ទឹក​ជំនន់​សម្លាប់​មនុស្ស​ ១៥​នាក់ និង​ប៉ះ​ពាល់​ប្រជា​ពលរដ្ឋ​ជាង ៩​ម៉ឺន​គ្រួសារ

បុរស​ម្នាក់​ធ្វើ​ដំណើរកាត់​ទឹក​ជំនន់ ហើយ​​ក្មេង​ប្រុស ២​នាក់ លេង​ទឹក​ ដែល​ជន់​លិច​ទំនប់​បង្ហៀរ​ទឹក​អូរពូល ស្ថិត​ក្នុង​ខេត្ត​រតនគិរី ដែល​អាជ្ញាធរ​អះអាង​ថា ទឹក​ជំនន់​បាន​កើន​ឡើង​ខ្ពស់​ដល់​ទៅ ១៨៧​មីលីម៉ែត្រ ដែល​គំរាម​កំហែង​ដល់​ទំនប់​ទឹក​មួយ​នេះ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩។ រូបថត៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម

តួលេខ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ(គ.ជ.គ.ម.) បង្ហាញ​ថា ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស ១៥​នាក់ ក្នុង​នោះ​មាន​កុមារ ៧​នាក់​ផង​ដែរ ហើយ​ពលរដ្ឋ​ជាង ៩​ម៉ឺន​គ្រួសារ បាន​រង​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់ ដែល​បាន​វាយ​ប្រហារ​ខេត្ត​ចំនួន ៨ របស់​កម្ពុជា ចាប់​តាំង​ពី​ដើម​ខែ​កញ្ញា​នេះ។

តួលេខ​ដែល​ឱ្យ​ដោយ គ.ជ.គ.ម. កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បង្ហាញ​ថា ទឹក​ជំនន់​បាន​វាយ​ប្រហារ​លើ​ស្រុក​ចំនួន ៤៩ នៅ​ខេត្ត​កំពង់ធំ ព្រះវិហារ បណ្ដា​ខេត្ត​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ មាន​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ និង​បណ្ដា​ខេត្ត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម មាន​ខេត្ត​កណ្ដាល និងព្រៃវែង។

គ.ជ.គ.ម. បាន​លម្អិត​ថា ទឹក​ជំនន់ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​មនុស្ស​​ដល់​ទៅ​ជាង ៣៦​ម៉ឺន​គ្រួសារ​នៅ​តាម​បណ្ដា​ខេត្ត​ទាំង ៨​នោះ ក្នុង​នោះ​ពលរដ្ឋ​ដល់​ទៅ​ជាង ១១,០០០​គ្រួសារ ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​ទីទួល​សុវត្ថិភាព។

ក្រៅ​ពី​ប៉ះ​ពាល់​លើ​មនុស្ស​ហើយ​នោះ គ.ជ.គ.ម. បាន​ឱ្យ​ដឹង​ទៀត​ថា ទឹក​ជំនន់​ក៏​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ​ចំនួន ៦៧​ខ្នង​ក្នុង​ចំណោម​ផ្ទះ​សម្បែង​ជាង ៧​ម៉ឺន​ខ្នង​ដែល​រង​ទឹក​ជំនន់ ប៉ះ​ពាល់​សាលារៀន ៣៥២​កន្លែង សត្វ​ពាហនៈ​ជាង ៣​ម៉ឺន ៧​ពាន់​ក្បាល ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​ទីទួល​សុវត្ថិភាព និង​បំផ្លាញ​ស្រូវ​ស្រែ​ជាង ១,៤០០​ហិកតា។

បើ​តាម​តួលេខដដែល​នេះ មនុស្ស​យ៉ាង​ហោចណាស់ ១៥​នាក់ បាន​ស្លាប់​ពាក់​ព័ន្ធ​នឹង​ទឹក​ជំនន់ ហើយ​មនុស្ស ៥​នាក់​ទៀត បាន​រង​របួស​ដោយសារ​ពស់​ចឹក ខណៈ​ដែល​ទឹក​ជំនន់​នេះ ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​សរុប​ដល់​ទៅ​ជាង ៣៦​ម៉ឺន​នាក់​។

អ្នក​នាំ​ពាក្យ​ គ.ជ.គ.ម.​ លោក កែវ វី បាន​ប្រាប់​តាម​តេឡេក្រាម​កាល​ពី​ថ្ងៃ​សុក្រ​កន្លងម​ក​ថា ស្ថាប័ន​របស់​លោក​នៅ​មិនទាន់​អាច​វាយ​តម្លៃ​បាន​នៅ​ឡើយ​ទេ​អំពី​ទំហំ​នៃ​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​រយៈ​ជិត ៣​សប្ដាហ៍​មក​នេះ ហើយ​លោក​ថា ការ​វាយ​តម្លៃ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោយ​ទឹក​ជំនន់។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​រូប​នេះ អះអាង​ថា ទំហំ​នៃ​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ មិន​មាន​វិសាលភាព​ធំធេង​ដូច​គ្រោះ​ទឹក​ជំនន់​កាល​ពី​ ៨​ឆ្នាំ​មុន​នោះ​ឡើយ នៅ​ពេល​កម្ពុជា​ទទួល​រង​គ្រោះ​ដោយ​ព្យុះ​កេតសាណា ដែល​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ២៤៧​នាក់ និង​បង្ខំ​ឱ្យ​ប្រជា​ពលរដ្ឋ​ដល់​ទៅ ៥​ម៉ឺន​គ្រួសារ ផ្លាស់​ទី​ទៅ​កាន់​ទីទួល​សុវត្ថិភាព ខណៈ​ដែល​ផល​ដំណាំ​ប្រជា​ពលរដ្ឋ​ខ្ទង់ ២៧​ម៉ឺន​ហិកតា បាន​រង​ការ​ខូច​ខាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ