អាជ្ញាធរថាមិនឲ្យមានទូដកលុយនៅសាធារណៈដោយបារម្ភពីអសន្តិសុខ

អតិថិជនកំពុងចាំដកលុយពីទូ ATM របស់ធនាគារអេស៊ីលីដា(គឹម ហុង)

អាជ្ញាធររាជធានីភ្នំពេញឲ្យដឹងថា ម៉ាស៊ីនដកប្រាក់របស់ធនាគារដែលដាក់នៅតាមទីសាធារណៈ នឹងត្រូវលុបបំបាត់ចោល ក្រោមហេតុផលថា ខ្លាចមានបញ្ហាអសន្តិសុខ។ នេះបើតាមកាសែតមួយដែល​ស្និទនឹងរដ្ឋាភិបាល ហើយបានដកខ្លឹមសារនៃកិច្ចប្រជុំរបស់សាលារាជធានីភ្នំពេញ កាលពីម្សិលមិញ។

អភិបាលរាជធានី លោក ប៉ា សុជាតិវង្ស ត្រូវបានកាសែតនោះដកស្រង់សំដីថា លោកមិនអនុញ្ញាតឲ្យដាក់ម៉ាស៊ីនដកប្រាក់ឬទូ ATM នៅតាមទីសារណៈទេ បើគ្មាន​អ្នក​ការ​ពារ​សន្តិសុខ។ លោកបានលើក​យកករណី ដែលមានការផ្ទុះ ម៉ាស៊ីនដកប្រាក់របស់​ធាគារ​កាណាឌីយ៉ា កាលពីចុងសប្តាហ៍មុន នៅជាប់របងពេទ្យកុមាជាតិ។

លោកថា៖ «ទូដកលុយ ATM គួរតែលុបបំបាត់ មិនគួរដាក់នៅតាមទីសាធារណៈនោះទេ បើមិនមានអ្ន​កការ​ពា​របង្កឲ្យមានបទល្មើស តែទូបើកលុយនេះបើអាចចល័ត បានអនុញ្ញាតិ។ ដូ​ច្នេះម​ន្ត្រីនិងសមត្ថកិច្ចយើងត្រូវសិក្សារួមគ្នាមួយ ដើម្បីលុបបំបាត់។ នេះវាផ្ទុះតែមួយទូ ចុះបើទូទាំ​ងអស់នៅតាមទីសាធារណៈ ត្រូវបានក្រុមជនល្មើ​សដាក់បំផ្ទុះនោះ វា​នឹងបង្កចលាចល​ពេញក្រុងទៅហើ​យទេ? ដូ​​ច្នេះត្រូវតែសិក្សារួមគ្នាឲ្យច្បាស់ មុននឹងឈានទៅដល់ការលុបបំបាត់ចោល ទូបើកលុ​យនៅតា​មទីសាធា​រណៈ​ទាំ​ងនេះ»។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានការពារថា ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស គឺគ្រាន់តែជាសារដើម្បីក្រើនរំឭក​ទៅដល់ម្ចាស់អាជីវកម្ម​ទាំងអស់ឲ្យមាន​ការចូ​លរួម​ជាមួយនិងអាជ្ញាធរ បើទោះជាការថែរក្សាសុវត្ថិភាពសាធារណ ជាភារកិច្ច​រ​ប​ស់​​អាជ្ញាធរក៏ដោយ។

អ្នកនាំពាក្យរូបនោះបន្តថា៖ «ព្រោះអីយើងអត់មានកម្លាំងនគរបាល ឬក៏កម្លាំង របស់យើងហ្នឹង ប្រចាំការគ្រប់កន្លែង គ្រប់២៤ម៉ោងទេ មានតែវិស័យឯកជនខ្លួនគាត់ហ្នឹង គាត់ត្រូវយកចិត្តទុក​ដាក់បន្ថែ​ម​ទៀត។​ យើងមើលឃើ​ញ ដូចជាធនាគារខ្លះ ឬមីក្រូហិរញ្ញវត្ថុខ្លះ គាត់មានដាក់ភ្នាក់ងារគាត់ម្នាក់ ឬជាសន្តិ​សុ​ខរបស់គាត់ ម្នាក់ឬពីរនាក់ គ្រាន់ជាភ្នែកជាច្រមុះ ក្នុងការមើកកា​រថែរទាំហ្នឹ​ងដែលជួ​យមើ​លពីសុវត្ថិ​ភាព​អ​​តិថជន របស់គាត់ ដែលចូលដក ATM ហ្នឹង ហើយក្នុងករណី មានបញ្ហាអីកើតឡើង គាត់​មា​នកា​រងាយ​ស្រួ​យទំនាក់ទំនងទៅអាជ្ញាធរ ឬសមត្ថកិច្ច ដើម្បីចាត់វិធានការបានទាន់ពេលវេលា»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ការត្អូញត្អែរពីការខ្វះកម្លាំ​ងសម្រាប់​ថែរក្សាសន្តិសុខសុវត្ថិភាពបែបនេះ លោកថាហាក់មិន​បានលើកទឹកចិត្តដល់​អ្នក​​វិនិ​យោ​គ​​នៅកម្ពុជាទេ។

លោក សន ជ័យ ថាជំរុញឲ្យមន្ត្រីរដ្ឋាភិបាលចុះបង្ក្រាបបទល្មើសឆក់ប្លន់នេះ ឲ្យមានប្រសិទ្ធភាពនិង​សក​ម្មដូចចុះទប់ស្កាត់អ្នកតវ៉ាបញ្ហាដីធ្លី។

លោកថា៖ «ជារូបភាពពីរខុសគ្នាមួយសម្រាប់សណ្តាប់ធ្នាប់សាធារណៈដែលទប់ស្កាត់ជាមួយពួកខិលខូចហ្នឹង គឺអាជ្ញាធរហ្នឹងមិនសូវពូកែទេ ពូកែបានតែជាមួយជនស្លូតត្រង់ ស្ត្រីបឹងកក់ បុរីកីឡា ឬក៏អ្នកដែលរងទុក្ខវទនា​ដោយសារ​អំពើអ​យុត្តិធម៌ក្នុ​ងសង្គមទេ ដែលអាជ្ញាធរហ្នឹងគេសកម្មជាមួយ»។

ទោះជាយ៉ាងណាអ្នកនាំពាក្យសាលារាជធានីភ្នំពេញអះអាងថា ការដែលក្រុមហ៊ុនបង្កើនកិច្ចសហ​កា​រល្អជាមួយអាជ្ញាធរ ជាប្រសិទ្ធភាពមួយទៀត ទប់ស្កាត់បទល្មើលទាន់ពេលវេលា។

ប៉ុន្តែសង្គមស៊ីវិលវិញហៅការអះអាងនេះថា​ ជាការគេចចេញពី​ការទទួលខុស​ត្រូវរប​ស់រ​ដ្ឋាភិបាលនិងជំរុ​ញ​ឲ្យ​ពិ​និត្យពីវិធានការនេះឡើងវិញ ដើម្បីផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋនិងអ្នកវិនិយោគ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ