ឯកអគ្គរដ្ឋទូតថ្មីអាមេរិកយកការពង្រឹងទំនាក់ទំនងនិងការ​គាំទ្រប្រជាជនកម្ពុជា​ជាកិច្ចការអាទិភាពក្នុង​អាណត្តិ​របស់​ខ្លូន​

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ចូលរួម​សែនព្រេនព្រះភូមិ នៅក្នុងស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy ចាត់ទុកការ​​ពង្រឹងចំណងមិត្តភាព និងការ​គាំទ្រប្រជាជនកម្ពុជាជាកិច្ចការអាទិភាពសម្រាប់រូបលោក​​​ ។

ក្រោយការចាប់​ខ្លួនលោក កឹម សុខា ការ​​រំលាយ​គណបក្សសង្រ្គោះជាតិ​នៅឆ្នាំ២០១៧ និងក្រោយការបោះឆ្នោត​កាលពីខែកក្កដាឆ្នាំ២០១៨  សហរដ្ឋអាមេរិកបាន​រិះគន់ថា​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាកំពុងដើរថយក្រោយ និងទាមទារឱ្យរដ្ឋាភិបាលស្តារឡើងវិញ។​ ឯភាគីកម្ពុជា ចោទថាអាមេរិកជាអ្នកនៅពីក្រោយក្រុមអតីតបក្សសង្គ្រោះជាតិក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បាន​មកដល់​ប្រទេសកម្ពុជា​កាលពីថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ ភ្លាមៗបន្ទាប់ពីបានជាន់ដីកម្ពុជាក្នុងតួនាទីជាឯកអគ្គរដ្ឋទូត លោក Patrick Murphy បាន​សរសេរសារលើ​ទំព័រ Twitter ដោយភ្ជាប់ជាមួយវីដេអូនៃការមកដល់របស់ខ្លួនថា លោកទន្ទឹងរង់ចាំពង្រឹងទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា។

អ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិក លោកស្រី Zeeberg ប្រាប់វីអូឌីបន្ថែម​តាមសារអេឡិចត្រូនិចកាលពីម្សិលមិញ​ថា៖«កិច្ចការអាទិភាពរបស់លោក Patrick Murphy ក្នុងអណត្តិរបស់លោកក្នុងប្រទេសកម្ពុជា មានរាប់បញ្ចូលការពង្រឹងទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា និងការគាំទ្រប្រជាជនកម្ពុជា។ លោកទន្ទឹងរង់ចាំការប្រកាសខ្លួនចូលកាន់តំណែងនាពេលដ៏ខ្លីខាងមុខ និងជួបប្រាស្រ័យទាក់ទងមន្រ្តីរដ្ឋាភិបាល សង្គមស៊ីវិល និងភាគីពាក់ព័ន្ធនា​នា​»។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តីនៅម្សិលមិញ​ថា កម្ពុជានៅតែចាត់ទុកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយអាមេរិកជាចំណុចអាទិភាព។  លោក ថាកម្ពុជាមិនប្រកាន់នោះទេចំពោះសកម្ម​ភាពរបស់សមាជិកសភាអាមេរិកមួយចំនួនក្នុងការគាំទ្រសកម្មភាពក្រុមអតីតបក្សប្រឆាំងដែលលោកចាត់ទុកថាជាពួកភេវរករចង់​ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ មានប្រសាសន៍បន្ថែមថា៖«រាជរដ្ឋាភិបាលកម្ពុជានៅតែជាប្អូនស្រីដ៏ល្អស្មោះស្ម័គ្រជាមួយសហរដ្ឋអាមេរិក ក៏ដូចជាជាមួយប្រទេសចិន។ យើង មិនដាក់ខ្លួនយើងទៅជាអ្នកធ្វើសឹកជាមួយសហរដ្ឋអាមេរិក ក៏យើង​​​មិនដាក់ខ្លួនយើងជាអ្នកធ្វើសឹកសង្គ្រាមជាមួយនឹងចិនដែរ។ គឺយើងចង់បានអ្វីទៅដែលជាទិដ្ឋភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺប្រឹងប្រែងគ្រប់បែបយ៉ាង នៅក្នុងកិច្ចថែរក្សាសន្តិភាព និងស្ថេរភាពរបស់កម្ពុជា។ គឺពង្រឹងដំណើរការលទ្ធិប្រ​ជាធិបតេយ្យឱ្យបានដើរប្រកបដោយថាមពលស្វាហាប់»។

អ្នកជំនាញ​គោលនយោបាយលោក អៀ សុផល មើលឃើញថា ឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រាកដជាព្យាយាមពង្រឹងទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា ក្នុងឱកាសដែល​ប្រទេសទាំងពីរប្រកាសឆន្ទៈក្នុងការស្តារទំនាក់ទំនងឲ្យល្អនឹងគ្នាឡើងវិញ។

លោក សុផល ប្រាប់ វីអូឌី តាមសារអេឡិចត្រូនិចថា៖ «លោក Murphy ប្រាកដជាព្យាយាមពង្រឹងទំនាក់ទំនងអាមេរិក-កម្ពុជាហើយនេះជាពេលវេលា​នៃរាត្រីទឹកឃ្មុំរវាងអាមេរិក និងកម្ពុជា ក្នុងកម្រិតណា​មួយ ព្រោះថា​ភាគី​ទាំងពីរកំពុងខិតខំស្តារទំនាក់ទំនង​រវាងគ្នានិងគ្នាឡើងវិញ​។ តែលោកក៏នឹងមិនបំភ្លេចលោក កឹម សុខា ដែរ។ លោកអាចនឹងប្រើដំណោះស្រាយស្ងប់ស្ងាត់មួយ និងផ្តោតលើចក្ខុវិស័យវិជ្ជមាននៃទំនាក់ទំនងរវាងអាមេរិក-កម្ពុជា ឧទា​ហរណ៍ដូចជា តើកម្ពុជារកបានប៉ុន្មានពាន់លានដុល្លារក្នុងការរកស៊ី​ជាមួយអាមេរិក»។         

លោក សុផល បន្ថែមថា លោក Murphy នឹងប្រើដំណោះស្រាយលើបញ្ហាទំនាក់ទំនងអាមេរិក-កម្ពុជា ខុសពីឯកអគ្គរដ្ឋទូតផុតអាណត្តិ លោក William A. Heidt និងថា រដ្ឋាភិបាលកម្ពុជា ដឹងច្បាស់ថាខ្លួនមិនអាចចាប់យកមហាអំណាចចិន ឬអាមេរិកតែម្ខាងៗនោះទេ។ លោក លើកឡើងទៀតថាការបិទល្បែងភ្នាល់គ្រប់ប្រភេទតាមប្រព័ន្ធអនឡាញ ការហាមឃាត់មិនឱ្យជនបរទេសប្រកបរបរខ្នាតតូចនិងមធ្យម១០មុខ ការបញ្ជាក់ជំហរដាច់ខាតថាកំពង់ផែទឹកជ្រៅសមុទ្ររាមគ្មានវត្តមានយោធាចិន នាពេលថ្មីៗនេះ និងការទម្លាក់ចោល​បទចោទលើស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ គឺជាតឹងតាងបញ្ជាក់ថា កម្ពុជា ត្រូវការអាមេរិក។​

លោក Patrick Murphy  មាន​ដើម​កំណើត​នៅ​រដ្ឋ Vermont។ លោក បាន​ធ្វើ​ការ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ឋានៈ​ជា​ឧបការី​រង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ដើម្បី​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ