នគរបាលទាត់ចោលមន្ទិលសង្ស័យជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍លើសម្ដេចក្រុមព្រះ

អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ឹម យ៉ាន

អគ្គស្នងការនគរបាលជាតិ បាន​ច្រានចោលព័ត៌មានជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍លើសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា ថា មិនមែនជារឿងនយោបាយ និងថា ជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ដែលបង្កឡើងដោយអ្នកបើកបរ​តាក់ស៊ី។

កាលពីថ្ងៃទី១៧ ខែមិថុនា ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យជាបន្ទាន់ ចំណែកជាយា​របស់​ព្រះ​អង្គ គឺ​អ្នក​ម្នាង អ៊ុក ផល្លា បាត់​បង់​ជីវិតតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​លើ​ផ្លូវ​ជាតិ​លេខ ៤ ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អំឡុង​ពេល​ធ្វើ​ដំណើរ​ចុះ​ជួបជាមួយ​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស។

មន្ដ្រីជាន់ខ្ពស់គណបក្ស ហ៊្វុន ស៊ិនប៉ិច ក៏បានបង្ហាញមន្ទិលសង្ស័យជុំវិញករណីនេះ និងស្នើឲ្យស៊ើបអង្កេតស៊ីជម្រៅ។

ប៉ុន្ដែ ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍​នេះ អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ឹម យ៉ាន បានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់អាជ្ញាធរជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុនេះ និងអះអាងថា មិនមានពាក់ព័ន្ធនឹងរឿងនយោបាយណាមួយឡើយ។

លោក ហ៊ឹម យ៉ាន ថ្លែងថា អ្នកបើកបររថយន្ដតាក់ស៊ី​ឈ្មោះ ម៉ិល សារ៉េត អាយុ ៣៤ឆ្នាំ គឺជាអ្នកបង្កើតកំហុសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយថា នៅត្រង់ចំណុចកើតហេតុនោះ រថយន្ដតាក់ស៊ី បានបើកជែងរថយន្ដមួយគ្រឿង​ទៀត ដែលមានទិសដៅស្របគ្នា ហើយបានរេចង្កូតទៅខាងចំណែកផ្លូវ​នៃក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះ។

លោកថ្លែងបន្ដថា អ្នកបើករថយន្ដតាក់ស៊ី ក៏បានដឹកមនុស្សលើសចំណុះដល់ទៅ ៦នាក់ និងបើកបរក្នុងភាពប្រញាប់ប្រញាល់ ដើម្បីបានឆាប់ដល់គោលដៅ​ពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ។

ចំណុចនេះ គឺស្ដែងឲ្យឃើញថា មានបញ្ហា២ ទី១ គឺល្បឿនលឿន ទី២ ការដឹកនាំមនុស្សដែលអង្គុយជុំគ្នានៅ​កៅអីតែមួយ ធ្វើឲ្យការបើកបរមានការលំបាក​ក្នុងកាច់ចង្កូត និងការជាន់ហ្វ្រាំង ហើយក៏បានបុកយ៉ាងពេញទំហឹង។ ចំណែកព្រះទីនាំងរបស់សម្ដេចក្រុមព្រះ គឺងាកក្បាលចូលទៅគែមខាងស្ដាំបន្ដិច។ នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយអ្នកបើកបរឈ្មោះ ម៉ិល សារ៉េត

អគ្គស្នងការរងនគរបាលជាតិ លោក ហ៊ឹម យ៉ាន

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍​ សម្ដេចក្រុមព្រះ ត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុងបាងកក ប្រទេសថៃ ចំណែក​សពអ្នក​ម្នាង អ៊ុក ផល្លា ត្រូវបានរៀបចំ​ធ្វើបុណ្យតាមប្រពៃណី នៅវត្តបទុមវតី រាជធានីភ្នំពេញ។

សម្ដេច​ក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​ប្រទះ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​កម្រិត​ធ្ងន់​ម្ដង​រួច​មក​ហើយ​​​កាល​ពី​ឆ្នាំ​២០១៥ អំឡុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់មក​ពី​ជួប​អ្នក​គាំ​ទ្រ​គណបក្ស​​នៅ​ឯ​ខេត្ត​កំពង់ចាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ