យោធាជាង៨០នាក់ស្នើឲ្យលោក ទៀ បាញ់ ដកហូតដីពីអតីតមេទ័ពម្នាក់

មន្ដ្រីយោធាប្រចាំការនៅមណ្ឌល៤ក្នុងខេត្ដសៀមរាបបានផ្ដិតមេដៃស្នើសុំរដ្ឋមន្ដ្រីការពារជាតិ ដកហូតដីពីមេទាហានម្នាក់ទុកជាសម្បត្ដិរដ្ឋ ដោយអះអាងថាអតីតមេបញ្ជាការរងមួយរូបនៅកងទ័ពជើងគោកបានយកដីនោះទៅចែកបក្សពួកធ្វើជាកម្មសិទ្ធិ។

ក្នុងលិខិតសុំអន្ដរាគមន៍ចុះថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៦នេះ ដោយមានស្នាមមេដៃមន្ដ្រីយោធាចំនួន៨១នាក់ បង្ហាញថា ដីទីស្នាក់មណ្ឌល៤ប្រចាំការនៅខេត្ដសៀមរាបទំហំជាង៦ពាន់ម៉ែត្រការ៉េ(៦១២៨ម៉ែត្រការ៉េ) ត្រូវបានអតីតមេបញ្ជាការរងគឺលោក ដុម ហាក់ ទទួលបន្ទុកការិយាល័យទី២នៃកងទ័ពជើងគោកយកទៅបែកចែកដីឲ្យបក្សពួកនិងសាច់ញាតិខាងប្រពន្ធកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លិខិតនោះបន្ថែមថាដីនោះជាអតីតដីសាលាមតេ្ដយ្យ ទៀ បាញ់ ដែលផ្ដល់ឲ្យដោយតំណាងរាស្ដ្រ សៀង ណាំ ឲ្យកងទ័ពជើងគោកធ្វើទីស្នាក់ការជាង១០ឆ្នាំមកហើយ ប៉ុន្ដែបែជាលោក ដុម ហាក់ យកទៅចែកឲ្យសាច់ញាតិបក្សពួកខ្លួនទៅវិញ។

លិខិតបញ្ជាក់ថា៖ នៅដើមឆ្នាំ២០១៥ លោក ដុម ហាក់ បានយកដីក្នុងមណ្ឌល៤ទំហំ៦១២៨ម៉ែត្រការ៉េទៅបែកចែកឲ្យមានឈ្មោះលោកវរសេយ៍ឯក ប្រាក់ ហឿន នាយរងការិយាល័យទី២ អតីតប្រធានមណ្ឌល៤កាន់កាប់ទំហំ១២មx៥៤ម លោក ប៊ុត រម្យ នៅក្រសួងការពារជាតិបានដីទំហំ៥,៨០ម៉ែត្រx៥៣,៣០ម៉ែត្រ លោក ជា ម៉េង ជាប្អូនប្រពន្ធលោក ដុម ហាក់ បានដី៤២x២០ម៉ែត្រ លោក តាំង អៀង ត្រូវជាឪពុកមាប្រពន្ធលោក ដុម ហាក់ បានដីទំហំ២០x៣០ម៉ែត្រ។

ក្រុមមន្ដ្រីយោធាស្នើឲ្យឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងការពារជាតិលោក ទៀ បាញ់ ដកហូតដីនោះធ្វើជាសម្បត្ដិរដ្ឋវិញ ដើម្បីឲ្យពួកគេមានទីតាំងបំរើការងារជូនជាតិបន្ដទៀត ខណៈមានសាច់ញាតិខាងប្រពន្ធលោក ដុម ហាក់ ឈ្មោះ តាំង អៀង អះអាងថាដីទំហំ២០ម៉ែត្រx៣០ម៉ែត្រក្នុងមណ្ឌលនោះជារបស់ខ្លួនដែរ។

ករណីនេះ អតីតមេបញ្ជាការរងកងទ័ពជើងគោកនិងជាអតីតមន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា លោក ដុម ហាក់ បានទទួលស្គាល់ ប៉ុន្ដែលោកថាដីនោះជាដីរបស់លោកដែលតំណាងរាស្ដ្រខេត្ដសៀមរាមលោក សៀង ណាំ ផ្ដល់ឲ្យ ខណៈដែលលោកធ្វើជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា។ លោកបន្ដថា៖ “ចូលមកបើបោះឆ្នោតឲ្យគណបក្សប្រជាជនហ្នឹងខ្ញុំឲ្យដីហ្នឹង(ឲ្យតែគេបោះឆ្នោតឲ្យបក្សប្រជាជនគេឲ្យដីហ្នឹងមែនទេ)អត់ទេ គេធ្វើការនៅអាជ្ញាធរអប្សរាគ្នាអត់លុយទិញផ្ទះទេ អត់មានលុយទិញដីទេ សួរគេទាំងអស់ទៅគ្មានអ្នកណាអ្នកឲ្យមានតែខ្ញុំទេអ្នកឲ្យ“។

ទោះជាយ៉ាងណានៅក្នុងលិខិតរបស់ក្រុមយោធាអះអាងថា នៅឆ្នាំ២០០៦ លោកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប បានប្រគល់ដីអតីតសាលាមត្ដេយ្យ ទៀ បាញ់ ទំហំ៦១២៨ម៉ែត្រការ៉េ ស្ថិតនៅភូមិវៀល សង្កាត់គោកចក ក្រុងសៀមរាប ដែលមានអាគារមួយខ្នង ឲ្យទៅយោធាការិយាល័យទី២នៃកងទ័ពជើងគោកធ្វើស្នាក់មណ្ឌល៤ ដើម្បីបំរើការងារនៅខេត្ដសៀមរាបដែលមកដល់ពេលមន្ដ្រីយោធាអះអាងថាមានរយៈពេល១០ឆ្នាំហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ