ក្រសួងយុត្តិធម៌ ដក​ក្រឡាបញ្ជីសាលាឧទ្ធរណ៍ម្នាក់ចេញពីតំណែង

ក្រសួងយុត្តិធម៌

ក្រសួងយុត្តិធម៌បានដកតំណែងក្រឡាបញ្ជីសាលាឧទ្ធរណ៍ម្នាក់ចេញពីក្របខណ្ឌរាជការរបស់ក្រសួង ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ តទៅ ព្រោះប្រព្រឹត្តខុសផ្នែកវិន័យធ្ងន់ធ្ងរ  ។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងយុត្តិធម៌ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឱ្យដឹងថា ក្រសួងបានបណ្ដេញក្រឡាបញ្ជីសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញលោក ទេព ធីរិទ្ធ ចេញពីមុខតំណែងរាជការក្របខណ្ឌក្រសួងយុត្តិធម៌។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា  មូលហេតុដែលក្រសួងដាក់ពិន័យដោយការបណ្ដេញក្រឡាបញ្ជីសាលាឧទ្ធរណ៍លោក ទេព ធីរិទ្ធចេញ បន្ទាប់ពីក្រុមប្រឹក្សាវិន័យរកឃើញថា លោក ទេព ធីរិទ្ធ បានប្រព្រឹត្តខុសផ្នែកវិន័យធ្ងន់ធ្ងរ។   ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌រូបនេះ សុំមិនធ្វើអត្ថាធិប្បាយលម្អិតពាក់ព័ន្ធនឹងរឿងនេះទេ ដោយលោកថា វាប៉ះពាល់កិត្តិយសលោក​ទេព ធីរិទ្ធ។

លោក មានប្រសាសន៍ថា៖«នេះជាការងារផ្ទៃក្នុងរបស់ស្ថាប័ន  វាពាក់ព័ន្ធដល់កិត្តិយសមន្ត្រី។ អ៊ីចឹង គោលការណ៍ច្បាប់យើងមិនអាចផ្សព្វផ្សាយប្រាប់ជាសាធារណៈបានទេ  គ្រាន់តែដឹងថាជាកំហុសផ្នែកវិន័យធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការបំពេញ​ការងារវិជ្ជាជីវៈរបស់គាត់»។

ការបណ្ដេញក្រឡាបញ្ជីសាលាឧទ្ធរណ៍លោក ទេព ធីរិទ្ធ ចេញពីមុខតំណែង ធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០០១៩  ក្រោយរកឃើញថា ក្រឡាបញ្ជីរូបនេះជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

យ៉ាងណាក៏ដោយវីអូឌីមិនអាចសុំការបញ្ជាក់ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង ជុំវិញការឃាត់ខ្លួនលោក ទេព ធីរិទ្ធ បន្ថែមបានទេ ដោយលោកថាទូរសព្ទដែលខលទៅមិនមែនជាលេខរបស់អ្នកយកព័ត៌មានវីអូឌី។ វីអូឌី មិនអាច​សុំការអត្ថាធិប្បាយពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឃាង សេង បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ប្រធានគណៈកម្មការកម្ពុជាឯករាជ្យប្រយុទ្ធប្រឆាំងអំពើពុករលួយ លោកស្រី ម៉ម ស៊ីថា​ មានចាត់ទុកវិធានការរបស់ក្រសួងនេះថា ជាសញ្ញាមានមួយ ប៉ុន្តែលោកស្រីថា ដើម្បីឱ្យមានប្រសិទ្ធភាពជាងនេះ ក្រសួងយុត្តិធម៌ត្រូវធ្វើខ្លួនឱ្យទៅជាស្ថាប័នឯករាជ្យមុនសិន។

​អ្នកស្រី ថា៖«គួរតែបង្ហាញយន្តការចាត់ការទៅលើចៅក្រមទាំងអស់គួរតែបង្ហាញ។ ចាត់ការចៅក្រមនេះបន្ទាប់ពីទទួលបានពាក្យបណ្ដឹងត្រូវតែចាត់ការអញ្ចេះ បើកទូលាយមក ហើយមួយទៀត កុំឱ្យយល់ខ្សែគឺយើងអនុវត្តទូទៅបុគ្គលណាក៏អនុវត្តអ៊ីចឹង»។

ក្រសួងយុត្តិធម៌ ធ្លាប់មានវិធានការលើមន្ត្រីតុលាការចំនួន ២ នាក់ ក្នុងនោះ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង លោក  អ៊ង រី ត្រូវបានដកតំណែងកាលពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៩។ ចំណែកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក លោក ជា ពេជ្រ ត្រូវបានផ្អាកការងារជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០១៩។

វិធានការរបស់ក្រសួងយុត្តិធម៌នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហរម៉ឺងម៉ាត់ដោយអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ