ព្រះសង្ឃមួយអង្គត្រូវបានឃាត់ព្រះកាយ ក្រោយពីបង្ហាញរូបកាំភ្លើង

អតីតព្រះសង្ឃ ហន សុផាន្នី (រូបភាពពីហ្វេសប៊ុក)

ព្រះ​សង្ឃ​មួយ​អង្គ​ដែល​ជា​សមាជិក​នៃ ​បណ្ដាញព្រះ​សង្ឃ​ឯករាជ្យដើម្បីយុត្តិធម៌សង្គម​ នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ព្រះ​កាយ ទៅ​តាម​ដី​កា​កោះ​របស់​តុលាការ​ខេត្ត​ នៅ​រសៀល​ថ្ងៃ​នេះ បន្ទាប់ពីបង្ហាញរូបកាំភ្លើងនៅតាមហ្វេសប៊ុក។

ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក ​បណ្ដាញ​សង្ឃ​ឯករាជ្យដើម្បីយុត្តិធម៌សង្គម មាន​សង្ឃ​ដីកាភ្លាមៗ​តាម Facebook នៅរសៀលនេះថា អាជ្ញាធរខេត្តបាត់ដំបងបានឃាត់ព្រះកាយ ព្រះសង្ឃ ហន សុផាន្នី គង់នៅវត្តដំរីស ដោយចោទប្រកាន់ថាបានលាក់អាវុធខុសច្បាប់។

ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ទទួលស្គាល់ថា ការបង្ហោះរូបថតរបស់ព្រះសង្ឃព្រះនាម ហន សុផាន្នី ជាមួយកាំភ្លើងជ័រកន្លងមកពិតជាកំហុសមួយ ប៉ុន្តែមិនមែនជាដែនសមត្ថកិច្ចរបស់តុលា​ការ​និង​អាជ្ញាធរនាំព្រះកាយទេ គួរតែមន្ត្រីសង្ឃខេត្តនិមន្តព្រះអង្គទៅអប់រំ៖ «ដូចអ្នកផ្សេងៗសុទ្ធតែព្រមានចង់បង្កើតប្រទេសមួយ បង្កើតជាតិសាសន៍មួយ មិនចង់នៅជាមួយជាតិសាសន៍ខ្មែរទេ ប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយក្តែងៗស្ទើរទូទាំងប្រទេសហេតុអីបានអាជ្ញាធរនិងតុលាការអត់ចាប់? គ្រាន់តែព្រះសង្ឃមួយអង្គយកកាំភ្លើងជ័រមកលេងបន្តិចបន្តួចហើយចាប់ព្រះអង្គឡើងតុលាការយ៉ាងដូច្នេះ វាមិនទាន់សមស្របទេ បើអនុវត្តច្បាប់បើបន្សឹកឬក៏ចាប់សមាជិកអាត្មាមួយអង្គនេះ គួរតែចាប់អ្នកប្រមាថជនរួមជាតិមួយប្រទេសហ្នឹងដែរ ចំរើនពរ!»។

ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ក៏បានអំពាវនាវដល់បណ្តាញព្រះសង្ឃទៅឃ្លាំមើលនៅសាលាដំបូងផងដែរ។

ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​កណ្ដាល​នគរបាល​យុត្តិធម៌ លោក ចេត វណ្ណី បដិសេធអត្ថាធិប្បាយករណីនេះ ដោយប្រាប់ថា កំពុងរៀបចំសំណុំរឿង។

បើតាម ព្រះ​តេជ​គុណ បូរ បេត ​ជាសមាជិកបណ្ដាញ​សង្ឃ​ឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលធ្វើដំណើរទៅខេត្តបាត់ដំបង មានសង្ឃដីកាប្រាប់VODថា ព្រះ​សង្ឃ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ព្រះ​កាយ​នោះ ធ្លាប់​រិះ​គន់​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​លើ​បញ្ហា​ការ​ដឹកនាំ ជម្លោះ​ដី​ធ្លី អំពើ​ពុក​រលួយ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ បញ្ហា​ព្រះ​សង្ឃ​ជា​ដើម។ ប៉ុន្តែ ព្រះ​សង្ឃ​អង្គ​នេះត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថត​រូប​ជាមួយ​កាំភ្លើង​មួយដើម (ដែលគេថាជាកាំភ្លើងជ័រ) បង្ហោះ​នៅ​លើ​បណ្ដាញ​​សង្គម​ហ្វេសប៊ុកកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ