ពលរដ្ឋនៅបន្ទាយមានជ័យថាមានជនខិលខូចលួចបោះបង្គោលលើដីរបស់ពួកគេ

រូបភាព៖ នគរបាលជាតិ

ពលរដ្ឋរស់នៅស្រុកម៉ាឡៃ បានឲ្យដឹងថា មានជនខិលខូចបានលួចបោះបង្គោលលើដី របស់ពួកគេ នៅពេល​ដឹងថាដីតំបន់នោះចាប់ផ្ដើមមានហាងឆេងខ្ពស់។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅរសៀលថ្ងៃទី ២០ ខែមេសា មានពលរដ្ឋ ២១ គ្រួសារ ដែលមានគ្នាប្រមាណជិត ៥០នាក់ ស្ថិតនៅក្នុង​ភូមិ​បន្ទាយ​ទី​មួយ​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​​ បាន​​នាំគ្នាកាន់​កាំបិត ​ពូថៅ​ និងដំបង​ ដើម្បីការពារ​ដីធ្លី​របស់ខ្លួន​ទាំង​យប់ទាំង​ថ្ងៃ ​។​

តាមការចុះផ្សាយដដែលបន្តថា តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ​ អ៊ឹ​ង​ មុន​​ បានឱ្យ​ដឹង​ថា​ដីរបស់ពួកគេចំនួន ​២១ ​គ្រួសារ​នោះ​មាន​ផ្ទៃដី​ ១ ៣៣៧ ៧៩៨ ​ម៉ែត្រការ៉េ​ ដែលត្រូវបានបែងចែកតាំងពី ជា​ដី​ព្រៃ ​និង​មាន​មីន ហើយពួកគេ​បាន​នាំ​គ្នា​កាប់​ឆ្កា​ព្រៃ​ដោះ​មីន ​រហូត​ធ្វើ​អាស្រ័យ​ផល​សម្រាប់​ជីវភាព​គ្រួ​សារ​​បាន បែរជាត្រូវបានជនខិលខូច ​លួច​បោះបង្គោលបំរុងលក់។

តាមការចុះផ្សាយដដែលបានលើកយកប្រសាសន៍របស់ ​មេ​ភូមិ​បន្ទាយ​ទី​មួយ​ លោក​ អ៊ុ​ង​ សា​រុន ថា​ក្រុម​អាណា​ធិ​ប​តេ​យ្យ​ ​មានគ្នា​ប្រមាណ​ ៨​នាក់​បានធ្វើសកម្មភាព ​រំលោភ​បំពាន​យក​ដី​ ​ប្រជាពលរដ្ឋ ហើយពលរដ្ឋទាំងនោះក៏បានដាក់ពាក្យបណ្ដឹង​ប្តឹង​ទៅ​ សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​មាន​វិធានការ​លើ​ក្រុម​អាណា​ធិ​ប​តេ​យ្យ​នោះផងដែរ​។​

តាមការចុះផ្សាយដដែលមេភូមិរូបនោះបន្តថា​ក្រុមអាណាធិបតេយ្យនោះ លោកស្គាល់ឈ្មោះ​មេ​ខ្ល​ង​ ២​ ទៅ​៣ ​នាក់ ​ដែលជាមុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ ខេត្តបន្ទាយមានជ័យ​ ដោយករណីរំលោភបំពានយកដី​របស់គេ។

​តាមការចុះផ្សាយដដែល អភិបាលស្រុក ​ម៉ា​ឡៃ​ លោក​ អែម​ សុខា ក៏បាន​បញ្ជាក់​ឱ្យ​ដឹងដែរថាដី​ប្រជា​ពល​រដ្ឋ ​២១ ​គ្រួសារនោះ​ គឺជា​ដី​របស់អតីតខ្មែរក្រហម ដែល​ទទួលបានពីការបែងចែក ​ក្រោយ​សមាហរណកម្ម​ ហើយ​ដីទាំងនោះទទួលបានការបញ្ជាក់ពី ​រដ្ឋបាល​ស្រុកម៉ាឡៃ​ត្រឹមត្រូវ។

តាមការចុះផ្សាយដដែលបន្តថា លោកអភិបាលស្រុករូបនោះនឹងកោះហៅពលរដ្ឋទាំងនោះ ដើម្បីសាកសួរ និង ដោះស្រាយបញ្ហានៅ ថ្ងៃចន្ទខាងមុខ៕

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ