ប្រធានសហជីពនៅ​ Naga World ត្រូវក្រុមហ៊ុនព្យួការងារបន្ទាប់ពី​គ្រោងដឹកនាំសមាជិក​ធ្វើយុទ្ធនាការដំឡើងប្រាក់ឈ្នួល

ប្រធានសហជីពប្រចាំនៅ Naga World កញ្ញា ឈឹម ស៊ីថរ ក្នុងសកម្មភាពដឹកនាំសមាជិកធ្វើយុទ្ធនាការដំឡើងប្រាក់ឈ្នួល (រូបភាព៖ ហ្វេសប៊ុក កញ្ញា ឈឹម ស៊ីថរ)

​ប្រធានសហជីពម្នាក់ប្រចាំនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ត្រូវបានព្យួការងារ បន្ទាប់ពីក្រុមហ៊ុនមួយនេះដឹងថាក្រុមបុគ្គលិកគ្រោងធ្វើយុទ្ធនាការទាមទារឲ្យថៅកែដំឡើងប្រាក់ឈ្នួលសមរម្យ​។

ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ប្រាប់វីអូឌីថា កញ្ញាត្រូវបានក្រុមហ៊ុនព្យួរការងារកាលពីចុងសប្តាហ៍មុន បន្ទាប់ពីនាងបានទៅសួរនាំភាគីក្រុមហ៊ុនពាក់ព័ន្ធរឿងសន្តិសុខរបស់ក្រុមហ៊ុនដកហូតអាវយឺតដែលបោះពុម្ភដោយសហជីព។

ប្រធានសហជីពរូបនេះ រៀបរាប់ថាសហជីពបានបោះពុម្ភអាវយឺតមួយចំនួនដោយសសរពាក្យ​ថា «ក្រុមហ៊ុនរីកចម្រើនបុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ» ដើម្បីចែកជូនឲ្យបុគ្គលិកពាក់ត្រៀមធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួល។ កញ្ញា បន្តថា នៅវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែកញ្ញា បុគ្គលិកម្នាក់បានដាក់អាវយឺតនោះក្នុងកាបូបបម្រុងដើរចូលក្រុមហ៊ុន ហើយត្រូវបានសន្តិសុខឆែកឃើញក៏ដកហូតអាវនោះចេញ។

កញ្ញា ឈឹម ស៊ីថរ បន្តថា ក្រោយឃើញសន្តិសុខដកហូតអាវនោះ នាងក៏បានទៅសួរនាំពីមូលហេតុ ហើយបន្ទាប់មកប្រធានផ្នែកគ្រប់គ្រង់ធនធានមនុស្សរបស់ក្រុមហ៊ុនបានចេញមកចចារ ប៉ុន្តែនិយាយមិនត្រូវគ្នាទេ ដោយភាគីក្រុមហ៊ុនលើកហេតុផលថាការពាក់អាវនោះ នឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់ និងខុសបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។

ប្រធានសហជីពប្រចាំនៅ Naga World កញ្ញា ឈឹម ស៊ីថរ បន្ថែមថា ក្រោយនិយាយចរចារគ្នាមិនត្រូវ នាងក៏ចូលទៅធ្វើការងារវិញ ប៉ុន្តែត្រូវក្រុមហ៊ុនដកហូតកាតការងារ និងព្យួរការងារនាង និងបុគ្គលចំនួន២៧នាក់ផ្សេងទៀត។ ក្នុងពេលនោះធ្វើឲ្យបុគ្គលិកផ្សេងទៀតបានផ្ទុះការតវ៉ា ហើយក្រុមហ៊ុសម្រេចឲ្យបុគ្គលិក២៧នាក់ចូលធ្វើការងារធម្មតាវិញ ប៉ុន្តែលើកលែងនាងម្នាក់មិនឲ្យចូលនោះទេ។

កញ្ញា បន្ថែមថា៖«រឿងនេះវាអយុត្តិធម៌សម្រាប់ខ្ញុំណាស់ ខ្ញុំមិនអាចទទួលបានទេ។ ការព្យួរការងារសហជីពដែលតំណាឲ្យកម្មកររាប់ពាន់នាក់នេះ គឺជាការរើសអើងខ្លាំងបំផុតមកលើសជីព ពីសំណាក់ក្រុមហ៊ុន Naga World»។

កញ្ញា ឈឹម ស៊ីថរ បានឲ្យដឹងថា ក្រោយព្យួរការងាររយៈពេល៦ថ្ងៃរួចមក នៅម៉ោង៤រសៀលនេះ ភាគក្រុមហ៊ុនបានអនុញ្ញាតឲ្យរូបនាង និងក្រុមការងារ៧នាក់ផ្សេងទៀតចូលជួប ដើម្បីដោះស្រាយរឿងនេះ។

ប្រធានសហជីពរូបនេះ អះអាងថាប្រសិនពុំមានដំណោះស្រាយទេ ក្រុមការងារសហជីពនឹងដាក់ញត្តិទៅក្រសួងការងារឲ្យជួយអន្តរាគមន៍ទាំងរឿងព្យួរការងារ និងការទាមទារដំឡើងប្រាក់ឈ្នួល ដោយថាសហជីពបានប្រមូលស្នាមេដៃជាង៣ពាន់ស្នាមមេដៃហើយដើម្បីត្រៀមដាក់ទៅក្រសួងការងារ។

បុគ្គលិកផ្នែកចែកបៀររបស់ក្រុមហ៊ុន Naga World អ្នកស្រី រី សុវណ្ណឌី និយាយថា បុគ្គលិករបស់ក្រុមហ៊ុន Naga World  ធ្លាប់បានដាក់សំណើរសុំឲ្យថៅកែដំឡើងប្រាក់ឈ្នួលសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ ៣០០ដុល្លារ និងផ្នែកកាស៊ីណូ ៥០០ដុល្លារ ដោយភាគីក្រុមហ៊ុនបានសន្យាផ្តល់ចម្លើយ៣ខែក្រោយ ប៉ុន្តែក្រុមហ៊ុនមិនបានធ្វើតាមការសន្យាទេ ដែលជាហេតុធ្វើឲ្យបុគ្គលិកត្រៀមធ្វើយុទ្ធនាការទាមទារបែបនេះ។

អ្នកស្រី រី សុវណ្ណឌី បានទាមទារទៅក្រុមហ៊ុន ណាហ្គា វើលដ៍អនុញ្ញាតឲ្យប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ចូលបំពេញការងារក្នុងកាស៊ីណូវិញ ដោយថាសហជីពរូបនោះមិនមានកំហុសនោះទេ។

បុគ្គលិកផ្នែកចែកបៀររូបនេះ បានចាត់ទុកករណីក្រុមហ៊ុនព្យួការងារប្រធានសហជីពនោះថា ជាការគេចវេសមិនចង់ដំឡើងប្រាក់ឈ្នួលជូនបុគ្គលិក ហើយថាប្រសិនបើពុំមានការដោះស្រាយសមស្របទេពួកគេនឹងបន្តការតវ៉ាតាមសន្តិវិធីទៀត។

អ្នកស្រី បន្ថែមថា៖«យើងធ្វើការនៅក្រុមហ៊ុន Naga World ហ្នឹងគឺយើងត្រូវរស់នៅក្នុងទីក្រុងភ្នំពេញសុទ្ធតែតំបន់ដែលផ្ទះជួលថ្លៃ អីវ៉ាន់ឡើងថ្លៃ។ អីចឹងសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយ និងជំរុញឲ្យក្រុមហ៊ុគោរពច្បាប់ ជាពិសេសសិទ្ធិរបស់សហជីពហ្នឹង»

ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិរបស់ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកស្រី ឌី សីហា សុំមិនឆ្លើយតបពាក់ព័ន្ធករណីនេះទេ ដោយអ្នកស្រីប្រាប់ថាកំពុងរវល់ប្រជុំ។

វិអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានទេជុំវិវាទការការងារនៅក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World)។

បើតាមប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ក្រុមបុគ្គលិក រក្សាជំ​ហរមិនធ្វើការងារនៅថ្ងៃបុណ្យភ្ជុំរយៈពេល៣ថ្ងៃខាងនោះទេ បើទោះបីជាភាគីក្រុមហ៊ុនព្រមានដល់បុគ្គលិកទាំងឡាយណាដែលហ៊ានឈប់សម្រាកថ្ងៃភ្ជុំបិណ្ឌនោះនឹងត្រូវបញ្ឍប់ពីការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ