អ្នក​វិភាគ​យល់ផ្សេងគ្នា​ពី​ទំនាក់​ទំនង​ កម្ពុជា វៀតណាម និង ចិន

​ក្រុមអ្នក​វិទ្យាសាស្ត្រ​នយោបាយ យល់​ថា ​ការ​ធ្វើ​ទស្សនៈកិច្ច​របស់មេដឹកនាំកំពូលនៃ​បក្ស​កុ​ម្មុនីស​វៀតណាម មក​កម្ពុជា ជាទំនាក់ទំនង​ធម្មតា និងអ្នក​ស្រាវជ្រាវផ្សេងទៀតយល់​ថា វៀត​ណាម ហាក់​កំពុង​ខ្លាច​បាត់​បង់ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ខណៈដែល​​កម្ពុជា ហាក់មានការទោទន់ខ្លាំង​​ទៅរក​ចិន។

អគ្គលេខា​ធិការ​បក្ស​កុម្មុយ​នីស​វៀតណាម​លោក​ ង្វៀន ហ៊ូជុង បាន​មក​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា​រយៈ​ពេល​​៣​ថ្ងៃ​នៅ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ វៀតណាម​ បាន​ចុះ​ហត្ដលេខាលើពិធីសារមួយចំនួន ​ក្នុងន័យដើម្បី​ពង្រឹង​ទំនាក់​ទំនង​​ជាមួយ​កម្ពុជា​មួយ​ចំនួន​។ លើស​ពី​នេះ​ ​ប្រទេស​វៀតណាម ក៏​បាន​ផ្តល់​ជំនួយ​​ជា​​អាគារ​រដ្ឋ​បាល​មួយ ​ដែល​មាន​តម្លៃ​២៥​លានដុល្លារអាមេរិក​ដល់​កម្ពុជា​ផង​ដែរ ខណៈ​ដែល​​កាល​ពីឆ្នាំ​មុន​ក្នុង​ខែ​កក្ក​ដា​ដូច​គ្នា ចិន​បានសន្យា​​ផ្តល់​ជំនួយ​ជា​អាគារ​រដ្ឋ​បាល​ដល់​សភា​ផង​ដែរ ដែល​មាន​ទឹក​ប្រាក់​១៦លាន​ដុល្លារ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយលោកបណ្ឌិត​ ចាន់ វិបុល យល់​ថា​ការ​ធ្វើ​ទស្សនៈរបស់មេដឹកនាំវៀតណាមមកកាន់កម្ពុជាពេលនេះ គឺជា​រឿង​ធម្មតា ហើយមិន​មាន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​រវាង​ប្រទេស​កម្ពុជា វៀតណាម ចិន​ឡើយ។

ចំពោះ​ការ​ផ្តល់​ជំនួយ​ជា​អាគារ​រដ្ឋ​បាល​សភា លោក វិបុល វិភាគ​ថា វា​ជាសន្តាន​ចិត្ត​ និង​ការ​យល់​ព្រម​របស់​កម្ពុជា និងមិន​អាច​ថា ​វៀតណាម​ចង់ប្រើ​ប្រាស់​វិធី​នេះ ​ទាក់​ទាញ​កម្ពុជា​នោះ​ទេ។

លោកមានប្រសាសន៍ថា៖​ «ជាទូទៅទេ កាលណាគាត់មានសន្តានចិត្តជួយអញ្ចឹង មានតែការជជែកគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាទេ។ ប្រសិនជារដ្ឋាភិបាលកម្ពុជាគិតថា បើទទួលយកបានជាប្រយោជន៍ដល់រដ្ឋាភិបាលកម្ពុជាក៏ទទួលទៅ ខ្ញុំយល់ថាវាមិនទាក់ទងអីនឹងរឿងនយោបាយ កាទូតអីរហូតទៅដល់ការទប់ជាមួយចិនទេ។ ប្រសិនជាវៀតណាមចង់ទប់ជាមួយចិនមិនអាចទប់ផ្លូវនេះទេ រឿងការជួយជំនួយនេះមិនអាចទប់បានទេនៅក្នុងការជួយជំនួប្រវត្តិសាស្ត្រ អញ្ចឹងខ្ញុំអាចធ្វើសេចក្តីសន្និដ្ឋាន វាមិនងាំចទាក់ទងជាមួយហ្នឹងនយោបាយទេ​»

ចំពោះ អ្នកវិភាគនយោបាយលោក ឆាំ ប៊ុនថេត យល់ឃើញ​ស្រដៀង​នឹង​លោក ចាន់​ វិបុល ដែលថា ដំណើរ​ទស្សនៈ​កិច្ច​របស់​អគ្គ​លេខា​ធិការបក្ស​កុំមុនី​យ​វៀត​ណាម​នេះ ជារឿងធម្មតាក្នុង​ទំនាក់​ទំនង​រ​វាង​ប្រទេស​មួយ និងប្រទេសមួយ តែលោក​ថា អ្វីគួរឲ្យកត់​សំគាល់​នោះ​គឺ កម្ពុជា និងវៀតណាម​តែងតែម​ក​ធ្វើទស្សន​កិច្ចទៅវិញទៅមក ខណៈពេលដែលការបោះឆ្នោតខិតជិតដល់។

មួយ​វិញ​ទៀត លោក ប៊ុនថេត វិភាគថា ខណៈ​ដែលទំនាក់​ទំនង​កម្ពុជា ចិន​ កាន់តែស្អិតរមួតជាងខ្លួននោះ លោកថា វៀតណាម ​អាចនឹង​ភ័យ​ខ្លាច​បាត់​​បង់កម្ពុជា ទៅកាន់ប្រទេសចិន​ ដែលប្រទេសមហាអំណាចមួយនេះ ហាក់មិនសូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​​ខ្លួនជាយូរមកហើយនោះ។

លោកថា៖ «ខ្មែរយើង អត់អាចអត់ចិនបានទេ! ហេតុអី? ពីព្រោះ មានតែចិនទេ ដែលអាចការពារវៀតណាម ក៏ប្រទេសជិតខាងណាមួយលេបយកខ្មែរបាន ដូច្នេះ ទំនររបស់ខ្មែរទៅរកចិនគឺចាំបាច់ខ្ញុំមើលឃើញទំនររបស់សម្តេចនាយករដ្ឋមន្ត្រីទៅចាប់ចិន ខ្ញុំក៏មើលឃើញថា លោកក៏មានសុឆន្ទះមួយដែចង់ការពារខ្មែរកុំឲ្យវៀតណាមលេបយកដែរ រឿងនេះ ជាការពិតយើងត្រូវនាំគ្នាទទួលស្គាល់ ហើយខ្មែរយើង ក៏មិនត្រូវស្អប់ចិនដែរ ពីព្រោះវាជាប្រទេសមួយ ដែលនៅឆ្ងាយពីយើងដែលអាចការពារយើងពីវៀតណាម ព្រោះយើងដឹងហើយថា ទំនាក់ទំនងរវាងចិននិងវៀតណាម ហើយខ្មែរនិងយួនគឺវាអត់មានខុសគ្នាទេ»

អ្នក​ស្រាវជា្រវពី​វិទ្យាសាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ​ក្នុង​ដំណើរ​ការ​ទំនាក់​ទំនង​អន្ត​រជាតិ ថ្វី​ត្បិត​កម្ពុជា​ វៀតណាម​មាន​ទំនាក់​ទំនង​ល្អ​ ព្រំ​ដែន​ល្អ​ជា​មួយ​​គ្នា​មែន តែ​ប្រសិន​ជា​គ្មា​នដំណើរ​ទស្សនៈកិច្ច​ ឬចំណង​ទាក់​ទង​នោះ​ទេ ​នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​ណាមួយ​ក្នុង​ទំនាក់​ទំនង​នោះ​ងាក​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​វិញ។ លោក​ថា ទំនាក់​ទំនង​កម្ពុជា វៀត​ណាមក៏​ដូច​គ្នា​ដែរ ខណៈ​ពេល​​នេះ ​កម្ពុជា មាន​ទំនាក់​ទំនង​ស្អិត​រមួត​ជា​មួយ​ចិន​ជា​ខ្លាំង ​នោះ​ក៏​អាច ​ជាការ​បារម្ភមួយ​របស់​វៀត​ណាម​ផង​ដែរ។

លោក​ថា៖ «ជាទូទៅប្រទេសណា ក៏ដូចប្រទេសណា ចិនក៏ខ្លាច វៀតណាម ក៏ខ្លាចកម្ពុជាងាកទៅរកប្រទេសណាមួយដែរ។ ​ ​ក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន កម្ពុជាត្រូវគិតទៅលើផលប្រយោជន៍ជាតិ ហើយនិងចំណងទាក់ទង នឹងប្រទេសជិតខាង ព្រោះវៀតណាមជាប្រទេសជិតខាងនិងមានឥទ្ធិពលច្រើនពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជាតាំងពីឆ្នាំ១៩៧៩មក ដល់បច្ចុប្បន្នគឺនៅតែមានឥទ្ធិពលដែរ។ ពាក់ព័ន្ធនឹងយន្តការនយោបាយទូទៅ វាមិនត្រឹមតែពាក់ព័ន្ថនឹងគោលនយោបាយរបស់កម្ពុជាសុទ្ធសាធទេ នយោបាយនៅកម្ពុជា វាពាក់ព័ន្ធនឹងវៀតណាមច្រើនហើយយើង គឺជាសមាជិកអាស៊ានដូចគ្នា»

លោក​ ឯម សុវណ្ណារ៉ា​ វិភាគ​ថា ក្នុង​ដំណើរ​​ទំនាក់​ទំនង​កម្ពុជា ចិន គឺ​មាន​ប្រយោជន៍​ច្រើន​ជាងវៀតណាម​ ទាំង​សេដ្ឋ​កិច្ច​ និង​អធិបតេយ្យភាព​ទឹក​ដី។ ទោះ​ជាយ៉ាង​ណា ​លោ​ក​ថា ​កម្ពុជា មិន​គួរ​បោះបង់​ចោល​ប្រទេស​ណា​មួយ​ទេ ព្រោះ​ថា ការ​ចាប់​យក​ប្រទេស​ណា​មួយ​ ដោយ​ចោល​ប្រទេស​ណា​មួយ​នោះ ​វា​ធ្វើ​ឲ្យ​កម្ពុជា ជាអ្នករង​គ្រោះ​ទៅ​វិញ​ទេ។

សម្រាប់​ដំណើរ​ការ​ទំនាក់​ទំនងអន្តរជាតិ​របស់​កម្ពុជាដូច​សព្វថ្ងៃ​នេះ លោក​ឯម សុវណ្ណារ៉ា​ បន្តវិភាគថា បើ​ទោះ​បី ​រាង​ជ្រុល​ទៅ​ចិន​បន្តិច​ តែ​លោក​ថា កម្ពុជាកំពុង​ដើរ​លើ​ផ្លូវ​ត្រូវ។

ទំនាក់​ទំនង​កម្ពុជា-ចិន ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​​ជាង១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដែលឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ឥត​សំណង កម្ចី​ហិរញ្ញវត្ថុ និង​កំណើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ ទំនាក់​ទំនង​នេះ​ ក៏ត្រូវបាន​គេមើល​ឃើញ​រឹត​តែ​​ច្បាស់ ​ក្រោយការចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន ករណីសមុទ្រចិនខាងត្បូង ហាក់ត្រូវបានរាំង​ស្ទះ​ដោយ​សារ​កម្ពុជា​​ ចំនួន​​​ពីរ​លើក​។ សេចក្តី​ថ្លែង​ការណ៍​រួម​នោះ ​ជា​សេចក្តី​ថ្លែង​ការ​ ដែល​ចង់​បាន​បំផុត​ដោយប្រទេសភីលីពីន និង​វៀតណាម ថ្កោល​ទោស​ចិន លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០១៧​នេះ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​សម្បទាន​​ដល់​ទៅ ៤ ២០០​លាន​ដុល្លារ សម្រាប់​​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ កសិកម្ម សុខាភិបាល អប់រំ និង​សន្តិសុខ​សង្គម​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ