គ.ជ.ប ថានឹងចាប់ផ្តើមចុះឈ្មោះថ្មីក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨ នៅដើមខែកញ្ញា

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

គណៈកម្មាធិការជាតិរៀប​ចំការ​បោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យដឹងថា ការចុះឈ្មោះថ្មីក្នុងបញ្ជីបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ ឆ្នាំ២០១៨ នឹងចាប់ផ្តើមនៅដើម​កញ្ញា​ខាងមុខ​នេះ។

ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ខន កែវមនោ បានប្រាប់VODនៅថ្ងៃទី២០ខែមិថុនានេះថា ការចុះឈ្មោះថ្មីក្នុង​បញ្ជីបោះឆ្នោតនេះ នឹង​ចាប់ផ្តើមនៅ​ថ្ងៃទី​១កញ្ញា ដល់​ថ្ងៃទី​៩វិច្ឆិកា ឆ្នាំ២០១៧ ដើម្បី​ធ្វើ​បច្ចុប្បន្នភាពបញ្ជីបោះ ឆ្នោតថ្មីឆ្នាំ ២០១៧ សម្រាប់​ការបោះឆ្នោត​ជ្រើស​រើស​​តំណា​ងរា​ស្ត្រ​​ខាងមុខ​។

លោក កែវមនោ ឲ្យដឹងទៀតថា​ ពល​រដ្ឋ​ដែលគ្រប់​អាយុ១៨ឆ្នាំ​នៅក្នុង​ប្រទេស ​​និងពលករចំណាកស្រុក​ជាដើម ហើយមិនបានទៅចុះឈ្មោះក្នុង​បញ្ជីបោះ​ឆ្នោត​កាល ពីឆ្នាំ២០១៦​ អាច​ទៅ​ចុះឈ្មោះថ្មី ក្នុងបញ្ជីបោះឆ្នោត ដើម្បីទទួលបានសិទ្ធិបោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ អាណ​ត្តិទី៦ ឆ្នាំ២០១៨។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​មាន​ប្រមាណ៧លាន៨សែននាក់ គឺស្មើ​នឹង៨០,១ភាគរយ ដោយលោកថាជាទិន្នន័យល្អបង្គួរ បើ​ប្រៀប​ធៀបជាមួយ​បណ្ដាប្រទេស​ដែលមានប្រព័ន្ធចុះឈ្មោះបោះឆ្នោតដូចកម្ពុជា។

ករណីនេះ មន្ត្រីឃ្លំាមើលកិច្ចការបោះឆ្នោត លោក គល់ បញ្ញា ធ្លាប់អះអាងប្រាប់ VOD ថា តាម​ស្ដង់ដារ​នៃ​លទ្ធ​ផលចុះឈ្មោះដែលគេទទួលស្គាល់ គឺយ៉ាងហោចណាស់ឲ្យបាន៩៥ភាគរយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ