មេធាវីការពារក្តីឲ្យ «ជួប សំលាប់» គ្រោងស្នើឲ្យពន្យារសវនាការ

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

មេធាវីម្នាក់ដែលត្រូវបានគណៈមេធាវីចាត់តាំងទៅការពារក្តីឲ្យឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ឲ្យដឹងថា ខ្លួនមានគម្រោងដាក់ពាក្យសុំពន្យារពេលចូលរួមសវនាការ ដែលគ្រោងធ្វើនៅថ្ងៃទី១ មីនាខាងមុខនេះ ដែលជាសំណុំរឿងឃាតកម្មលើ លោក កែម ឡី។

លោកមេធាវី យុង ផានិត ឲ្យដឹងថា លោកទទួលបានសំណុំរឿងនោះនៅថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៧នេះ ហើយ លោកកំពុងពិនិត្យថា ត្រូវដាក់ពាក្យពន្យារពេលឬចូលរួមសវនាតាមកាលកំណត់។

លោកបន្ថែម «ខ្ញុំបានជំរាបជូនហើយថា ប្រសិនបើសំណុំរឿងហ្នឹងវាមិនមានភាពស្មុគស្មាញទេ ខ្ញុំនឹងឡើងសវនាការ បើមានភាពស្មុគស្មាញទើបខ្ញុំសុំពន្យារពេល ព្រោះខ្ញុំត្រូវជួបពិភាក្សារជាមួយកូនក្តីខ្ញុំទៀត»។

កាលពីថ្ងៃទី៦ កុម្ភៈ តុលាការក្រុងភ្នំពេញបានកំណត់យកថ្ងៃទី១ មីនា ឆ្នាំ២០១៧នេះ ជាថ្ងៃបើកសវនាការលើសំណុំរឿងឃាតកម្មលោក កែម ឡី ក្រោយពីបានស៊ើបអង្កេតរយៈពេលជាង៦ខែមកនេះ។ សវនាការនោះមានលោក លាង សំណាត់ ជាចៅក្រមជំនុំជម្រះនិងលោក លី សុផាណា ជាតំណាងអយ្យការ។

ប្អូនប្រុសលោក កែម ឡី គឺ ​លោក កែម រិទ្ធិសិទ្ធ មានប្រសាសន៍ថា ក្នុងពេលសវនាការខាង មុននេះសាច់ញ្ញាត្តិមិនបានដាក់ឯកសារ ឬភស្ភុតាងអ្វីជូនតុលាការទេ ហើយលោកក៏មិនចូលរួមស្តាប់សវនាការនោះដែរ ដោយថាលោកមិនមានជំនឿលើប្រព័ន្ធតុលាការនោះទេ ប្រសិនបើតុលាការនៅតែបង្ហាញជនសង្ស័យ ឈ្មោះ ជួប សំលាប់ តែម្នាក់ដដែលបែបនេះ។

លោកបន្ថែមថា «មូលហេតុដែលយើងមិនចូលរួមដោយសារយើងមើលឃើញថា ឃាតកតែម្នាក់ ហើយដដែលៗ អញ្ចឹងឲ្យគេកាត់ក្តីយ៉ាងម៉េចក៏កាត់ទៅ ព្រោះនៅលើតុលាការហើយ។ បើសិនឲ្យយើងចូលរួមលុះត្រាតែគេមានឯកសារផ្សេងៗ មានសាក្សីផ្សេងឬក៏ភស្ភុតាងផ្សេង ជាពិសេសបញ្ចេញកាមេរ៉ាសុវត្ថិភាពសាធារណៈជាដើម»។

លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍ អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់» ដោយបានបន្ដឃុំខ្លួនក្រោមបទចោទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់។

មកដល់ពេលនេះមានរយៈពេលជិត១ឆ្នាំហើយសមត្ថកិច្ចនៅមិនវែកមុខ អ្នកនៅពីក្រោយឃាតកម្មនោះ មកដាក់ទោស និងមិនព្រមបង្ហាញកាមេរ៉ាសុវត្ថិភាពដែលថតពីសកម្មភាពឃាតកម្មនោះឲ្យសាធារណៈជនបានអស់មន្ទិលនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ