លោក ហ៊ុន សែន គំរាមជាថ្មីថាអាចកើតសង្គ្រាម បើលោកចាញ់ឆ្នោត

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្ដ្រីកម្ពុជា បានព្រមានថ្មីទៀតថាកម្ពុជាអាចនឹងផ្ទុះសង្គ្រាម បើសិនគណបក្សរបស់លោកចាញ់ការបោះឆ្នោតនាពេលខាងមុខ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងដោយចោទជាចម្ងល់ថា ប្រសិនបើគណបក្សប្រជាជនមិនបន្ដកាន់អំណាចនោះ លោកចោទសួរថា តើសន្ដិភាពនៅកម្ពុជាអាចត្រូវបានធានា ឬអត់ ដោយលោកថា បើការជេរប្រទិច លាបពណ៌ដាក់គ្នា និងការប្រមាថមាក់ងាយនៅតែបន្ដកើតមាន ក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។​

លោកនាយករដ្ឋមន្ដ្រីថ្លែងដូចច្នេះ ក្នុងពិធីសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់កម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី២០ខែមេសាម្សិលមិញ។

លោកមានប្រសាសន៍បន្ដថា នៅពេលគណបក្សប្រជាជនកាន់អំណាច លោកថា ភាគីទាំងអស់សុទ្ធតែអាចរស់នៅជាមួយគ្នាដោយសុដុមរមនា ដោយលោកថា រដ្ឋាភិបាលរបស់លោកបានបង្កើតឱកាស និងបរិយាកាសល្អប្រសើរសម្រាប់អ្នកវិនិយោគនិងភាគីទាំងអស់។ លោកចោទជាសំណួរថា តើប្រជាជនកម្ពុជាគួរបោះឆ្នោតដើម្បីរក្សាសន្ដិភាព ឬបោះឆ្នោតដើម្បីសង្គ្រាម បើសិនមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលមែននោះ។

លោកថា៖ «តើប្រាកដទេ នៅពេលគណបក្សប្រជាជនមិនកាន់អំណាច តើធានាប្រាដកថា សន្ដិភាពនេះត្រូវបានធានា ឬអត់? បើការលាបពណ៌ ការជេរប្រទិច ការប្រមាថមាក់ងាយ នៅតែបន្ដកើតនៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។ នេះជាការដាស់តឿនមួយ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ តើបោះឆ្នោតដើម្បីសន្ដិភាពបន្ដ ឬបោះឆ្នោតដើម្បីសង្គ្រាម?»។

ការព្រមានរឿងសង្គ្រាមនេះមិនមែនជារឿងថ្មីទេ ដែលលោក ហ៊ុន សែន តែងធ្វើ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិ កំពុងខិតចូលមកដល់។

សម្រាប់អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី យល់ថា «សារសង្គ្រាម» របស់លោក ហ៊ុន សែន គឺជារឿងធម្មតាដែលបក្សកាន់អំណាចតែយកមកប្រើ ដើម្បីអួតពីសមត្ថភាពដឹកនាំប្រទេសរបស់ខ្លួន និងការរកប្រជាប្រិយភាព ដើម្បីយកឈ្នះការបោះឆ្នោតខាងមុខ។

ប៉ុន្ដែលោក មាស នី វិភាគថា សារព្រមានពីសង្គ្រាមនេះអាចមានហេតុផលខ្លះដែរ ដោយលោកសន្និដ្ឋានថា រដ្ឋាភិបាលទំនងជាដឹងខ្លួនមុន ឬទទួលបានព័ត៌មានច្បាស់ការណាមួយថា ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ពួកគេអាចមិនគាំទ្រគណបក្សប្រជាជនមួយរយភាគរយនោះទេ ឬលោកថា មានខ្លះគាំទ្របក្សប្រឆាំងដែរ។

លោកវិភាគទៀតថា ប្រសិនបើសង្គ្រាមកើតមានដោយសារគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនោះ គឺវាមិនអាចទៅរួចទេ ដោយលោកថា គណបក្សប្រឆាំងមិនមានកម្លាំងទ័ពនៅក្នុងដៃ ពោលគឺមានតែរដ្ឋាភិបាលប៉ុណ្ណោះ។ លោកថា សង្គ្រាមអាចកើតមាន លុះណាតែមានកម្លាំងប្រដាប់អាវុធពីរប្រឈមមុខដាក់គ្នា។

លោកថា៖ «ខ្ញុំគិតថា វាជាការឃោសនាហ្នឹង ក៏ប៉ុន្ដែប្រសិនជាយើងពិនិត្យមើលតាមដានរឿងហ្នឹង វាហាក់ដូចជា ប្រមុខរដ្ឋាភិបាលគាត់អាចដឹងថា នៅក្នុងជួរកងទ័ព ឥឡូវហ្នឹង បើសិនជាយើងមើលពីក​ម្លាំងប្រដាប់អាវុធ វាអត់មានកម្លាំងប្រដាប់អាវុធណា ក្រៅពីកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ អញ្ចឹងទំនងហាក់ដូចជា រដ្ឋាភិបាលគាត់បានដឹងថា កងកម្លាំងប្រដាប់អាវុធទាំងអស់នៅនៅក្រោមការគ្រប់គ្រង ស្មោះស្ម័គ្រជាមួយរដ្ឋាភិបាលទេ  […]បើសិនជាមិនផ្ទេរអំណាច ឧទាហរណ៍ថា ឥឡូវសង្គ្រោះជាតិឈ្នះឆ្នោត បើសិនជា មិនប្រគល់អំណាចឲ្យសង្គ្រោះជាតិ នឹងមានសង្គ្រាម។ អ្នកណានឹងចេញមកច្បាំង?»។

បើតាមប្រតិទិនគ.ជ.ប យុទ្ធនាការឃោសនារកសំលេងឆ្នោតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងមកដល់នៅថ្ងៃទី៤ មិថុនា ឆ្នាំដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ