វិភាគ៖ តើនរណាទទួលខុសត្រូវករណីស្លាប់ពលរដ្ឋនៅខេត្តក្រចេះ?

រូបភាព៖ ពលរដ្ឋ​មក​ពី​ស្រុក​ចិត្របុរី សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ ។ រូបថត៖ គេហទំព័រ​នគរបាល​ជាតិ

គេ​នៅ​ចាំ​បាន​ថា នៅ​ដើម​ខែ​នេះ មាន​ពលរដ្ឋ​ ២៣៤​​នាក់​នៅ​ខេត្ត​ក្រចេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​នោះ​ ១​៣នា​ក់ ​ត្រូវ​បានមន្ត្រី​ជំនាញ​បញ្ជាក់​ថា ស្លាប់ និងមួយ​ចំ​នួ​នទៀត​ធ្លាក់​ខ្លួន​ឈឺ។

របាយការណ៍​ដំបូង​របស់​រដ្ឋបាល​ខេត្ត​ក្រចេះ និង​ក្រសួង​សុខាភិបាល សុទ្ធ​តែ​បញ្ជាក់​ថា អ្នក​ភូមិ​ទាំង​នោះ មិន​ថា​ស្លាប់ ឬ​ធ្លាក់​ខ្លួន​ឈឺ​ទេ សុទ្ធ​តែ​មាន​អការៈ​ឈឺ​ពោះ ក្អួត​ចង្អោ ឈឺ​ក អស់​កម្លាំង ទន់​ដៃ​ទន់​ជើង វិល​មុខ ថប់​ដង្ហើម សន្លប់ និង​បណ្ដាល​ឲ្យ​ស្លាប់។

ជាមួយ​អការៈ​បែប​នេះ រដ្ឋបាល​ខេត្ត​ក្រចេះ បាន​ដាក់​ការ​សង្ស័យ​ពី​ដំបូង​ថា បណ្ដាល​មក​ពី​អ្នក​ភូមិ​ពុល​សារធាតុ​គីមី​ក្នុង​ទឹក ដែល​យក​ចេញ​ពី​ព្រែកទេរ  ទៅ​បរិភោគ។

ក្រសួង​សុខាភិបាល បាន​អះ​អាង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​​ថា លទ្ធផល​នៃ​ការ​ពិសោធន៍​ទៅលើ​សំណាក​ស្រា​មួយ​ចំនួន បាន​រក​ឃើញ​ថា ស្រា​ស​ផ្ទុក​ទៅ​ដោយកំហាប់​សារធាតុ​​មេតាណុល​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ស្រា​ពុល។

ការ​បន្ទោស​ទៅ​លើ​តែ​ស្រា​ស​មាន​ផ្ទុក​សារធាតុ​គីមី​ពុល​តែ​មួយ​មុខ​ មិន​ត្រឹម​ត្រូវនោះ​ទេ ពី​ព្រោះ​ថា ក្នុង​ចំំណោម​អ្នក​ភូមិ​ដែល​ធ្លាក់​ខ្លួន​ឈឺ​ទាំង​នោះ មាន​ទាំង​ស្ត្រី និង​​កុមារ​ផង​ដែរ។

អ្វីដែលច្បាស់ជាងនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសប្បកម្ម លោក ចម ប្រសិទ្ធ បានផ្តល់បទសម្ភាស​ជាមួយក្រុ​មអ្ន​ក​សា​រព័​ត៌​មា​ន នៅថ្ងៃទី​១៧ខែ​ឧ​ស​ភាថា ទឹ​កដែលមានជាតិពលនៅព្រែកទេនោះ អាចបង្កឡើងពីក្រុមហ៊ុន​រុក​រករ៉ែ​​មាស ​ទាំងខុ​ស​ច្បាប់ និងស្របច្បាប់ ប្រើសារ​ធាតុគីមីពុលម្យ៉ាងបង្ហូរ​​ចូល​ក្នុងព្រែក ដែល​​ព​ល​​រដ្ឋ​កំពុងប្រើប្រាស់​​។

លោកថា៖ «ឃើញកម្រិតនៅក្នុងទឹកហ្នឹង មានជាតិក្រូម អាក្រូមហ្នឹងប៉ះពាល់ដល់គ្រឿងក្នុងយើងច្រើនណាស់។ ទី២ យើងឃើស្យានីដ ទៀត។ ស្យានីដ គឺជាតិពុល​ អញ្ចឹង អាស្យានីដហ្នឹង វាមានពីណា យើងទៅស្រាវជ្រាវ ស្យានី​ដ គេប្រើ​ស​ម្រាប់លាង​មា​សឲ្យ​ស្អា​​ត។ យើងទៅរកឃើញកន្លែងមួយចំនួន ដែលធ្វើរ៉ែមាស មានអាជ្ញាប័​ណ្ណ មិនមានអា​ជ្ញាប័ណ្ណ ឃើ​ញទាំងធុ​ងស្យា​នីដ ​នៅ​កន្លែ​ង​ហ្នឹ​​​ងទៀត»

ប៉ុន្តែ មកដល់​​ពេល​នេះ​​ រដ្ឋា​ភិ​បាល​ មិន​​ទាន់ប្រកាស​​​​ថា ភាគីណាមួយជា​អ្នកទទួល​ខុសត្រូវករណីស្លា​ប់ពលរដ្ឋនៅខេត្ត​ចក្រចេះ​នេះនៅ​ឡើ​យ​ទេ ក្រៅ​ពីឃើញក្រុ​មកាកបាទក្រហមចុះសួរសុខទុក្ខ និងចែកអំណោយខ្លះៗ​ដល់គ្រួសារជនរងគ្រោះ។ បញ្ហា​នេះ​បង្កើតជាសំនួរថា តើនរណាជាអ្នកទទួលខុសត្រូវចំពោះមុខគ្រួសារជនរងគ្រោះ?

អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន ពន្យល់ថា អ្នកដែលទួលខុសត្រូវធំជាងគេ គឺក្រុមហ៊ុន និងស្ថាប័ន​រដ្ឋដែលពា​ក់ព័ន្ធ​។

លោកថា៖ «ទោះបីអត់មានការទទួលខុសត្រូវសំណងរដ្ឋបវេណីក៏ដោយ ក៏រដ្ឋាភិបាលទទួលខុសត្រូវក្នុងការខុសដែរ ព្រោះយើង​អត់​បា​​​ន​គ្រ​ប់គ្រងឲ្យបានត្រឹមត្រូវ»

នាយកប្រតិបត្តិមជ្ឍមណ្ឌប្រជាពលរដ្ឋ​​​ដើម្បីអភិវឌ្ឍ​ន៍​​ និង​​​សន្តិភាព​​លោក​ យង់ គិម​អេង ពន្យល់ប្រហាក់ប្រហែលដែរថា អ្នកដែ​លទ​ទួលខុសត្រូវបញ្ហានេះមុនគេ គឺក្រសួងពាក់ព័ន្ធ​របស់រដ្ឋាភិបាល ដោយថា ស្ថាប័នរដ្ឋជាអ្នកផ្តល់អាជ្ញាប័ណ្ណ និងជាអ្នកសិ​ក្សា​ពីផ​លប៉ះពាល់​បរិស្ថាន។

បើតាមលោក យង់ គិមអេង បន្ទាប់​មក​ ​មន្ត្រីជំនាញ​ត្រូវស្រាវជ្រាវរកក្រុមហ៊ុន​ដែលបំពានលើកិច្ចសន្យា​ មកប្រឈម​នឹងមុខច្បា​ប់ ដើម្បីផ្តល់យុត្តិធម៌ឲ្យគ្រួសារជនរងគ្រោះ និងទប់ស្កាត់កុំឲ្យបញ្ហានេះកើតឡើងជាថ្មីទៀត។

ត្រូវតែចាត់វិធានការឲ្យបានម៉ឺងមាត់ចំពោះបញ្ហានេះ ពីព្រោះ វាពាក់ព័ន្ធទៅនឹងជីវិតមនុស្ស ហើយម្យ៉ាងវិញទៀ​ត ក្រុម​ហ៊ុ​ន​​​​​ដែ​លធ្វេសប្រហែស​ហ្នឹងគួរ​តែផ្តន្ទាទោសតាមច្បាប់ឲ្យគាត់ទទួលខុសត្រូវផ្នែកព្រហ្មណទណ្ឌដែរ ព្រោះអី នេះ​ជារឿងមួយ​ពាក់ព័​ន្ធ​នឹ​​​ងជីវិតមនុស្ស

លោក​ យង់ គិម​អេង នាយកប្រតិបត្តិមជ្ឍមណ្ឌប្រជាពលរដ្ឋ​​​ដើម្បីអភិវឌ្ឍ​ន៍​​ និង​​​សន្តិភាព​​

ប៉ុន្តែ អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី វិភាគថា បើគេពិនិត្យមើលពីបញ្ហានីតិរដ្ឋនៅកម្ពុជា លោកយល់ថា ក្រុមហ៊ុន និង​​ម​ន្ត្រីពាក់ព័ន្ធ អាចនឹងមិនត្រូវគេ​នាំមកទទួល​ខុសត្រូវ​លើការស្លាប់ពលរដ្ឋនៅខេត្តចក្រចេះនេះទេ ដោយថា បើពួក​គេ​ទាំ​ង​​​នោះ​មានខ្ន​ងបង្អែករឹំងមាំ។

លោក មាស នី បានចោទជាសំនួរថា យុត្តិធម៌សម្រាប់ពលរដ្ឋអាចនឹងពិបាករក ដោយសារតែអ្នកអនុញ្ញាតិ និងអ្នកចាត់វិធា​ន​កា​រ​​​​ជា​មនុស្សតែមួយ។

កន្លងទៅមានព្រឹត្តតិការណ៍ធំៗពីរ ដែលបានកើតឡើង​កណ្តាលរាជធានីភ្នំពេញ ដូចជាករណីបោកគ្រាប់បែកនៅ​មុខមន្ទី​រដ្ឋស​ភាចាស់ឆ្នាំ១៩៩៧ មានមនុស្សស្លាប់ ១៦នាក់ក្នុងថ្លុកឈាម និង ១២០ទៀតរងរបួស ដែលបាតុកម្មនោះទាម​ទារឲ្យកែទម្រង់ប្រ​ព័​ន្ធ​តុ​លា​ការនៅកម្ពុជា ឬអ្នកខ្លះហៅថា ជាបាតុកម្មប្រឆាំងនឹងរបបដឹកនាំ​របស់លោក ហ៊ុន​ សែន។

ព្រឹត្តិការណ៍មួយទៀ​ត​នៅលើ​ស្ពា​នពេ​ជ្រ​ឆ្នាំ២០១០ មានមនុស្សស្លាប់ ៣៥៤នាក់ និង ៧៥៥នាក់ផ្សេងទៀត​រងរបួស ដែលព្រឹ​ត្តិកា​​​រណ៍ទាំងពីរ​នេះ គ្មានស្ថាប័នណាមួយចេញមុខទទួលខុសត្រូវ​ទេ ចំណែ​កគ្រួសារ​ជនរងគ្រោះ​​​ បានត្រឹម​ទទួលថវិកា​ពីសប្បុ​រស​ជន និងរដ្ឋាភិបាល ដើម្បី​រម្ងាប់ការឈឺចាប់តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក ចម ប្រសិទ្ធ ក្រសួងរបស់លោកនឹងជំរុញករណីនេះ ដើម្បីឲ្យស្ថាប័ន​រដ្ឋចូលរួមសហ​ការដើម្បីផ្តល់​យុត្តិ​ធម៌​ដល់ជនរងគ្រោះ ។

ឥឡូវក្រសួងឧស្សាហកម្ម និងសប្បកម្ម នឹងរុញឲ្យមាននាយកដ្ឋាននីតិកម្មមួយគិតគូររឿងហ្នឹង។ ថ្ងៃក្រោយ ប្រជា​ជនស្លា​​ប់​ៗដោ​យសារ​នរណា ​យើងនឹងរកវិធី ដើម្បីតាងនាមឲ្យជនរងគ្រោះហ្នឹង ប្តឹង ព្រោះ អ្នកឯងធ្វើឲ្យគេពុលស្លាប់ ចេតនា ឬអចេ​តនា​​ ព្រោះ​​​អ្នកឯង​ក៏បានបង្កឲ្យគេស្លាប់ ទោសព្រហ្មទណ្ឌ។ អាហ្នឹងយើងនិយាយអញ្ចឹង!

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសប្បកម្ម

បើទោះជាអ្នកច្បាប់ និងអ្នកតាមដានអះអាងថា ករណីពុលទឹកសម្លាប់ពលរដ្ឋនៅខេត្តក្រចេះនេះ ជាការទទួលខុសត្រូវ​របស់​ក្រ​​​សួងពាក់ព័ន្ធ និងក្រុមហ៊ុនក៏ដោយ ប៉ុន្តែ ពួកគេថា គ្រួសារជនរងគ្រោះ និងមានវាសនាដូ​ច​ជ​នរ​ង​​​​​រ​គ្រោះ​​​មុ​នៗ​ បានត្រឹ​មទទួ​ល​សំ​​ណងតិចតួច សម្រាប់រម្ងាប់​ការឈឺចាប់តែប៉ុណ្ណោះ បើរដ្ឋាភិបាលមិនអា​ចវះកាត់មន្ត្រីខិលខូច​ជា​ខ្នង​​​ប​ង្អែក​របស់​ក្រុម​ហ៊ុ​នបា​ន​​នោះ៕

ទឹក​ព្រែក​ទេរ ​ដែល​​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​កន្ទួត​ ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ ពុល។ រូបថត​ពី​បណ្ដាញ​សង្គម មិន​មាន​កាលរិច្ឆេទ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ