កម្ពុជានាំអង្ករចេញទៅអឺរ៉ុបធ្លាក់៣២ភាគរយប៉ុន្តែ​ទៅចិនកើនជាង៥០ភាគរយរយៈពេល៨ខែ

អង្ករគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងហាងមួយកន្លែង ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ណាត សុភាព

កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារនៃសហភាពអឺរ៉ុបធ្លាក់ចុះប្រមាណ៣២ភាគរយ ប៉ុន្តែកើនឡើងជាង៥៤ភាគរយ សម្រាប់ទីផ្សារនៃប្រទេសចិន គិតត្រឹមរយៈពេល៨ខែដើមឆ្នាំ ២០១៩ ធៀបទៅនឹងការនាំចេញក្នុងរយៈពេលដដែលនៃឆ្នាំ ២០១៨។

តាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយថ្ងៃម្សិលមិញ គិតត្រឹមចុងខែសីហាឆ្នាំនេះ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានចំនួន ១២០ ០៨៥តោន ធ្លាក់ចុះពី ១៧៦ ៨៣៧តោន ស្មើនឹង៣២,០៩ភាគរយ នាំចេញទៅកាន់ទីផ្សារចិនបានចំនួន ១៣២ ៩៤៧តោន កើន​ឡើងពី ៨៦ ១១៤តោន ស្មើនឹង ៥៤,៣៨ភាគរយ ឯទីផ្សារនៃតំបន់អាស៊ាន និងប្រទេសផ្សេងទៀត កើនបានតិច​តួច ហើយបើគិតពីតួលេខសរុប កើនបាន០,១៣ភាគរយ។

អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េន លើកឡើងថា មូលហេតុនៃការធ្លាក់ចុះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប គឺដោយសារអឺរ៉ុបបានដាក់ចេញរនាំងពន្ធគយថ្មី Safeguard លើស្រូវអង្ករនាំចូលពីកម្ពុជា ដើម្បីការពារផលប្រយោជន៍កសិករប្រទេសអ៊ីតាលី។

លោកបន្ថែមថា ការធ្លាក់ចុះនេះត្រូវទីផ្សារចិនស្រូបទាញយកស្ទើរទាំងស្រុង ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងចិន និងគុណភាពប្រកួតប្រជែងនៃស្រូវអង្ករកម្ពុជា។

លោក លន់ យ៉េន មានប្រសាសន៍ប្រាប់ វីអូឌី ថា៖«ចំណែកដែលបាត់បង់គឺចិនមកក្តោបយកទៅអស់ហើយ។ មានន័យថា វាអាចធ្វើឱ្យ Offset [ទូទាត់] គ្នា ដែលបរិមាណនៃការដែលថយចុះ[ខាង]អឺរ៉ុប ប៉ុន្តែកំណើនមកចិន។ ចឹងយើង​មើលប​រិ​មាណនៅចេញសរុបគឺយើងប្រហាក់ប្រហែលគ្នានៅឆ្នាំមុនដោយសារ​មានទីផ្សារចិនជំនួស»

អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាដែលទើបជាប់ឆ្នោតថ្មីនេះ បញ្ជាក់ថា បញ្ហានៃការធ្លាក់ចុះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប មិនពាក់ព័ន្ធរឿងនយោបាយនោះទេ តែដោយសារអឺរ៉ុបបានដាក់កត្តាព្វកិច្ចពន្ធ១៧០អឺរ៉ូក្នុងមួយតោនលើអង្ករនៅចូលពីកម្ពុជា និងភូមា។ យ៉ាងណាលោកក៏បារម្ភពីវិធានការផ្តាច់ EBA ពីសហភាពអឺរ៉ុប ដែលពាក់ព័ន្ធនឹងបញ្ហានយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។

ប្រធាន​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បារម្ភអំពីនិរន្តភាពនៃទីផ្សារស្រូវអង្ករចិនសម្រាប់កម្ពុជា ខណៈការនាំចេញទៅសហភាពអឺរ៉ុប ដែលជាទីផ្សារធំសម្រាប់ផលិតផលស្រូវអង្ករកម្ពុជា កំពុងជួបបញ្ហាជាមួយរនាំងពន្ធថ្មី និងប្រឈមការកាត់ផ្តាច់ប្រព័ន្ធ EBA។

លោក ថេង សាវឿន ឱ្យដឹងថា៖«យើងមិនដឹងថាចិននឹងបន្តទិញបែប[ស្រូវអង្ករខ្មែរ]យូរអង្វែងឬយ៉ាងម៉េច ទី១។ ទី២ យើងមើលប្រសិនបើរយៈពេលនៃការទិញហ្នឹងវាមានការ វាមិនទាន់​អាចនិយាយ​​សន្និដ្ឋានបាន វាយតម្លៃសន្និដ្ឋានបានថា តើចិនហ្នឹងបន្តទិញយូរអង្វែងឬយ៉ាងម៉េច។ ហើយមួយវិញទៀត ប្រទេសចិនក៏ជាប្រទេសនៃការនាំចេញនូវផលិតផលស្រូវអង្ករទៅកាន់ប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែរ»

លោក សាវឿន បន្ថែមថា លោកចង់ឱ្យកម្ពុជា អាចរក្សាបានទីផ្សារនាំចេញស្រូវអង្ករទាំងទៅកាន់ប្រទេសអឺរ៉ុប និងប្រទេសចិន ដើម្បីរក្សាតុល្យយភាពតម្លៃស្រូវអង្ករសម្រាប់ប្រជាកសិករ ដោយលោកថា ក្រោយសហភាពអឺរ៉ុបយកពន្ធលើស្រូវអង្ករកម្ពុជា ប៉ុន្មានខែចុងក្រោយនេះ តម្លៃស្រូវអង្ករក្នុងស្រុកកំពុងត្រូវបានទម្លាក់ដោយឈ្មួញកណ្តាល។

ក្នុង​របាយការណ៍​នាំចេញ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ឆ្នាំ​២០១៨​អង្ករ​កម្ពុជា​ជិត ២៧​ម៉ឺន​តោន ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយ​​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា ដែល​មាន​ចំណែក​ដល់​ទៅ​ជាង ៤៣​ភាគរយ​នៃ​បរិមាណស្រូវអង្ករ​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស។

កាលពីថ្ងៃទី​១៧​ មករា​ ២០១៩ ​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​​លើ​អង្ករ​នាំ​ចូល​ពី​​កម្ពុជា​ និង​ភូមា​ ​ក្នុង​​រយៈ​ពេល៣​ឆ្នាំ​ជាប់​គ្នា រាប់ចាប់ពីថ្ងៃទី​១៨ ខែមករា​។ ភ្លាមៗមក ប្រទេសចិនបានព្រមផ្តល់កូតាទិញអង្ករពីកម្ពុជា ចំនួន២០ម៉ឺនតោនក្នុងឆ្នាំ២០១៩ និងចំនួន៤០ ម៉ឺនតោន ក្នុងឆ្នាំ ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ