កម្មករប្រមាណ១០០នាក់ដួលសន្លប់ក្នុងរោងចក្រពីរផ្សេងគ្នា

កម្មករដួលសន្លប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ (រូបភាពផ្តល់ឲ្យ)

ក្រុមមន្រ្តីឲ្យដឹងថានៅព្រឹកថ្ងៃទី២១កក្កដានេះមានកម្មកររោងចក្របានដួលសន្លប់ចំនួនប្រមាណ១០០នាក់ក្នុងរោងចក្រពីរផ្សេងគ្នាដែលស្ថិតនៅក្នុងខេត្ដតាកែវនិងខេត្ដកណ្ដាល។

កម្មកររោងចក្រប្រមាណ៥០នាក់បានដួលសន្លប់ជាបន្ដបន្ទាប់នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «ហ្កាបូថេក ត្រេឌីងខមភេនី» ដែលមានទីតាំងនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវបានប្រាប់ឲ្យដឹងថាមូលហេតុដែលកម្មករដួលសន្លប់ជាបន្តបន្ទាប់ គឺបណ្ដាលមកពីខ្វះអុកស៊ីសែនសម្រាប់កម្មករដកដង្ហើម។ លោកបានបញ្ចាក់ថា៖ “កម្មករដែលដួលសន្លប់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដតាកែវ ក្នុងនោះមានកម្មករចំនួនពីរនាក់មានសភាពធ្ងន់ធ្ងរ“។ លោកបានបន្ដថាក្រសួងការងារកំពុងចុះមកត្រួតពិនិត្យមើលរោងចក្រខ្វះបច្ចេកទេសអ្វីខ្លះដែលបណ្ដាលអោយកម្មករដួលសន្លប់។

កញ្ញា ហេង ពុទ្ធារី កម្មការនីរោងចក្រកើតហេតុខាងលើបានបញ្ចាក់ថា៖ “បើតាមការស្មានរបស់ខ្ញុំប្រមាណជិត១០០នាក់ជាង។ ចំពោះមូលហេតុគឺមិនទាន់បានដឹងច្បាស់លាស់នៅឡើយទេព្រោះគេកំពុងតែពិនិត្យ។ មានកម្មករខ្លះមានសភាពធ្ងន់ធ្ងរ ខ្លះសន្លប់ ខ្លះទៀតក្អួតហើយមានឈាមទៀត“។

ដោយឡែកកម្មករប្រមាណ៦០នាក់ជាងបានដួលសន្លប់នៅក្នុងរោងចក្រ ហ្គ្រេនអ៊ីស ហ្វូតវែរ អ៊ិនធលខប ក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុលអង្គស្នួល ខេត្ដកណ្ដាល។

លោក សៀង រិទ្ធី ប្រធានសម្ព័ន្ធសហជីពអំណាចយុវជនកម្ពុជាបានប្រាប់វីអូឌីថាមូលហេតុដែលបណ្ដាលឲ្យមានការសន្លប់នេះគឺបណ្ដាលមកពីកម្មករប្រមាណជិត១០០នាក់ដែលសន្លប់កាលពីថ្ងៃទី១៨កក្កដាកន្លងទៅនេះមិនទាន់ជាសះស្បើយស្រួលបួលនៅពេលចូលមកធ្វើការនៅថ្ងៃនេះក៏បានសន្លប់និងមានអាការៈធីងធោង។

លោកបញ្ចាក់ថា៖ “អ្នកដែលសន្លប់លើកមុនអត់ទាន់ស្រួលខ្លួន ចន្លោះ៦០នាក់ទៅ៨០នាក់ ហើយគាត់អត់សូវជាសន្លប់អីទេគ្រាន់តែធីងធោង អ្នកបានថ្នាំ ខ្លះព្យួរសេរ៉ូនិងខ្លះទៅផ្ទះ“។

លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីវចលនាកម្មករបានសរសេរក្នុង Facebook របស់ថា៖ “រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញមានករណីកម្មករដួលសន្លប់ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ករណីនេះ ក្រុមមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ តាមបណ្តារោងចក្រ អោយបានញឹកញាប់ និងចាត់វិធានការអោយបានតឹងរឹងទៅលើ ថៅកែ រោងចក្រណា ដែលមិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានការងារ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ