បទ​យកការណ៍៖ សពលោក កែម ឡី នឹងត្រូវតម្កល់ក្នុងចេតិយនៅខេត្តតាកែវ

ក្រុមជាងកំពុងសាងសង់ចេតិយតម្កល់សពលោក កែម ឡី ក្នុងខេត្តតាកែវ (ដោយ ទូច សុខា)

កម្មករនិងជាងសំណង់ប្រមាណជា១០នាក់កំពុងញាប់ដៃញាប់ជើង ដោយមានខ្លះជញ្ជូនឥដ្ឋ ខ្លះទៀតលាយស៊ីម៉ងត៍ និងខ្លះទៀតកំពុងឆាយពង្រាបដីជាដើម។ កម្មករនិងជាងសំណង់ទាំងនេះកំពុងធ្វើការក្នុងបរិវេណផ្ទះលោក កែម ឡី ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

សពលោក កែម ឡី នឹងត្រូវដង្ហែចេញពីវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ទៅតម្កល់នៅស្រុកកំណើតរបស់លោកនៅក្នុងខេត្តតាកែវនៅថ្ងែអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០១៦។

មុនថ្ងៃពិធីដង្ហែសពចូលមកដល់ នៅផ្ទះលោក កែម ឡី ឯខេត្តតាកែវនោះ សាច់ញ្ញាតិលោក កែម ឡី បានចាត់ចែងចាក់ដីបំពេញបវិវេណផ្ទះ ជីកពង្រីកស្រះទឹក និងសង់ចេតិយសម្រាប់តម្កល់សពលោក កែម ឡី ជាដើម។

អ្នកសារព័ត៌មានវីអូឌីកាលពីថ្ងៃពុធបានចុះទៅដល់ផ្ទះលោក កែម ឡី នៅខេត្តតាកែវ។ នៅខាងមុខផ្ទះលោក កែម ឡី មានសង់រោងតូចមួយ ដោយមានដាក់អក្សរថា “ពិធីបុណ្យសពលោកបណ្ឌិត កែមឡី” និងទីធ្លាជុំវិញផ្ទះមានសង់រោងសម្រាប់ទុកទទួលភ្ញៀវក៏ដូចជាមានការតាំងរូបថតលោក កែម ឡី ផងដែរ ទន្ទឹមនឹងការងារសាងសង់ផ្សេងៗ។

លោក ភោគ សម្បូរ គឺត្រូវជាបងជីដូនមួយលោក កែម ឡី និងជាអ្នកពិនិត្យការសាងសង់និងចាត់ចែងកម្មវិធីនៅផ្ទះលោក កែម ឡី នៅក្នុងខេត្តតាកែវ។ លោករៀបរាប់ថា ជាជំហានដំបូង ក្រុមគ្រួសារសពតម្រូវឲ្យសង់ចេតិយសម្រាប់តម្កល់សពលោក កែម ឡី ជាមុននិងថាការសាងសង់អ្វីផ្សេងទៀតនឹងបន្តនៅក្រោយការដង្ហែសពមកដល់។

លោកបន្តថា៖ “តាមគម្រោងកៀនៗនេះគេសង់កន្លែងដាក់ឡាននិងមានបណ្ណាល័យមួយ ប៉ុន្តែមិនទាន់ដឹងថាដាក់ត្រង់ណាទេ បើតាមខ្ញុំស្មានគឺដាក់ត្រង់នោះ…សង់ចេតិយសិន ផុតពីហ្នឹងគណៈកម្មការគេរៀបអ្វីទៀតតាមបច្ចេកទេសរបស់គេ…(ចេតិយ)គេសន្យាធ្វើតែបីថ្ងៃឲ្យហើយ ថ្ងៃនេះថ្ងៃទី១ ពុធ ព្រហស្បតិ៍ សុក្រ គេធ្វើហើយថ្ងៃសុក្រ

ទន្ទឹមនឹងការរៀបចំសាងសង់ចេតិយនិងជីកស្រះ លោក ភោគ សម្បូរ ឲ្យដឹងដែរថាលោកបានរៀបចំចំណតយានយន្តសម្រាប់ទុកដាក់យានជំនិះរបស់អ្នកចូលរូមហែក្បួនសពលោក កែម ឡី រួចរាល់ហើយដែរ។ លោកថា ចំណតនោះអាចចតម៉ូតូបានមិនតិចជាង១ពាន់គ្រឿងនោះទេ។

លោកបន្តថា៖ “បាទក្បួនថ្ងៃអាទិត្យនេះ ខ្ញុំនឹងរៀបចំឲ្យមានកន្លែងដាក់ម៉ូតូមានបីកន្លែង សម្រាប់កុំឲ្យវាស្ទះ ចំណែកឯឡានប្រហែលអត់មានកន្លែងដាក់ទេ តែអាចដាក់តាមផ្លូវ ម៉ូតូមានកន្លែងផ្ញើ បីកន្លែងហ្នឹងខ្ញុំរៀបឲ្យមានប្រជាការពារយាមកាមនៅកន្លែងហ្នឹង

ក្រៅពីអ្វីដែលបានរៀបរាប់នេះ នៅផ្ទះលោក កែម ឡី ឯខេត្តតាកែវក៏បើកឲ្យមានការចូលគោរពសពលោក កែម ឡី ផងដែរ។ រូបថតចំនួនពីរផ្ទាំងដែលមានទំហំប្រហែលជា ០,៦ម៉ែត្រគុណ០,៨ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយផ្កាភ្ញីបានដាក់បញ្ឈរនៅក្នុងរោងបុណ្យ ខណៈរូបថតសន្លឹកតូចៗមួយចំនួនទៀតបានដាក់តាំងជាមួយនឹងកំប៉ុងជើងធូបនៅពីមុខផង។

អ៊ំស្រីលោក កែម ឡី កំពុងសំអាតរួបថតលោក កែំម ឡី (ដោយ ទូច សុខា)
អ៊ំស្រីលោក កែម ឡី កំពុងសំអាតរួបថតលោក កែំម ឡី (ដោយ ទូច សុខា)

នៅចំពីមុខផ្ទះត្រង់ច្រកចូលមានតុមូលមួយដែលមានអាចារ្យចំនួន៣នាក់អង្គុយចាំទទួលបច្ច័យ ខណៈដែលមានប្រជាពលរដ្ឋក្នុងខេត្តនិងខេត្តផ្សេងមួយចំនួនបានចេញចូលមកគោរពសពលោក កែម ឡី ជាហូរហែ។

លោក ពោ ជ្រុន វ័យ៧៤ឆ្នាំជាអាចា្យម្នាក់ក្នុងចំណោមអាចារ្យផ្សេងទៀតដែលកំពុងអង្គុយនៅតុទទួលបច្ច័យ បានឲ្យដឹងថា ការដាក់ឲ្យមានការចូលគោរពសពលោក កែម ឡី នៅស្រុកកំណើតនេះធ្វើឡើងកាលពីថ្ងៃសៅរ សប្តាហ៍មុនពោលគឺចំថ្ងៃខួបប្រាំពីរថ្ងៃនៃការស្លាប់របស់លោក កែម ឡី។ លោកបន្តថាអ្នកមកគោរពសពលោក កែម ឡី មានមកពីតាមបណ្តាស្រុកក្នុងខេត្តតាកែវនិងមានមួយចំនួនទៀតមកពីខេត្តជាប់គ្នានេះ។

លោកបន្តទៀតថា៖ “ចួនម៉ោង៩ ម៉ោង១០ ហ្នឹង ចួម៉ោង១ ម៉ោង៣រសៀលហ្នឹងមកៗមួយៗដែរ កាលបុណ្យគាត់៧ថ្ងៃហ្នឹងបានមកច្រើន…អ្នកមកចូលបុណ្យក៏សួរគាត់ទៅខ្លះមកពីបាង្គសី ខ្លះមកពីខេត្តកំពត និងខ្លះកូនសិស្សអីមកពីខាង(ស្រុក)គិរីរង់

លោក កែម ឡី ត្រូវបានគេស្គាល់ថាអ្នកវិភាគមួយរូបដែលតែងតែរិះគន់លើគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលនិងគោលនយោបាយរបស់គណបក្សប្រឆាំង។ លោក កែម ឡី ក៏បានធ្វើការសិក្សានៅមូលដ្ឋានជាច្រើនទាក់ទងនឹងបញ្ហាព្រំដែន ព្រៃឈើ និងជីវភាពប្រជាពលរដ្ឋជាដើម។

លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅពេលគាត់កំពុងពិសារកាហ្វេនៅម៉ាតមួយកន្លែងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទិត្យទី១០ខែកក្កដា។ ប៉ុន្មានម៉ោងក្រោយការស្លាប់របស់លោក កែម ឡី សពរបស់លោកត្រូវបានដង្ហែទៅតម្កល់នៅវត្តចាស់ សង្កាត់ជ្រោយចង្វា។ បើគិតដល់ថ្ងៃអាទិត្យទី២៤ដែលជាថ្ងៃដង្ហែសពលោកទៅស្រុកកំណើតវិញនោះគឺមានចំនួនពីរសប្តាហ៍។

ជាមួយគ្នានេះដែរ ក្រោយការបាញ់សម្លាប់លោក កែម ឡី ភ្លាមសមត្ថកិច្ចចាប់បានបុរសម្នាក់ដោយចោទថាជាឃាតករបាញ់សម្លាប់លោក កែម ឡី។ ក្នុងចម្លើយសារភាពនៅចំពោះមុខនគរបាលនិងតុលាការ បុរសជាជនសង្ស័យថាខ្លួនឈ្មោះ ជួប សម្លាប់។ ជនសង្ស័យត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុននិងកាន់កាប់អាវុធដោយខុសច្បាប់ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរ។

ក្រោយការស្លាប់របស់លោក កែម ឡី ទាំងរដ្ឋាភិបាល គណបក្សប្រឆាំង អង្គការជាតិ និងអន្តរជាតិជាច្រើនបានថ្កោលទោសចំពោះការសម្លាប់នេះនិងបានអំពាវនាវឲ្យមានការស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់និងឯករាជ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ