របាយការណ៍ថ្មីបំផុតមួយ បានបង្ហាញថា អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅក្រោមគំនាប និងការបង្ក្រាបនាពេលសព្វថ្ងៃនេះ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាមរក្សាអំណាចរបស់លោក និងបំផ្លាញយន្តការប្រជាធិបតេយ្យ តាមរយៈការបិទប្រព័ន្ធផ្សព្វផ្សាយ វាយប្រហារ និងរឹតបន្តឹងលើសង្គមស៊ីវិល និងរំលាយបក្សប្រឆាំងចោល។
របាយការណ៍កម្រាស់ ៣០ទំព័រ ចេញផ្សាយដោយមជ្ឈមណ្ឌលសម្រាប់សិក្សាពីយុទ្ធសាស្ត្រអន្តរជាតិមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីងតោន កាលពីថ្ងៃម្សិលមិញនេះ បានបរិយាយថា ស្ថានភាពលំហរនយោបាយ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជានៅមុនការបោះឆ្នោត បន្តស្ថិតក្នុងភាពងងឹតដដែល។
របាយការណ៍ដដែលនេះ បានលើកឡើងទៀតថា អង្គការសង្គមស៊ីវិលនៅកម្ពុជា បានស្ថិតនៅក្រោមការវាយប្រហារពីរដ្ឋាភិបាល តាមរយៈការប្រើប្រាស់យន្តការច្បាប់ ខណៈដែលគណបក្សប្រជាជនកម្ពុជា កំពុងព្យាយាមរក្សាអំណាចរបស់ពួកគេ។
របាយការណ៍ដដែលនេះ បានផ្ដល់អនុសាសន៍ទៅសហគមន៍អន្តរជាតិ ឲ្យដាក់ទណ្ឌកម្មឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីបញ្ចៀសលទ្ធផលមិនល្អកើតឡើងទៅលើប្រជាជន និងសង្គមស៊ីវិលកម្ពុជា។
របាយការណ៍ដដែលនេះ បានលើកឡើងថា ប្រសិនបើសហគមន៍អន្តរជាតិ និងអង្គការសង្គមស៊ីវិល មិនចាត់វិធានការណាមួយនោះទេ របបផ្ដាច់ការមួយដែលដឹកនាំដោយបក្សតែមួយ នឹងកើតឡើងនៅកម្ពុជា។
ប៉ុន្ដែ អ្នកនាំពាក្យគណបក្សប្រជាជន លោក សួស យ៉ារ៉ា ចាត់ទុករបាយការណ៍នេះថា មិនឆ្លុះបញ្ចាំងការពិត និងមាននិន្នាការនយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សួស យ៉ារ៉ា
អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី វិភាគថា រដ្ឋាភិបាលកម្ពុជា កំពុងតែឲ្យនិយមន័យប្រជាធិបតេយ្យ ខុសពីបណ្ដាប្រទេសលោកសេរី និងសហគមន៍អន្ដរជាតិ។
យ៉ាងណាក៏ដោយ លោកវិភាគថា រដ្ឋាភិបាលដឹកនាំដោយគណបក្សកាន់អំណាច នឹងប្រឈមមុខនឹងការរិះគន់បន្ដបន្ទាប់បន្ថែមទៀត បើមិនអើពើនឹងក្ដីកង្វល់ទាំងនោះ។
អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី
សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សុទ្ធតែបានថ្កោលទោសមកលើប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្រោយពីអតីតគណបក្សសង្គ្រោះជាតិដែលមានពលរដ្ឋគាំទ្រប្រហែល ៣លានសំឡេងនៅក្នុងការបោះឆ្នោតកន្លងមកនោះ ត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំមុន ហើយមេដឹកនាំបក្សនេះលោក កឹម សុខា បន្តស្ថិតនៅក្រោមការឃុំខ្លួននៅក្រោមបទចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ហើយអតីតបក្សប្រឆាំងដ៏ធំមួយនេះ មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកចូលរួមក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនេះឡើយ៕