បក្ស GDP អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ឲ្យ​ត្រៀម​ទុន​១០០​លាន​ដុល្លារ​សម្រាប់​រដូវ​ប្រមូល​ផល​ធំ​ខាង​មុខ

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានអំពាវនាវទៅកាន់រដ្ឋាភិបាលកម្ពុជាឲ្យត្រៀបកញ្ចប់ថវិកាយ៉ាងតិច១០០លានដុល្លារសម្រាប់ផ្ដល់កម្ចីឥណទានទៅដល់ប្រតិបត្តិករស្រូវអង្ករកម្ពុជា ដើម្បីទប់ស្កាត់វិបត្តិនៃការធ្លាក់ចុះតម្លៃស្រូវជាថ្មី ខណៈដែលរដូវប្រមូលផលកសិកម្មធំនឹងខិតចូលមកដល់នៅចុងឆ្នាំនេះ។

ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលត្រូវបានគេដឹងថាដឹកនាំដោយក្រុមបញ្ញាវន្តមួយក្រុមនោះ បានសាទរចំពោះការបញ្ចេញកញ្ចប់ថវិកា២៧លានដុល្លាររបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវនាពេលថ្មីៗនេះ។

កាលពីសប្ដាហ៍មុន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសថា រដ្ឋាភិបាលបានផ្ដល់ប្រាក់២០លានដុល្លារទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្ដល់កម្ចីទៅដល់រោងម៉ាស៊ីនកិនស្រូវសម្រាប់ទិញស្រូវស្តុកទុក ខណៈដែលតម្លៃស្រូវបានធ្លាក់ចុះពី៩៩ម៉ឺនរៀលក្នុងមួយតោនមកនៅត្រឹម៧៧ម៉ឺនរៀលប៉ុណ្ណោះ។

ទោះជាយ៉ាងណា គណបក្សប្រជាធិបតេយ្យមូលដ្ឋានបាននិយាយក្នុងសេចក្ដីថ្លែងការណ៍នោះថា ខ្លួនមើលឃើញថាវិបត្តិទីផ្សារនិងតម្លៃស្រូវអាចនឹងកើតមានជាថ្មីទៀត ហើយអាចធ្ងន់ធ្ងរជាងពេលនេះទៅទៀត ខណៈដែលរដូវប្រមូលផលស្រូវធំនឹងចូលមកដល់នៅខែវិច្ឆិកានិងធ្នូខាងមុខនេះ។

ខណៈដែលអំពាវនាវឲ្យរដ្ឋាភិបាលទិញស្រូវស្តុកទុកឲ្យបាន៥ភាគរយនៃទិន្នផលស្រូវសរុបនៅទូទាំងប្រទេសនោះ គណបក្សនេះក៏បានអំពាវនាវទៅគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងងាកទៅជជែកគ្នាតាមយន្តការសភាជាតិ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ