រដ្ឋាភិបាលនឹងបំលាស់ទីពលរដ្ឋរស់នៅតំបន់ទេសចរណ៍ភ្នំគូលេន

ពលរដ្ឋនៅភ្នំគូលេន

មន្ដ្រីរដ្ឋាភិបាលឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅតំបន់បេតិកភណ្ឌទេសចរណ៍ ស្ថិតនៅព្រះអង្គធំ ស្រុកស្វាយលើ នឹងត្រូវបំលាស់ទីលំនៅទៅតំបន់ផ្សេង ដោយថាដើម្បី​រក្សាបរិស្ថាននិងរៀបចំអភិរក្សតំបន់ទេសចរណ៍បេតិកភណ្ឌវប្បធម៌បុរាណភ្នំគូលេន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំអាយស៊ីស៊ីអង្គរ លើកទី២៨ នៅមជ្ឍម​ណ្ឌល អាជ្ញាធរជា​តិអប្សរា នាព្រឹកថ្ងៃពុធនេះ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រ​សួងបរិស្ថាន​លោ​​​ក សេង សោត មានប្រសាសន៍ថា ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ដ​សៀ​មរាប នឹងជម្លៀសពលរដ្ឋចេញពីលើភ្នំគូលេន នាពេលឆាប់ៗខាងមុខនេះ ដែលលោកថា ការតំាងទីលំនៅនៅដោយខុសច្បាប់ ធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍វប្បធម៌បេតិ​ក​ភ​ណ្ឌ និងបរិស្ថាន។ លោកបន្ដថា ពលរដ្ឋដែលមានលំនៅឋានថ្មីៗដោយខុសច្បាប់ អាជ្ញាធរនិងសម្រួលផ្ដល់ទីតាំងថ្មី ប៉ុន្ដែលោកថា ពួកគាត់នឹងមកប្រកបរបរអាជីវកម្មនៅកន្លែងដើមវិញ។

លោកបន្ដថា៖ «កាលណាគាត់ធ្វើផ្ទះកាន់តែច្រើនទៅវាបង្កផលប៉ះពាល់ដល់រមណីយដ្ឋានយើងវាកើតសម្រាម កើតទឹកកក្វក់ដូចឃើញស្រាប់ហើយថាភ្នំគូលេនវាជាតំបន់វត្ថុ​សក្ដិសិទ្ធិតាំងសត្ដវត្សរិ៍ទី៨ ព្រះបាទជ័យវរ្ម័នទី២ លោកបានធ្វើជាទេវរាជ្យនៅលើហ្នឹងចឹងទេភ្នំគូលេនសក្ដិសិទ្ធិណាស់។ ហើយទឹកដែលហូរពីភ្នំគូលេនសម័យដើមជាទឹកអម្រិតដែលគេមិនងាយទៅមុជទឹក​ផងព្រោះមានសិសាចារិកមួយគេហៅសិលាចារិកបាទជុំគេបានបញ្ជាក់ថាគ្មាននណាហ៊ានចុះទៅមុជទឹកសៀមរាបទេដោយសារទឹកជាទឹកសក្ដិសិទ្ធិម្លោះហើយបើយើងបំពុលនៅខាងលើវាប៉ះពាល់ដល់អ្នកក្រោម»។

លោក សេង សោត មានប្រសាសន៍បន្ដថា ការសម្រេចឲ្យពលរដ្ឋមករស់នៅតំបន់ផ្សេងនោះ​ បន្ទាប់ពីរដ្ឋាភិបាលបញ្ចប់គម្រោងដីសម្បទានកសិទេសចរណ៍ ​របស់ក្រុមហ៊ុនគោកធ្លករួចរាល់។ ប៉ុន្ដែទោះយ៉ាងណា លោកមិនទាន់ដឹងចំនួនពលរដ្ឋប៉ុន្មាន​គ្រួសារដែលត្រូវចាកចេញនៅឡើយទេ។

រដ្ឋមន្ដ្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ថ្លែងតាមរយៈអ្នកបកប្រែក្នុងកិច្ចប្រជុំអាស៊ីស៊ី​អង្គរថា គម្រោងបំលាស់ទីពលរដ្ឋ​នេះ ជាគម្រោងមូលនិធិអភិរក្សអង្គរ ក្នុងគោលបំណង់​ថែរក្សាឧទ្យានជាតិភ្នំគូលេន និងព្រៃឈើដែលនៅសេសល់ ដែលលោកថា គ្រោងចាប់អនុវត្ដនៅឆ្នាំ២០១៨ដល់ឆ្នាំ២០២២។ លោកបន្ដថា រដ្ឋាភិបាលនឹងមានគម្រោងកែលំអរផ្លូវពីព្រះអង្គធំ ទៅកាន់ស្រុកស្វាយលើផងដែរ ដើម្បីងាយស្រូកដល់ការធ្វើចរាចររបស់ពលរដ្ឋនិងអ្នកអភិរក្ស។

បើតាមមេឃុំខ្នងភ្នំ ស្រុកស្វាយលើ លោក ឈឿម តាំង ឲ្យដឹងថាលោកទទួលបានសេចក្ដី​សម្រេចពីសាលាខេត្ដឲ្យស្រង់ឈ្មោះ ពលរដ្ឋដែលជាគ្រួសារកងទ័ព​និងសំណង់​អានាធិបតេយ្យ​ដែលទើបកើតថ្មីៗ។ លោកបន្ថែមថា ពលរដ្ឋមួយចំនួនរស់នៅ​លើភ្នំគូលេនធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រនោះ។

ប៉ុន្ដែទោះជាយ៉ាងណា​ប្រជាពលរដ្ឋនៅតំបន់នោះ បដិសេធមិនចាកចេញ ដោយថា ការរស់នៅរបស់ពួកគាត់មិនបានធ្វើប៉ះពាល់ដល់បរិស្ថាន និងបាត់បង់ព្រៃឈើនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ