាច់រចនាបែបខ្មែរហ្នឹងឯង»

លោក វន់ ពៅ ស្នើឱ្យក្រសួងពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់លើបញ្ហានេះ ត្បិតលោកថា កន្លងមក​ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះសិប្បករខ្មែរ ដែលរួមចំណែកថែរក្សាអត្តសញ្ញាណជាតិនៅមានកម្រិត។ លើសពីនេះ លោកចង់ឱ្យរដ្ឋាភិបាលមានគោលការណ៍ផ្តល់កញ្ចប់ថវិកាទ្រទ្រង់ដល់ម្ចាស់សិប្បកម្មទាំងនោះ ឬ អាចផ្តល់ជាប្រាក់​ខែជូនពួកគាត់ និងផ្សព្វផ្សាយស្នាដៃរបស់ពួកគេឱ្យបានកាន់តែទូលំទូលាយ។

ក្រៅពីរដ្ឋ លោក វន់ ពៅ ក៏ចង់ឃើញពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រស្នាដៃរបស់ម្ចាស់សិប្បកម្មទាំងនោះ ដើម្បីជាការលើកទឹកចិត្ត ឱ្យពួកគាត់អាចបន្តអាជីព​នេះ និងរួមចំណែកថែរក្សាអត្តសញ្ញាណជាតិដល់ក្មេងជំនាន់ក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ