លោក ហ៊ុន សែន ថា មិន​ធ្លាប់​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្រោះ​ថ្នាក់​ទេ​អំឡុង​លោក​កាន់​អំណាច​៣៣​ឆ្នាំ

រូបភាព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (២១ ឧសភា ២០១៨)

ជានាយករដ្ឋមន្ត្រី ៣៣ឆ្នាំហើយ មិនទាន់ឲ្យមនុស្សគ្រោះថ្នាក់ទេ ទាញ មនុស្សចេញពីតំបន់គ្រោះថ្នាក់ ឲ្យមកកាន់តំបន់សុវត្ថិភាពអស់ហើយ

លោកនាយករដ្ឋម​ន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា លោក​មិន​ធ្លាប់​ធ្វើ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ទទួល​គ្រោះ​ថ្នាក់​នោះ​ឡើយ​អំឡុង​ពេល​លោក​កាន់​អំណាច​អស់​រយៈ​ពេល ៣៣​ឆ្នាំ​មក​នេះ ហើយ​ថា លោក​បាន​ទាញ​ពលរដ្ឋ​ឲ្យ​ចេញ​ពី​គ្រោះ​ថ្នាក់ និង​រស់​នៅ​ក្នុង​សន្តិភាព។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បាន​ថ្លែង​បែប​នេះ​អំឡុង​ពេល​ចូល​រួម​បើកការដ្ឋាន​កសាង​កំណាត់​ផ្លូវ​ជាតិ​លេខ ៥ ពី​ព្រែក​ក្ដាម​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់ ដែល​ទទួល​បាន​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន។

នៅក្នុង​តំណែ​ងដែល​បើកបរ​ជានា​យក​រដ្ឋមន្ត្រី ៣៣ឆ្នាំហើយ មិនទាន់ឲ្យមនុស្ស​គ្រោះ​ថ្នាក់​ទេ ទាញ មនុស្ស​ចេញ​ពីតំបន់គ្រោះថ្នាក់ ឲ្យមក​កាន់តំបន់​សុវត្ថិភាពអស់ហើយ សង្ឃឹមថា ប្រជា​ពលរដ្ឋរបស់​យើង​ចូល​រួម​​ចំណែក​​ដើម្បីរក្សានូវ​សន្តិភាពនេះ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម​ លោក មាស​ នី មើល​ឃើញ​ថា នេះ​​គ្រាន់តែ​ជា​សារ​​កេង​ចំណេញ​របស់​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ លោក​ថា ប្រសិន​បើ​ពលរដ្ឋ​យល់​ដឹង​ពី​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច បក្ស​នេះ​អាច​មាន​វាសនា​ដូច​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ទើប​ធ្លាក់​ឆ្នោត​នា​ពេល​ថ្មីៗ​នេះ​ដែរ។

អ្នកនយោបាយមិនថា បក្សណាជាបក្សណាទេ តែសំខាន់បើ​គេនៅតែបន្ត​​បណ្តោ​យឲ្យ​បញ្ហា​ដែល​គេលើក​ឡើងនៅតែ​បន្តកើតឡើងនោះ វាពិតជាមិនអាចលាក់ជិតនឹង​ក្រសែភ្នែកពលរដ្ឋរបស់ខ្លួនបានឡើយ។ នៅម៉ាឡេស៊ី​ថ្មីៗនេះ ក៏ដូច​គ្នា ពោល​គឺ ការអះអា​ងរបស់​រដ្ឋាភិបាលដោយបំពានរហូតដល់ធ្លាក់ឆ្នោតនាពេលថ្មីៗនេះ

លោក មាស​ នី អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម​

ទោះជាយ៉ាងណា របាយការណ៍​របស់ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៥​ថា អំឡុង​ពេល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន បាន​​ប្រើ​ប្រាស់​អំពើ​ហិង្សា​នយោបាយ ការ​បង្ក្រាប និង​អំពើ​ពុក​រលួយ ដើម្បី​រក្សា​អំណាច​របស់​លោក។

លោក ហ៊ុន សែន បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥​​មក​ម៉្លេះ ហើយ​បាន​ក្លាយ​ទៅ​ជា​នាយករដ្ឋ​មន្ត្រី​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ខណៈ​ដែល​លោក​អះ​អាង​ជា​ញឹប​ញាប់​ថា លោក​នឹង​បន្ត​កាន់​អំណាច​យ៉ាង​តិច ១០​ឆ្នាំ​ទៀត។

ក្រោម​ការ​ដឹកនាំ​របស់​លោក ឃាតកម្ម​ធំៗ​ ការ​បង្ក្រាប​ដោយ​ហិង្សា​ជាច្រើន​បាន​កើត​ឡើង ដូចជា ការ​សម្លាប់​តារា​សម្ដែង ការ​សម្លាប់​មេដឹកនាំ​សហជីព អ្នក​វិភាគ​នយោបាយ និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។