ស្ថាប័នមួយចំនួនរុញការទទួលខុសត្រូវដាក់គ្នា ករណីមិនតាំងរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ

ស្ថាប័នពាក់ព័ន្ធមួយចំនួន បានរុញដាក់គ្នាពីការមិនទទួលខុសត្រូវ ក្រោយទទួលបានការិះគន់ពីប្រជាពលរដ្ឋ ករណីមិនបានដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ នៅតាមទីសាធារណៈសំខាន់ៗ មួយចំនួននៅក្នុងរាជធានីភ្នំពេញ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមក។

ថ្លែងប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៨ ខែមេសា ទីប្រឹក្សា​របស់​ព្រះរាជ​លេខា​ធិការ​ដ្ឋាន​ព្រះមហាក្ស​ត្រិយ៍ នរោត្តម មុនិនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ បានរិះគន់​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​ទេសចរណ៍ ដែល​មិនបាន​ដាក់​តាំង​រូប​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​មហាក្សត្រ នៅ​តាម​ទី​សាធារណៈ​សំខាន់ៗ និង​សណ្ឋាគារ​ធំៗ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ។

អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិនិងអន្តរជាតិ លោក អ៊ឹម បុរិន្ទ មានប្រសាសន៍ថា មុនថ្ងៃពិធីបុណ្យចូលឆ្នាំ គណៈកម្មធិការៀបចំបុណ្យជាតិ បានប្រជុំនិងបានអំពាវនាវឲ្យក្រសួងស្ថាប័ន ទាំងអស់ត្រូវដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ តែការអនុវត្តយ៉ាងណានោះ គឺអាស្រ័យនៅលើស្ថាប័ននីមួយៗជាអ្នករៀបចំ។

ពាក់ព័ន្ធនឹងករណីនេះ វីអូឌី បានព្យាយាមសុំការអត្ថាធិប្បាយបន្ថែម ពីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ទិត ចន្ថា ប៉ុន្តែលោកថាលោកកំពុងជាប់រវល់ប្រជុំ។ ទោះជាយ៉ាងណា កាលពី១៨ខែមេសា រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា នៅតាមសណ្ឋាគារទាំងអស់​បាន​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​​ព្រះមហាក្សត្រ អតីត​ព្រះ​មហាក្សត្រ និង​ម្ចាស់​ក្សត្រិយានី នរោត្តម មុនិនាថ​ សីហនុ ទៅ​តាម​សារាចរ​ណែនាំ​របស់​ក្រសួង។

ដោយឡែក នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា សុំមិនបកស្រាយចំពោះរឿងនេះ ដោយលោកបង្វែរសំណួរនេះឲ្យទៅសួរមន្ត្រីរាជ​វាំង។

លោកថា៖ «ទីមួយខ្ញុំសុំមិនធ្វើអត្ថាធិប្បាយហើយ សុំឲ្យហើយអញ្ចើញត្រឡប់ទៅសួរជាមួយនឹងខុទ្ធកាល័យក្រសួងព្រះបរមរាជាវាំងទៅ»។

ចំពោះអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរសត្យា យល់ថា ការមិនបានដាក់ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​មហា​ក្សត្រ នៅតាមកន្លែងខ្លះ លោកថា មិនបានប៉ះពាល់អ្វីឡើយ។ លោកចាត់ទុកការរិះគន់នេះ ជាការបង្កើតឲ្យមានបញ្ហានៅក្នុងសង្គមតែប៉ុណ្ណោះ។

លោកថា៖ «ព្រោះពិធីនេះ ជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនមែនជាពិធីអបអរសាទអ្វីក្រៅពីហ្នឹងទេ ប៉ុន្តែនៅពេលចំរបស់គេ គឺដូចជាពិធីឡើងគ្រោងរាជសម្បត្តិ ឬពិធីណាផ្សេងៗ ដែលទាក់ទិនទៅហ្នឹង ព្រះមហាក្សត្ររបស់យើង គឺមិនដែលមានការចន្លោះប្រហោងបញ្ហាហ្នឹងទេ។ ប៉ុន្តែបញ្ហាហ្នឹងជាបញ្ហាបុណ្យចូលឆ្នាំថ្មី ចឹងប្រហែលជាគណៈកម្មការបុណ្យជាតិ ឬក៏សាលាក្រុង គេមានការគិតគួរហ្មត់ចត់គេ អំពីបញ្ហាហ្នឹង កុំឲ្យវាច្របូលច្របល់ថា ពេលណាក៏ដូចជាពេលណា វាមិនដូចគ្នា។​ នេះជាទស្សនៈ បុគ្គលផ្ទាល់ខ្លួនរបស់ខ្ញុំទេ ខ្ញុំមិនមែនឆ្លើយជំនួសសាលាក្រុង ឬមិនឆ្លើយជំនួសស្ថាប័នដទៃ… »។

ទោះជាយ៉ាងណា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ មានបន្ទូលថា ការ​មិន​ដាក់​​តាំង​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​មហា​ក្សត្រ​នៅក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃកន្លងមក មិនមែនជាការធ្វេសប្រហែសនោះទេ ប៉ុន្តែមកពីរដ្ឋាភិបាលមិនបានយកចិត្តទុកព្រះមហាក្សត្រ។

ព្រះអង្គមានបន្ទូលថា៖ «​ឆ្លុះបញ្ចាំថា មិនរវល់មិនទទួលខុសត្រូវតាប៉ុណ្ណឹង ខ្ញុំមើលអត្ថាធិប្បាយចម្លើយរបស់ស្ថាប័នពាក់ព័ន្ធមួយៗ មានន័យថាមានពីរគណៈ​កម្មការ​រៀបចំបុណ្យជា​តិ និង​អន្តរ​ជាតិមួយ ហើយនាក្រសួងនានា ដូចជាក្រសួងទេសចរណ៍អីហ្នឹង។ គេឆ្លើយ គឺឆ្លើយ ឲ្យតែរួចខ្លួនតើ គេថាគេបានអំពាវនាវហើយប៉ុន្តែស្ថាប័នមួយៗអត់ធ្វើ តើធ្វើយ៉ាងម៉េច។ អាហ្នឹងហើយ ដែលឆ្លុះបញ្ចាំឲ្យឃើញថា របៀបនេះ គឺរបៀបមិនទទួលខុសត្រូវ»។

អ្នកជំនាញអភិបាលកិច្ចនិងប្រជាធិបតេយ្យ លោក ចាន់ វិបុល មានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំជាបុណ្យជាតិដែលធំ ដូចនេះ ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៅតាមទីសាធារណៈសំខាន់ៗ ដោយសារ ព្រះមហាក្សត្រជានិមិត្តរូបនៃសេចក្ដីសុខរបស់សង្គមនិងប្រជាពលរដ្ឋ។

លោកបន្តថា ការមិនដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៅទីសាធារណៈសំខាន់ៗនេះ ជាធ្វេសប្រហែលឬ មិនបានខ្វល់ខ្វាយដោយចេតនាណាមួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ