វិភាគ៖ តើការរុះរើគណៈរដ្ឋមន្ត្រីរបស់បក្សកាន់អំណាចអាចស្តាប្រជាប្រិយបានវិញទេ?

ក្រោយការបោះឆ្នោតឆ្នាំ២០១៣​គណប​ក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាចជាង៣០ឆ្នាំមកនោះបានបាត់បង់​អាសនៈអស់ចំនួន២២។

ការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាត្រូវអ្នកតាមដានសង្គមមើល​ឃើ​ញថាអាចបណ្តាលមកពីបក្ស​កាន់អំណាចមួយនេះមិនអាចទប់ស្កាត់បាននូវអំ​ពើពុករលួយ ការរំ​​លោ​ភដី​ធ្លី រំលោភសិទ្ធិ​មនុស្ស ប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ បាត់បង់ធ​នធាន​ធម្ម​ជា​តិ បញ្ហាព្រំដែន ភាព​អត់ការ​ងា​​រធ្វើ ប្រាក់​ខែម​ន្ត្រី​​រា​ជការតិចតួច ការផ្តល់សេ​វាយឺតយ៉ា​វ​ បង្កកា​រលំ​​​បាកដល់​ប្រ​ជា​ពលរដ្ឋជាដើម។

ម្យ៉ាងទៀតការបាត់បង់អសនៈចំនួន២២របស់បក្សកាន់អំណាចនេះ អ្នកវិភាគយល់ថាក៏ជាផ្នែកមួយ​នៃ​ការ​​​​បង្រួបបង្រួម របស់បក្សប្រឆាំង។

ប៉ុន្តែនៅពេលថ្មីៗនេះនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បាន​ធ្វើកំ​ណែទម្រង់​ស្ថាប័នរដ្ឋមួយចំនួន ដោយរុះរើសមាជិក​គណៈ​រដ្ឋមន្ត្រី​ខ្លះ។

កា​​រ​រុះរើនោះលោក ហ៊ុន សែន បានសម្រេចផ្លាស់ប្តូរតួនាទីមន្ត្រី២៤រូប ពីក្រសួងចំនួន៨ និងបញ្ចប់មុខងារ លោ​​ក ហោ ណាំហុង ជារដ្ឋមន្ត្រី​ក្រសួង​ការប​រទេស បញ្ចប់មុខងារ លោក គាត ឈន់​ ជាឧបនា​យករដ្ឋ​ម​ន្ត្រី​​​​ប្រចាំការ ផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន​ ទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ និង​តែ​ងតាំ​​ងលោក ជា សុផារ៉ា ធ្លាប់កាន់ក្រសួងអភិវឌ្ឍន៍ជនបទ មកជារដ្ឋមន្ត្រីក្រសួងរៀ​បចំដែនដីន​គរូប​នីយ​កម្ម និង​​សំណង់ជាដើម។

ការធ្វើកំណែទម្រង់នេះលោក ហ៊ុន សែន ធ្លាប់អះអាងថាជាវិធានការចាំបាច់របស់រដ្ឋាភិបាល។

តើការធ្វើកំណែទម្រង់នេះអាចធ្វើឲ្យបក្សកាន់អំណាចស្តា​ប្រ​ជាប្រិយភាពវិញបានទេ?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា វិភាគថាការធ្វើកំ​ណែទម្រង់រប​ស់រដ្ឋាភិបាល​ពេល​នេះ លោក​ថាមិនអាចទាក់ទាញប្រជាប្រិយភាពបានច្រើនទេដោយលោកថាមន្ត្រីដែលលោក​ ហ៊ុន សែន ធ្លាប់ថាជា​មនុស្ស​ស្ពឹក​ស្រ​​ពន់ នៅទុកឲ្យបន្តកាន់ការងារក្នុងស្ថាប័នរដ្ឋដដែល។

លោក ឯម សុវណ្ណរ៉ា វិភាគទៀតថាកំណែទម្រង់នេះរដ្ឋាភិបាលហាក់មើលរំលងពីការធ្វើកំ​ណែ​ទម្រង់​នៅ​​ថ្នាក់​ក្រោមជាតិ ដែល​លោកថាបញ្ហាជាច្រើនរបស់ព​លរដ្ឋ​​នៅ​ថ្នា​ក់មូល​ដ្ឋា​នដូ​ច​ការធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសេវា​តម្រូវការចាំ​បាច់មួយចំនួនទៀត លោ​កថា​​ក្រ​សួ​ង​ម​ហាផ្ទៃមិន​ទាន់ធ្វើឲ្យ​បានប្រសើរនៅឡើយ។

លោកបន្តថា៖ “គណៈរដ្ឋមន្ត្រីវាជាគោលដៅសំខាន់ហើយ ប៉ុន្តែមន្ត្រីថ្នាក់ជាតិទាំងអស់យើងមើលក្រសួ​ងមហា​ផ្ទៃបើ​​យើ​ង​និយាយថាអត់មានការរុះរើអត់មានពា​ក់ព័ន្ធទេ។ ប៉ុន្តែប្រជា​ពលរដ្ឋយើ​ងនៅថ្នាក់​ក្រោមអត់សូវស​ប្បា​យចិ​ត្តទៅនឹង​ទម្រង់បែបបទនៃការធ្វើការងារថ្នាក់ក្រោមជាតិដូចជាការធ្វើប័ណ្ណ សៀវភៅគ្រួសារ កន្លែ​ងខ្លះធ្វើបានល្អ កន្លែងខ្លះក៏អត់ទាន់បានដែរ យើងកុំនិយាយសង្កាត់ដែលគណបក្សកាន់អំណាចចាញ់ឆ្នោតសូ​ម្បី​​តែសង្កាត់​ដែលគណបក្សកាន់អំណាចឈ្នះឆ្នោតហ្នឹងក៏អត់ទាន់ធ្វើឲ្យដែរបាទ”។

អ្នកប្រឹក្សាយោបល់ឯករាជ្យលោកបណ្ឌិត ចាន់ វិបុល​ បង្ហាញពីការសាទរទៅនឹងការធ្វើកំណែទម្រង់រប​ស់​រ​ដ្ឋាភិបាល។ ប៉ុន្តែលោកថាកំណែទ​ម្រង់នេះហាក់ធ្វើឡើងបញ្ច្រាស​ទិសទៅ​នឹងក្រ​បខ​ណ្ឌអភិ​​​បា​​ល​​​កិច្ចបែបប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិដែលលោកថាគេតម្រូវឲ្យបញ្ជូនធន​ធានមនុ​ស្សនិង​កា​រផ្តល់​អំ​ណា​ចដល់ក្រុមប្រឹក្សាឃុំ សង្កាត់។

លោកបណ្ឌិត ចាន់ វិបុល វិភាគថាកំណែទង្រង់របស់រដ្ឋាភិបាលនៅពេលនេះលោកថាជាការទាញ​ប្រយោ​​ជន៍​នយោ​បាយ ច្រើនជាង។

លោកថា៖ “កំណែទម្រង់នេះខ្ញុំមើលឃើញមិនមែនជាការផ្លាស់ប្តូរទេ តែជាការពង្រីកចំនួនស្ថាប័នមាន​ន័យ​ថាមនុស្ស​មួយចំនួនដែលអស់កន្លែងដែលត្រូវទៅហើយ ទៅអង្គុយម្តុំរើសមនុស្សដែល​គាត់អត់មា​ន​មុ​ខងា​រពី​មុនហ្នឹងយកមកដាក់។ ខ្ញុំឃើញមានចំនុចល្អ ប៉ុន្តែពាក្យដែលខ្ញុំប្រើគឺខ្មែរយើងថាយុទ្ធសាស្ត្រ​មួយហៅថាស្តាយនិយមមានន័យ​ថា​លោកធ្វើយ៉ាង​ម៉េចគ្រប់គ្រងយន្តការដើម្បីរក្សាកម្លាំងរបស់អ្នកដែលត្រូវតែ​ទៅហើយតែ​យើងទប់​អំណាច​ហើ​យ យើងដាក់មនុស្សមកបន្ថែម ដើម្បី​បំប៉ោងការដឹកនាំ​ទៅវិញ។ អញ្ចឹងខ្ញុំឃើញថាការ​ដើរនេះ​ហាក់​បីដូ​ច​ជា​បញ្ច្រាសនយោបាយ”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាបើការរុះរើគណៈរដ្ឋ​មន្ត្រីនៅពេលនេះ​ធ្វើ​ឡើង​តាមខ្សែ​រយៈ​បក្ខពួកឬគ្រួសារនិយមទៀតនោះ លោកថារដ្ឋាភិបាលរិតតែពិ​បាក​ស្តា​ប្រ​​ជាប្រិ​យភា​ពរបស់ខ្លួន​ឡើងវិ​ញជាង​ពេលមុនៗទៅទៀតដោយលោកថាកំណែទម្រង់នេះធ្វើឲ្យមនុស្សមួយភាគធំក្នុងសង្គមមិនទទួលបានយុត្តិធម៌។

លោកបន្ថែមថា៖ “បើយើងពិនិត្យមើលប្រព័ន្ធដឹកនាំរបស់រដ្ឋនៅក្នុង​ប្រទេសរបស់​យើងនេះគឺវា​ចេញពីបក្ខ​ពួកនិយ​មនិងគ្រួ​សារ​និយម​ ហើយនៅក្នុងស្ថានភាពបែបនេះទោះបីជាកំណែទម្រង់ពីឋា​នព្រះឥន្ទមកក៏កែអត់​ចេញដែរ ព្រោះដោយសារអី​ ដោយសារបក្ខពួកនិយមនិងគ្រួសារនិយមហ្នឹងមិនអាចយកវិ​ធានការច្បា​ប់ណា​មួ​យទៅ​​ដាក់ឲ្យវាក្តៅ ហើយរក​យុត្តិធម៌នៅក្នុងប្រព័ន្ធហ្នឹងបានទេ”។

ទោះជាយ៉ាងណាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា វិភាគដែរថាការបាត់បង់អា​សនៈ​ក្នុង​សភា​កន្លងទៅបង្ហាញថាប្រជាពលរដ្ឋបានដកសេចក្តីទុកចិត្តពីបក្សកាន់អំណាចដ៏យូរមួយនេះ។ ​លោ​​​កថាដើម្បី​ស្តាប្រជាប្រិយភាពឡើងវិញបានបក្សកាន់អំណាចត្រូវប្រឹងរត់ជាងនេះដោយ​ធ្វើ​​យ៉ា​​ងណាឲ្យយុវជន​ដែលមានសិទ្ធិបោះឆ្នោតពី៦០ទៅ៧០ភាគរយនេះមានការងារធ្វើ ធ្វើឲ្យជីវភា​ពរបស់​នៅរ​បស់ពលរដ្ឋមន្ត្រីរាជការមានការ​ប្រែប្រួលដែលគួឲ្យទុក្ខចិត្តពីម្ចាស់ឆ្នោតបាន។

លោកថា៖ “ទី២របៀបរបបនៃការរស់នៅរបស់គាត់ហ្នឹងមានអីប្រែប្រួលទេ បើអត់ទេធ្វើ​ឲ្យទឹកចិត្តដែ​លគាត់លែ​ងគាំទ្រហ្នឹង វាអាចទាញមកវិញបានកម្រិតណាព្រោះគាត់បាន​បាក់ទឹក​ចិត្តយូរឆ្នាំហើយ  ហើយអាការធ្វើ​របស់យើងទើបនឹងបាន១ឆ្នាំ២ឆ្នាំ វាមិនទាន់លួងចិត្តគាត់បា​នគ្រប់គ្រាន់ទេ​។ អញ្ចឹងការ​ស្តាប្រ​ជាប្រិយភាពហ្នឹងវាត្រូវការ​សន្ទុះឲ្យមានការខិតខំឲ្យ​មានការប្រែប្រួលខ្លាំងបន្តិចបើថានៅក្នុងក​​ម្រិតនេះ​មិនទា​ន់ទេគេហៅថាមិនទាន់ធានានូវការគាំទ្រនិងស្តាប្រជាប្រិយ​ភាព​បានឡើ​ងវិញទេ​ខ្ញុំមិន​ទា​ន់ជឿ​ជាក់​ទេបាទ”។

យ៉ា​ងណាក៏ដោយទាំងអ្នកវិភាគនយោបាយនិងអ្នកស្រាវជ្រាវសង្គមព្រមានថាពលរដ្ឋនឹង​ជ្រើសរើសយក​មេដឹ​កនាំ​​ថ្មីនៅពេល​ខាងមុខ បើបក្សកាន់អំណាចបច្ចុប្បន្នមិនធ្វើឲ្យប្រព័ន្ធយុត្តិធម៌ឯករាជ្យ ធានាពី​សេរី​ភាព​បញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស ការរំលោភយកដីធ្លី និងអំពើពុករលួយជាដើមនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ