អង្គរក្សរបស់​លោក សម រង្ស៊ី មិនរំពឹងទទួលបានយុត្តិធម៌ ក្រោយជនមិនស្គាល់មុខវាយបែកក្បាល

លោក ពូក ចន្ដា ប្រធានក្រុមអង្គរក្សរបស់លោក សម រង្ស៊ី ដែលត្រូវបានជនមិនស្គាល់មុខពីរនាក់លួចវាយពីក្រោយ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ (ប្រភព៖ សកម្មជនបក្សប្រឆាំង)

​ប្រធាន​ក្រុម​អង្គរក្ស​របស់លោក សម រង្ស៊ី ត្រូវ​បានជន​មិន​ស្គាល់មុខ​ពីរ​នាក់លួច​វាយពីក្រោយ បណ្តាលឲ្យរងរបួសបែកក្បាលហូរឈាម​កាលពីម្សិលមិញ ខណៈដែលអង្គរក្សរូបនេះដើរត្រឡប់មកពីផ្សារម្នាក់ឯងបម្រុងទៅផ្ទះ។

ប្រធានក្រុមអង្គរក្សរបស់លោក សម រង្ស៊ី គឺ លោក ពូក ចន្ដា ប្រាប់វីអូឌីនៅ​ថ្ងៃ​នេះ​ថា កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២២ ខែកញ្ញាមានជនមិនស្គាលមុខ ២នាក់ បានជិះម៉ូតូមិនស្គាល់ម៉ាក និងពាក់មួយសុវត្តភាពជិត បានយកដំបងដែកមកវាយលោកពីក្រោយទាំងមិនដឹងខ្លួន ហើយថា ក្រោយលួចវាយរួច ជនល្មើសទាំងនោះបានជិះម៉ូតូរត់គេចខ្លួនបាត់អស់។

 លោក ពូក ចន្ដា បញ្ជាក់ថា ហេតុការណ៍​ហិង្សា​នេះ កើតឡើងចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ពី​ទីស្នាក់ការធំរ​គណបក្សសង្គ្រោះជាតិ​ ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ប្រធានក្រុមអង្គរក្សអតីតមេដឹកនាំ​បក្សឆាំងស​រូប​នេះ អះអាងថា របួសក្បាលដែលជនល្មើសលួចវាយនោះ ត្រូវបានពេទ្យ​ដេរអស់ប្រាំថ្នេរ ហើយថា ក្រោយ​កើតហេតុ លោក​បាន​ប្តឹង​ករណីនេះទៅប៉ុសិ៍នគរបាលសង្កាត់ចាក់អង្រែពីបទមនុស្សឃាត។

លោក ពូក ចន្តា បន្ថែមថា៖ «ខ្ញុំដាក់ពាក្យបណ្តឹងទៅម្សិលមិញហើយ។ ខ្ញុំដាក់ពាក្យទៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ឲ្យដឹងលឺ ដោយខ្ញុំប្រាប់គេថា មានជនល្មើសពីរនាក់វាលួចវាយយើងពីក្រោយ និងធ្វើមនុស្សឃាតដល់អាយុវជីវិតយើង។ គ្រាន់តែដាក់ពាក្យឲ្យគេដឹងលឺទេ។ បើគេស្រាវជ្រាវរកមុខជនដៃឱ្យ​យើង គេរកទៅ ប៉ុន្តែ មិនងាយទេនៅស្រុកយើង»

លោក ពូក ចន្តា អះអាងថា លោក​មិន​ធ្លាប់​មាន​ជម្លោះ​ជាមួយ​អ្នកណាពីមុននោះ​ទេ ប៉ុន្តែ សព្វថ្ងៃ​នេះ លោកជាអ្នកយាមផ្ទះឱ្យ​លោក សម រង្ស៊ី នៅសង្កាត់ចាក់អង្រែក្រោម។

ប្រធានក្រុមអង្គរក្សរបស់លោក សម រង្ស៊ីរូបនេះ សុំមិនឆ្លើយសំណួរ​ដែលត្រូវ​សួរថា តើអំពើហិង្សារលើរួមគាត់នោះជាប់ពាក់ព័ន្ធរឿងអ្វីនោះ ហើយលោកក៏មិនរំពឹងទទួលបានយុត្តិធម៌សម្រាប់ខ្លួនផងដែរចំពោះអំពើហិក្សាមួយនេះ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ប្រាប់វីអូឌីថា សមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះ ដោយលោកថា ពុំមានការរើសអើងចំពោះអ្នកមាននិន្នការនយោបាយទៅខាងបក្សណាមួយឡើយ។

លោក ឆាយ គឹមឃឿន មាន​ប្រសាសន៍​ថា​៖ «សូមបញ្ជាក់ថា អ្នកណាក៏ដោយឱ្យ​តែជនរងគ្រោះ គឺសុទ្ធតែត្រូវការពារដោយច្បាប់ ហើយសមត្ថកិច្ចយើងការពារដូចគ្នា និងអ្នកណាក៏ដោយ​ឱ្យ​តែជាជនល្មើស គឺសមត្ថកិច្ចយើងត្រូវតែស្វែងរកចាប់មកអនុវត្តច្បាប់ដោយមិនប្រកាន់ថា គាត់ពីមុនមកជាអ្នកការពារ សម រង្ស៊ី ទេ។ ពលរដ្ឋខ្មែរណាក៏ដោយឱ្យ​តែធ្វើខុសគេស្រាវចាប់ខ្លួនដូចគ្នាហ្នឹង»

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា មួយរយៈចុងក្រោយនេះ សកម្មភាពចាប់ខ្លួន និងការបង្ក​ហិង្សាទៅសកម្មជនគណបក្សប្រឆាំង មានសភាពកាន់តែធ្ងនធ្ងរ ដែលលោកចាត់ទុកករណីនេះថា ជាការគំរាមកំហែងទៅលើសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងទាំងនោះ។

លោក អំ សំអាត បានបង្ហាញការព្រួយបារម្ភចំពោះការធ្វើទុកបុកម្នេញទៅលើអ្នកគាំទ្រគណបក្សប្រឆាំងនេះផងដែរ ដោយថា ប្រសិនបើករណីនេះនៅតែបន្តកើតមានតទៅទៀត វា​នឹងធ្វើឲ្យមានការរិះគន់ពីអន្តរាជាតិ ហើយធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP របស់សហរដ្ឋអាមេរិក ដែលប្រទេសមហាអំណាចទាំងនោះ កំពុងដាក់លក្ខខណ្ឌឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យឡើវិញនោះ។

លោក អំ សំអាត បន្ថែមថា៖ «យើងមានការព្រួយបារម្ភ ព្រោះយើងមើលស្ថានភាពចុងក្រោយនេះ វាមានការវិវត្តកាន់តែធ្ងន់ធ្ងរទៅជាពិសេសការចាប់ខ្លួន និងការបង្កហិង្សាទៅលើអតីតសកម្មជនបណបក្សប្រឆាំង ហើយយើងបានការបារម្ភណាស់ ក្រែងករណីនេះបន្តកើនឡើងទៀតវានាំឲ្យមានការរិះគន់កាន់តែធ្ងន់ធ្ងរពីសំណាក់អន្តរជាតិ ហើយមួយទៀតយើងបារម្ភខ្លាចវាប៉ះពាល់ដល់ EBAដែលគេកំពុងដាក់លក្ខខណ្ឌឲ្យកម្ពុជាស្តាឡើងវិញនៅប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រកាសថា សមាជិករបស់ខ្លួន ២៦នាក់ហើយ ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារ ខណៈដែលសង្គមស៊ីវិលរកឃើញថា សមាជិកបក្សប្រឆាំងជាង ១៥០នាក់ ត្រូវបានកោះហៅទៅសួរនាំពាក់ព័ន្ធបញ្ហានយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ