វិភាគ៖ តើ​មូលហេតុ​អ្វី​ខ្លះ​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​ព្រួត​វាយ​មនុស្ស​លើ​ដង​ផ្លូវ​សាធារណៈ?

រូបភាព៖ បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​​កន្លង​មក បុរស​ម្នាក់​ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ដឹង​ថា ជា​សាស្ត្រាចារ្យ​នៅ​មហា​វិទ្យាល័យ​នោះ ត្រូវ​បាន​បុរស​មួយ​ក្រុម​ព្រួត​​វាយ​​រហូត​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​រថយន្ត​របស់​លោក បន្ទាប់​ពី​មាន​ការ​ចោទ​ថា បុរស​ម្នាក់​នោះ​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​​ដង​ផ្លូវ​សាធារណៈ​ និង​បើក​រត់​គេច​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

វីដេអូ និង​រូបថត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​បុរស​ជា​អ្នក​បើក​បរ​ប្រឡាក់​ទៅ​ដោ​យ​ឈាម​ ខណៈ​ដែល​បុរស​មួយ​ក្រុម​បាន​ទាត់​ផង​ធាក់​ផង និង​ខ្លះ​ទៀត​បាន​រើស​ដុំ​ថ្ម ឬ​ដុំ​ឥដ្ឋ​គប់​ទៅ​លើ​បុរស​ជា​អ្នក​បើក​បរ​នោះ ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ដឹង​ថា គាត់​ឈ្មោះ ស៊ុយ សារ៉េត ជា​គ្រូ​បង្រៀន​មហាវិទ្យាល័យ​។ ចំណែក​ឯ​រថយន្ត​របស់​បុរស​នោះ ត្រូវ​បាន​បុរស​មួយ​ក្រុម​នោះ​វាយ​បំបែក​បំផ្លិច​បំផ្លាញ​ស្ទើ​តែ​ទាំង​ស្រុង។

ករណី​អំពើ​ហិង្សា​ព្រួត​គ្នា​វាយ​លើ​បុរស​ម្នាក់​នៅ​លើ​ដង​ផ្លូវ​សាធារណៈ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ថ្កោល​ទោស​ព្រោង​ព្រាត និង​បាន​ជំរុញ​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់​វិធានការ​ទៅ​លើ​ក្រុម​បុរស​ដែល​វាយ​ដំ​ទាត់​ធាក់​ទៅ​លើ​បុរស​ម្នាក់​នោះ ដូច​ដែល​វីដេអូ និង​រូបថត​នានា បាន​បង្ហាញ​ដូច្នោះ​ដែរ។

បុរស ៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​​ពី​ករណី​អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង ហើយ​ត្រូវ​បាន​គេ​ដឹង​ថា បុរស​ទាំង ៣​នាក់​នោះ គឺ​ជា​សន្តិសុខ​ខណ្ឌ​ដូនពេញ បន្ទាប់​ពី​វីដេអូ និង​រូបថត​នានា​បាន​បង្ហាញ​មុខ​បុរស​ទាំង ៣​នាក់​នោះ​យ៉ាង​ច្បាស់។

បន្ទាប់​ពី​អំពើ​ហិង្សា​ព្រួត​វាយ​លើ​បុរស​ជា​អ្នក​បើក​បរ​រថយន្ត​នេះ​បាន​កើត​ឡើង វា​ជំរុញ​ឲ្យ​មាន​ការ​ជជែក​ និង​ចោទ​សួរ​ថា តើហេតុអ្វីបានជាសាធារណជនជ្រើសរើសកាត់ទោសលើនរណាម្នាក់ដោយខ្លួនឯង ជាជាងពឹងផ្អែកទៅលើប្រព័ន្ធយុត្តិធម៌ដែលមានស្រាប់នៅក្នុងសង្គម?

ការពិត​ទៅ អំពើ​ហិង្សា​ពី​សំណាក់​មហាជន​ច្រើន​នាក់ ឬ​ភាសា​អង់គ្លេស​ហៅ​ថា Mob Killing មិន​មែន​ទើប​តែ​កើត​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​សង្គម​កម្ពុជា​នោះ​ទេ។ បុរស ២​នាក់ ដែល​ត្រូវ​បានគេ​​សង្ស័យ​ថា​ជា​ចោរ​ប្លន់​ម៉ូតូ​នោះ ត្រូវ​បាន​​ក្រុម​អ្នក​ភូមិ​​ប្រហែល ៤០០​នាក់ ពោរ​ពេញ​ដោយ​កំហឹង វាយ​នឹង​ដំបង​ឫស្សី​រហូត​ដល់​ស្លាប់​​នៅ​ក្នុង​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១០។

មក​ដល់​ឆ្នាំ​២០១៤ អ្នក​ភូមិ​ប្រហែល ៤០០​នាក់ បាន​ព្រួត​គ្នា​គប់​ដុំ​ថ្ម​ទៅ​លើ​បុរស​ម្នាក់​រហូត​ដល់​ស្លាប់ ដោយ​គ្រាន់​តែ​ជឿ​ថា បុរស​រូប​នោះ គឺ​ជា​គ្រូ​ធ្មប់ ដែល​អ្នក​ភូមិ​ចោទ​ថា បាន​ដាក់​អំពើ​សម្លាប់​មនុស្ស ៧​នាក់។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​បន្ទោស​បញ្ហា​សង្គម​មួយ​នេះ​ទៅ​លើ​កង្វះ​ខាត​នៃ​ការ​អនុវត្ត​ច្បាប់​ពេញ​លេញ​ពី​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា ចាប់​ពី​នគរបាល​រហូត​ដល់​មន្ត្រី​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ និង​អវត្តមាន​នៃ​ការ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​រវាង​បុគ្គល​មាន​លុយ​មាន​អំណាច និង​ប្រជាជន​សាមញ្ញ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក កង្វះ​ខាត​នៃ​ការ​អនុវត្ត​ច្បាប់ ឬ​ការ​អនុវត្ត​ច្បាប់​ដោយ​មិន​ស្មើ​ភាព​នៅ​ក្នុង​សង្គម​កម្ពុជា បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​បាត់​បង់​ជំនឿ និង​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​ការពារ​សង្គម ដែល​នាំ​ទៅ​រក​អំពើ​ហិង្សា​ជា​សាធារណៈ​បែប​នេះ។

លោក ស៊ឹង សែនករុណា ប្រាប់​ថា៖ «ខ្ញុំឃើញថា មូលហេតុនៃកត្តាហ្នឹង [អំពើហិង្សាពីមហាជន] វាមានការរួមផ្សំគ្នា ប៉ុន្តែ កត្តាដែលសំខាន់នោះ គឺការអនុវត្តច្បាប់ ហើយមួយទៀតដែរ ការដែលគាត់ [មហាជន]ធ្វើនេះ អាចគាត់មើលឃើញថា ពេលដែលជនប្រព្រឹត្តហ្នឹង គឺគាត់បានប្រព្រឹត្តហើយ គាត់បារត់គេចខ្លួនបានអីអញ្ចឹង ហើយអត់មានឃើញចំណាត់ការ ហើយជាពិសេសអាចសម្លឹងផងដែរទៅលើជនដែលមានអំណាច នៅពេលដែលគាត់អាចមានការប្រព្រឹត្តហ្នឹង ឃើញហើយថា មិនមានការចាប់ខ្លួនដាក់ទោសទណ្ឌអីអញ្ចឹង»

ក្រៅ​ពី​ងកង្វះ​ជំនឿ​លើ​ការ​អនុវត្ត​ច្បាប់​របស់​ប្រព័ន្ធ​ការពារ​សង្គម​ហើយ​នោះ អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ក៏​បន្ទោស​ទៅ​លើ​កត្តា​កង្វះ​ការ​យល់​ដឹង​អំពី​ផ្លូវ​ច្បាប់​របស់​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ដោយ​ថា បណ្ដាល​មក​ពី​កង្វះ​ការ​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​បាន​ទូលំ​ទូលាយ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ និង​ឯកជន។

លោក ករុណា ប្រាប់​បន្ថែម​ថា​៖ «ហើយទីពីរទៀតនោះគឺពលរដ្ឋខ្លួនឯងហ្នឹង គឺពួកគាត់អត់បានដឹងថា ច្បាប់នៅពេលដែលមានបទល្មើសមួយកើតឡើងហើយគាត់ទៅប្រើអំពើហិង្សាទៅលើជនហ្នឹង គឺបទល្មើសថ្មីមួយទៀត បានន័យថា គឺប្រព្រឹត្តដោយគាត់។ អញ្ចឹងគាត់ត្រូវតែប្រឈមចំពោះ​​មុខច្បាប់»

អំពើ​ហិង្សា​ពីសំណាក់​មហាជន បាន​លេច​ឡើង​ជា​សញ្ញា​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ ចាប់​តាំង​ពី​ជាង ២០​ឆ្នាំ​មក​ម៉្លេះ បន្ទាប់​ពី​អង្គការ​សហ​ប្រជាជាតិ បាន​កត់​សម្គាល់​ពី​កំណើន​នៃ​អំពើ​ហិង្សា​បែប​នេះ​នៅ​​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០២ ដែល​នៅ​ក្នុង​ឆ្នាំ​នោះ អំពើ​ហិង្សា​ពី​មហាជន ១១​ករណី បាន​កើត​ឡើង​នៅ​ត្រឹម​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នោះ។

អង្គការ​សហ​ប្រជាជាតិ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា មនុស្ស​យ៉ាង​តិច ៦៥​នាក់ ត្រូវ​បាន​សម្លាប់ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​១៩៩៩ នៅ​ក្នុង​អំពើ​ហិង្សា​ពី​មហាជន​នេះ។

លោក Peter LEUPRECHT អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា​​នៅ​ចន្លោះ​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៥ បាន​​លើក​ឡើង​ក្នុង​របាយការណ៍​នា​ពេល​នោះ​ថា នគរបាល​កម្ពុជា តែ​ង​តែ​ខក​ខាន​មិន​បាន​ចូល​អន្តរាគមន៍ និង​បាន​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ករណី​ជាច្រើន។ ជាង​នេះ​ទៅ​ទៀត តំណាង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ដដែល​នោះ​ថា ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​កម្ពុជា​គ្មាន​វិធានការ​ដាក់​ពិន័យ​ទៅ​លើ​មន្ត្រី​នគរបាល ដែល​ពុំ​អាច​ទប់​ស្កាត់​អំពើ​ហិង្សា​បាន​នោះ​ឡើយ ដែល​នាំ​ឲ្យ​ករណី​បែប​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត។

ក្រៅ​ពី​បន្ទោស​ទៅ​លើ​មន្ត្រី​នគរបាល​ហើយ​នោះ របាយការណ៍​ដដែល​នោះ ក៏​បាន​ទាញ​ចំណាប់​ឲ្យ​ពិនិត្យ​មើល​លើ​តួនាទី​របស់​ប្រព័ន្ធ​តុលាការ ជាពិសេស ព្រះ​រាជ​អាជ្ញា ដែល​អនុញ្ញាត​ឲ្យ​​ក្រុម​មហាជន​រំលោភ​លើ​ច្បាប់ និង​កាត់​ក្ដី​ជន​សង្ស័យ​ណា​ម្នាក់​ជំនួស​តុលាការ​ទៅ​វិញ។

សៀវភៅ​ចំណង​ជើង​ថា «កម្ពុជា​បច្ចុប្បន្ន៖ ជីវិត​បន្ទាប់​ពី​សង្គ្រាម» របស់​អ្នក​និពន្ធ Karen J. Coates ដែល​បាន​ដក​ស្រង់​​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​មួយ​កាល​ពី​ឆ្នាំ​២០០៣ បាន​រៀបរាប់​ថា អំពើ​ហិង្សា និង​ឃាតកម្ម​ពី​សំណាក់​មហា​ជន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​លទ្ធផល​នៃ​​បទ​ល្មើស​ដ៏​ព្រោង​ព្រាត​នៅ​ក្នុង​សង្គម​មួយ​នេះ ដូចជា អំពើ​លួច​ប្លន់ ឆក់​ខ្សែ​ក​-គ្រឿង​អលង្កា ​ឬ​ក៏​លួច​ប្លន់​ម៉ូតូ និង​អំពើ​រំលោភ​សេព​សន្ថវៈ​ហើយ​សម្លាប់ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ