បទយកការណ៍៖ «មជ្ឈមណ្ឌលសិក្សាសហគមន៍» ជួយកាត់​បន្ថយអត្រា​សិស្ស​បោះបង់​ការសិក្សា​នៅ​ខេត្ត​ព្រៃវែងកុំឲ្យចំណាកស្រុកទៅថៃ

នៅក្នុងបន្ទប់រៀនមួយ ដែលមានសិស្សប្រមាណជាង១០នាក់ កំពុងផ្ចិតផ្ចង់ត្រង់ត្រាប់ស្ដាប់គ្រូបង្រៀនពី ជំនាញកាត់ដេរសំលៀកបំពាក់ សិស្សម្នាក់ក្នុងចំណោមនោះ គឺកញ្ញា យ៉យ ចាន់រ៉ន។ ស្ថិតក្នុងវ័យ១៨ឆ្នាំ និង​និយាយដោយទឹកមុខស្រស់ស្រាយ កញ្ញាថា សប្បាយចិត្ត ដែលមានឱកាសបានចូលរៀននៅ «មជ្ឈមណ្ឌលសិក្សាសហគមន៍» ឃុំជ្រៃ ខេត្ដព្រៃវែង។

ខណៈដៃទាំងពីរកំពុងមមាញឹករវៃម៉ាស៊ីនដេរ កញ្ញា យ៉យ ចាន់រ៉ន រៀបរាប់ថា កញ្ញាបាន​បោះបង់​ការ​សិក្សា​នៅសាលារដ្ឋត្រឹមថ្នាក់ទី៨ ដោយសារ គ្រួសារគ្មានលទ្ធភាពផ្គត់ផ្គង់ឲ្យបន្ដការសិក្សាបាន។ កញ្ញាថា មូលហេតុ នាំឲ្យកញ្ញាមករៀននៅមជ្ឈមណ្ឌលអភិវឌ្ឍជំនាញនេះ គឺដោយសារ​កញ្ញា​ចង់ចេះ​ជំនាញ​កាត់​ដេរឲ្យ​បានច្បាស់ ដើម្បីអាចប្រកបមុខរបរចិញ្ចឹមជីវិតទៅថ្ងៃមុខ។

កញ្ញាថា៖ «អត់ផង ចាស ខ្ញុំឈប់រៀនហើយ ខ្ញុំឈប់រៀនថ្នាក់ទី៨ ផ្ទះខ្ញុំអត់មានលទ្ធភាពឲ្យរៀន ម៉ែខ្ញុំនៅផ្ទះ។ ខ្ញុំចង់ទៅកាត់ដែរនៅភ្នំពេញ ហើយខ្ញុំចង់ចេះជំនាញនេះដែរ»។

កញ្ញាលើកឡើងថា កញ្ញាបានរៀនសូត្រច្រើនពីជំនាញកាត់ដេរនេះ ដោយថា បើពុំមាន «មជ្ឈមណ្ឌល​សិក្សា​​សហគមន៍ ឃុំជ្រៃ» ត្រូវបានបង្កើតឡើងទេ ម្ល៉េះសមកញ្ញា ត្រូវតែលតោល មិនបានសិក្សាជំនាញ​អ្វីនោះទេ។ កញ្ញានិយាយថា មិត្តភ័ក្ដិផ្សេងទៀតរបស់កញ្ញា ត្រូវបង្ខំចិត្តចាកចេញ​ពីខេត្ត​ព្រៃវែងដើម្បី​បន្ដការសិក្សាជំនាញនៅទីក្រុងភ្នំពេញ និងខ្លះទៀត​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ទៅធ្វើការនៅ​ប្រទេសថៃ។

កញ្ញាថា៖ «ខ្ញុំសង្ឃឹមថា ចេះដេរ ចេះកាត់ ចា ខ្ញុំសប្បាយចិត្ត ពេលគេបង្កើតសាលាឲ្យយើងរៀនឲ្យយើងរៀន សម្រាប់អ្នកឈប់រៀន ​(បោះបង់ការសិក្សា) ខ្ញុំសប្បាយចិត្ត ព្រោះអ្នកឈប់រៀន ដែលមិនបានចេះអី មករៀនចឹងទៅ មករៀនចឹងទៅ បានមានជំនាញ។ ខ្ញុំចង់ហៅគាត់មកដែរ តែខ្លះគាត់នៅរៀន អ្នកខ្លះទៅភ្នំពេញ អ្នកខ្លះទៅថៃ»។

កំពុងផ្ចិតផ្ចង់កៀបសក់ឲ្យមិត្តរួមថ្នាក់​ និងយកចិត្តទុក​លើការបង្ហាត់បង្ហាញ​របស់គ្រូជំនាញ​សិស្សម្នាក់​ទៀត​គឺ កញ្ញា អៀត ធីតា។ ឋិតក្នងវ័យ១៥ឆ្នាំ សព្វថ្ងៃ អៀត ធីតា កំពុងរៀននៅថ្នាក់ទី៦ នៃសាលាបឋមសិក្សា​ជ្រៃស្រុក​ស្វាយអន្ទរ និងស្ថិតក្រោមការមើលថែរបស់ជីដូនចាស់នៅផ្ទះ។ កញ្ញា​ ធីតា បានឲ្យដឹងថា ដោយសារ​បញ្ហាជីវភាពចេះតែខ្វះខ្វាត ឪពុកម្ដាយរបស់កញ្ញា បានចាកចេញទៅធ្វើការរកស៊ីនៅប្រទេសថៃ ដើម្បីរកប្រាក់កម្រៃមកចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កញ្ញា។

កញ្ញានិយាយថា ខ្លួនពេញចិត្តនឹងជំនាញ «សំអាងការ» នៅមជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំជ្រៃ ដោយ​កញ្ញាសង្ឃឹមថា ទៅថ្ងៃអនាគត នឹងអាចបើកហាងសំអាងការមួយ ដើម្បីមានមុខរបរផ្ទាល់ខ្លួន។

កញ្ញាថា៖ «ធ្វើធម្មតា ពេលខ្លះ ប៉ាខ្ញុំគាត់ទៅធ្វើការសំណង់ ហើយឥឡូវគាត់ទៅថៃហើយ គាត់ទៅទាំងពីរ។ សំអាងការ នៅរៀននៅហ្នឹងព្រោះ នៅហ្នឹងអត់យកលុយ ហើយនៅជិតផ្ទះ ហើយណាមួយម៉ាក់ខ្ញុំ គាត់ចង់ឲ្យខ្ញុំរៀនសំអាងការ ពេលធំទៅ គាត់ថា បើរៀនចេះ គាត់​បើកហាងតូចមួយឲ្យខ្ញុំ»។

លេខាធិការមជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំជ្រៃលោក សុខ ចន្នី បានឲ្យដឹងថា​មជ្ឈមណ្ឌលសិក្សា​សហគមន៍​ ឃុំជ្រៃនេះ បានចាប់ដំណើរការតាំងពីខែមេសា​ឆ្នាំ២០១៦ និងទទួល​បានជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​អាក់តិដ ព្រមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត។

លោកបន្ដថា ចាប់តាំងពីបង្កើតឡើង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញឃុំជ្រៃនេះ បាន​ទទួល​សិស្ស​ឲ្យ​ចូល​រៀនជាហូរហែរ ដោយថា ទោះបីមិនស្ថិតក្នុងចំនួនច្រើនក្ដី ប៉ុន្ដែលោកថាបាន​ជួយដល់​សិស្សដែល​បោះបង់ការសិក្សា ឲ្យងាកមកចាប់យកអាជីពផ្ទាល់ខ្លួន​និងទប់ស្កាត់កុំ​ឲ្យពួកគេបន្ដធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។

បើតាមលោក សុខ ចន្នី ក្នុងចំណោមប្រជាពលរដ្ឋ៨ពាន់នាក់ រស់នៅឃុំជ្រៃ ខេត្តព្រៃវែង​មានមនុស្ស​ប្រមាណ​៥ពាន់នាក់ បានសម្រេចចិត្តចាកចេញទៅធ្វើការនៅក្រៅប្រទេស​ ​ពិសេសនៅប្រទេសថៃ និងសល់ប្រមាណជាង ៣ពាន់នាក់ទៀត កំពុងធ្វើការរកស៊ីនៅក្នុងស្រុក។ លោកថា មូលហេតុ​នៃការ​ចំណាកស្រុក​ច្រើនដូចនេះ ដោយសារនៅខេត្តព្រៃវែង មិនសូវមានការងារធ្វើនិងថា​ អ្នកខ្លះចេញ​ទៅក្រៅប្រទេស ដោយចង់មានចង់បានទើបត្រឡប់មកវិញ។

លោកថា៖ «ការបង្រៀនខ្ញុំបានបញ្ជាក់ពីផលប្រយោជន៍ ឥឡូវអង្គការ។ ឥឡូវអង្គការគាត់បានសហការជាមួយអង្គការដៃគូ ព្រមទាំងក្រសួង គាត់បានមកយកចិត្តទុកដាក់ ឧបត្តម្ភគាំទ្រយើងជាសម្ភារៈបរិក្ខារច្រើនណាស់ គ្រប់សព្វ ហើយយើងគ្រាន់តែមករៀនសោះ យើងយកចំណេះ បើយើងទៅរកស៊ី អត់ទៀងទេ ខ្ញុំបានបញ្ជាក់អញ្ចឹង»។

ដោយមើលឃើញពីអត្រាបោះបង់ការសិក្សា និងចំណាកស្រុកច្រើនដូច្នេះ លោក សុខ ចន្នី បានប្ដេជ្ញាថា​នឹងជួយទ្រទ្រង់មជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំជ្រៃ ឲ្យកាន់តែរឹងមាំដោយថា ដើម្បីជួយដល់​ប្រជាពលរដ្ឋ និងយុវជន នៅក្នុងខេត្ដនេះ អាចចាប់យកជំនាញ ដើម្បីចិញ្ចឹមជីវិតរបស់ពួកគេ ជាជាងបន្ដផ្សងព្រេងទៅធ្វើការនៅក្រៅប្រទេស។

លោក ពក បញ្ញាពេជ្រ ជាប្រធានគម្រោងអប់រំក្រៅប្រព័ន្ធរបស់អង្គការអាក់តិដ ដែលធ្វើការលើ​ផ្នែកអប់រំ​ក្រៅប្រព័ន្ធ បានឲ្យដឹងថា ការអនុវត្តគម្រោងមជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំជ្រៃ បានបង្កើតឡើង​នៅឆ្នាំ​២០១៥ ដោយមានគោល​ដៅជួយដល់សិស្សានុសិស្សនិងប្រជាពលរដ្ឋ ដែលគ្មានការងារធ្វើឲ្យងាក​មកចាប់យកជំនាញ ដូចជា ផ្នែកសំអាងការ ជួសជុលម៉ូតូ ថ្នាក់អក្ខរកម្ម និងវង់ភ្លេងប្រពៃណី ជាដើម។

លោក ពក បញ្ញាពេជ្រ លើកឡើងថា នៅខេត្តព្រៃវែងនេះ មានមជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន១៤ ក្នុងនោះ មជ្ឈមណ្ឌលសិក្សាសហគមន៍១០ ជារបស់រដ្ឋ និងចំនួន៤ទៀត ជាគំនិតផ្ដួចផ្ដើម​របស់អង្គការ​ក្រៅរដ្ឋាភិបាល។ លោកអះអាងថា ក្នុងមួយឆ្នាំៗ មជ្ឈមណ្ឌលសិក្សាសហគមន៍ បានជួយបណ្ដុះ​បណ្ដាលធនធានមនុស្សប្រមាណជិត ៦០០នាក់ នៅខេត្តព្រៃវែងនេះ។

លោកថា៖ «ជាគោលដៅចំបង គឺយើងប្រមូលសិស្សដែលគាត់បោះបង់ការសិក្សា ហើយគាត់ចំណាកស្រុក ឧទាហរណ៍ជាក់ស្ដែង ថ្ងៃនេះ យើងបានអញ្ជើញ កូនសិស្សម្នាក់ដែលគាត់ ទើបមកពីប្រទេសថៃ។ គាត់បានចំណាកស្រុកច្រើនឆ្នាំហើយ ដោយសារគាត់អត់មានលទ្ធភាព ហើយគាត់អត់ដឹងថា ទៅរៀនជំនាញខ្លីនៅណា អញ្ចឹងធ្វើឲ្យគាត់ចំណាកស្រុក»។

ប្រធានគម្រោងអប់រំក្រៅប្រព័ន្ធរបស់អង្គការអាក់តិដ លោក ពក បញ្ញាពេជ្របន្ថែមថា នៅឆ្នាំចុង២០១៧​នេះ អង្គការអាក់តិដនឹងធ្វើសមាហរណកម្ម ដោយផ្ទេរ «មជ្ឈមណ្ឌលសិក្សាសហគមន៍ ឃុំព្រៃ» ឲ្យទៅ​រដ្ឋគ្រប់គ្រង់​ជំនួស ដោយថា អង្គការក្រៅរដ្ឋាភិបាលពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទ្រទ្រង់​មជ្ឈមណ្ឌល​នេះបានរហូតទេ ពោលគឺមានតែរដ្ឋប៉ុណ្ណោះ ដែលអាចធ្វើបាន។

អនុប្រធាននាយកដ្ឋានអប់រំក្រៅប្រពន្ធនៃក្រសួងអប់រំ យុវជន និងកីឡា លោក យាវ ផលសាយ បានសាទរ​ចំពោះការបង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍នេះឡើង ដោយលោកថា វាបាន​ជួយកាត់​បន្ថយ​ចំនួនសិស្សបោះបង់ចោលការសិក្សា ដោយងាកមកចាប់យក​ការសិក្សាជំនាញនៅក្នុងប្រទេសវិញ។

លោកបន្ថែមថា ការផ្ទេរមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំជ្រៃ ឲ្យក្រសួងអប់រំ យុវជន និងកីឡា គ្រប់គ្រង​បន្ដនោះ​​បច្ចុប្បន្នគឺកំពុងស្ថិតក្នុងនីតិវិធីស្នើសុំទៅក្រសួង និងថា លោក និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្ដ​ថែរក្សា មជ្ឈមណ្ឌលសិក្សានេះឲ្យគង់វង្ស ដើម្បីរួមចំណែក​ក្នុងការធ្វើ​កំណែទម្រង់ប្រព័ន្ធ​អប់រំ​របស់​រដ្ឋាភិបាល និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។

លោកថា៖ «បើតាមខ្ញុំមក និងស៊ើបសួរអ្នកដែលគ្រប់គ្រងនៅទីនេះ គាត់ថាមានមនុស្សច្រើនដែលត្រូវធ្វើចំណាកស្រុក។ ការបង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍ វាមានផលប្រយោជន៍ច្រើនណាស់ ចំពោះអ្នកដែលគ្មានឱកាស ដើម្បីផ្ដល់ឱកាស នៅពេលហ្នឹង ដើម្បីឲ្យគាត់បានចូលមករៀន តាមរយៈកម្មវិធីអក្ខរកម្ម កម្មវិធីសមមូលបឋមសិក្សាក្ដី ព្រោះកន្លែងនេះជាស្ពានសម្រាប់ជួយ»។

យ៉ាងណាក៏ដោយ ប្រធានគម្រោងអប់រំក្រៅប្រព័ន្ធរបស់អង្គការអាក់តិដ លោក ពក បញ្ញាពេជ្រគូសបញ្ជាក់ថា ក្រៅពីមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំជ្រៃនេះ អង្គការអាក់តិដ និងអង្គការពាក់ព័ន្ធ ក៏មានបំណងបន្ដអភិវឌ្ឍឲ្យមានគំរូមជ្ឈមណ្ឌលសិក្សាសហគមន៍បែបនេះ នៅតាមបណ្ដាខេត្តផ្សេងទៀតដោយថា ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោកថា៖ «ធ្វើបច្ចុប្បន្នភាព អ្វីដែលយើងបានធ្វើទៅថ្នាក់ដឹកនាំក្រសួង ដើម្បីឲ្យគាត់បានដឹង។ ដូច្នេះ​ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមរបស់គាត់ ធ្វើឲ្យមជ្ឈមណ្ឌលសិក្សាសហគមន៍យើង មាននិរន្ដរភាព»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ