សង្គមស៊ីវិលថាការប្រកាសឲ្យមន្ត្រីជួយទិញអង្ករគ្រាន់តែជាការដោះស្រាយមួយគ្រា

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវកាល​ពី​ពេល​កន្លង​ទៅ (រូបថត៖ បូ សាវី)

មន្ត្រីសង្គមស៊ីវិលបង្ហាញទស្សនៈប្រហាក់ប្រហែលគ្នាថា យុទ្ធសាស្រ្តរបស់រដ្ឋាភិបាលដែលប្រកាសឲ្យមន្ត្រីជួយទិញស្រូវនិងអង្ករពីកសិករនោះ មិនមែនជាដំណោះស្រាយយូរអង្វែងទេ ខណៈដែលមិនមានគោលការណ៍ជាក់លាក់ក្នុងការរកទីផ្សារនាំអង្ករចេញទៅក្រៅប្រទេសនោះ។

ការលើកឡើងនេះគឺបន្ទាប់ប្រធានធនាគារអភិវឌ្ឍន៍ជនបទ (RDB) និងធនាគារស្រូវ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ ខណៈដែលកសិករកំពុងជួបការលំបាក ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។ ក្រោយពីមានការអំពាវនាវនេះ មានមន្ត្រីនៅក្នុងស្ថាប័នរដ្ឋាភិបាលបាននាំគ្នាទិញអង្ករពីធនាគារអភិវឌ្ឍន៍ជនបទនិងធនាគារស្រូវដោយថា ដើម្បីជួយលើកកំពស់តំលៃស្រូវនិងអង្ករខ្មែរ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថាការជួយទិញអង្ករ ដោយលើកហេតុផលថា  ដើម្បីជួយគាំទ្រកសិផលខ្មែរ ខណៈដែលកសិករកំពុងជួបការលំបាករឿងតម្លៃស្រូវធ្លាក់ចុះ វាគ្រាន់តែការចែករំលែកមួយគ្រានៅពេលកសិករជួបការលំបាកក្នុងគ្រាអាសន្នតែប៉ុណ្ណោះ។ លោកបន្តថាយុទ្ធសាស្រ្តដែលរដ្ឋាភិបាលធ្វើបច្ចុប្បន្ន ជាកត្ដាមួយល្អដែរ ប៉ុន្តែវាមិនយូរអង្វែងទេ។ លោកថារដ្ឋាភិបាលត្រូវរៀបចំផែនការមួយ ដើម្បីឲ្យដំណើរការទីផ្សារស្រូវនេះដើរទៅលូន កុំឲ្យឈ្មួញចុះទៅទម្លាក់ថ្លៃកសិផលរបស់កសិករ។

លោកមានប្រសាសន៍ថា៖ “ចឹងត្រូវតែរកវិធានការយ៉ាងម៉េចដើម្បីកាត់បន្ថយការចំណាយ កាត់បន្ថយថ្លៃដើមរបស់កសិករ ចឹងខ្ញុំនៅតែទទូចឲ្យរដ្ឋាភិបាលលើកជាសហគមន៍ (ត្រូវឲ្យប្រជាពលរដ្ឋចេះចងក្រងគ្នាបង្កើត)ដោយប្រើតួនាទីរដ្ឋាភិបាលមួយចំណែកនៅក្នុងសហគមន៍ មានន័យថាសហគមន៍របស់កសិករ គឺជាសហគមន៍របស់រដ្ឋាភិបាលដែរ ហើយត្រូវរៀបច្បាប់គ្រប់គ្រងសហគមន៍នេះឲ្យបានល្អ ដើម្បីឲ្យកសិករទទួលបានផលប្រយោជន៍ស្មើរគ្នា។ បើចឹងទេវាត្រូវតែមានអ្នកកេងប្រវ័ញ្ញលើផលប្រយោជន៍របស់សហគមន៍នេះទៀតពេលនោះ សហគមន័មិនបានជោគជ័យទេ បែកខ្ញែកដូចពេលមុនចឹង“។

ទាក់ទងបញ្ហានេះ លោកបណ្ឌិត មាស នី សាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល ដែលបានបញ្ចេញប្រាក់     ភ្លាមៗទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវនេះតែលោកថា ការដោះស្រាយយូរនោះរដ្ឋាភិបាលគួរតែរកទីផ្សារពិតប្រាកដឲ្យកសិករ ដើម្បីធានាពីតម្លៃកសិផលរបស់កសិករជាជាងគ្រាន់តែចេញវិធានការដោះស្រាយឲ្យរួចតែមួយគ្រាៗហើយបាត់ទៅវិញនោះទេ។

លោកមានប្រសាសន៍ថា៖ “ប្រសិនបើរដ្ឋាភិបាលទិញឆ្នាំនេះ ឆ្នាំក្រោយអាចនឹងមានការផលិតលើសហ្នឹងទៀត ។ ការលើកទឹកចិត្តនេះឯង បន្ទុកអាចនឹងធ្លាក់ធ្ងន់មកលើរដ្ឋាភិបាលទៀត បើសិនរដ្ឋាភិបាលរកទីផ្សារមិនបានទេ ខ្ញុំគិតថាឆ្នាំក្រោយអាចមានបញ្ហាធំជាងនេះ នៅពេលស្រូវឆ្នាំចាស់ក៏សល់ ហើយស្រូវឆ្នាំក៏នៅទៀតនឹងមានបញ្ហា ហើយនៅក្នុងពេលឆាប់ៗដល់រដូវដំឡូងទៀតក៏ជាដំណាំធំមួយទៀត ដែលយើងអត់ដឹងថាតម្លៃដំឡូងយ៉ាងម៉េចដែរ។ កាលណាយើងនិយាយពាក្យថាខ្វះទីផ្សារសម្រាប់ទៅក្រៅហើយ គឺបញ្ហានឹងមានបន្តបន្ទាប់សម្រាប់កសិករ“។

អគ្គលេខាធិការនៃសម្ព័ន្ធសហគមកសិករកម្ពុជាលោក ថេង សាវឿន លើកឡើងថាបើរដ្ឋាភិបាលចង់ដោះស្រាយបញ្ហានេះ គួរតែធ្វើការរៀបចំផែនការមួយច្បាស់លាស់ជាពិសេសត្រូវរកទីផ្សារកសិករលក់ ខណៈកសិករ៨៣% ពឹងទៅលើវិស័យកសិកម្ម ប្រសិនកសិករផលិតបានតែមិនមានទីផ្សារលក់ នឹងធ្វើឲ្យពួកគាត់ជំពាក់បំណុលធនាគារ។

លោកមានប្រសាសន៍ថា៖ “ត្រូវបានការរៀបចំ រកកន្លែងទីផ្សារសម្រាប់កសិករលក់(ហើយ) រដ្ឋាភិបាលត្រូវតែដាក់លុយ មានផែនការលុយ និងប្រើប្រាស់លុយជាក់លាក់ ជាពិសេសគឺថវិកាជាតិ អនុម័តរៀងរាលឆ្នាំហ្នឹងត្រូវតែទំលាក់ការប្រើប្រាស់ហ្នឹង(ឲ្យក្នុង) វិស័យកសិកម្មជាជាងយើងគ្រាន់តែទុកបម្រុងតិចតួចក្នុងរដូវដែលកសិករប្រមូលផល។ យ៉ាងណាមិញ ផែនការយុត្តិសាស្ត្រយើងរៀបបាន(ល្អជាក់លាក់) ប្រសិនបើរដ្ឋាភិបាលដាក់លុយ ស្នើទៅរដ្ឋសភាអនុម័តលុយ (នៅក្នុងកញ្ចប់) ថវិកាជាតិមួយឆ្នាំ៤០០លានដុល្លារ ដើម្បីជាឥណទាន ទៅលើវិស័យកសិកម្ម ឲ្យកសិករកម្ចីឥណទានទាំងអស់ជាទុនជាដើមក្នុងវិស័យកសិកម្មហ្នឹងទើបល្អប្រសើរ“។

លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា បន្ទាប់ពីមានការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ គឺលោកថាមានមន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករ និងក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមជួយទិញស្រូវប្រជាពលរដ្ឋ។ សកម្មភាពលោកថា នេះជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជួយដល់កសិករ។

លោកក៏បានអំពាវនាវបន្ថែមទៅកាន់មន្រ្តីរាជរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនឲ្យជួយទិញស្រូវពីប្រជាកសិករឲ្យបានកាន់តែច្រើនឡើងនៅទូទាំងប្រទេស។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ប្រជាកសិករប្រហែល៥០០នាក់នៅស្រុកសង្កែបាននាំគ្នាបិទផ្លូវជាតិលេខ៥ ដើម្បីជំរុញទៅអាជ្ញាធរឲ្យស្វែងរកទីផ្សារសម្រាប់លក់ស្រូវទៅតាមតម្លៃដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលនាពេលថ្មីៗនេះ។ ក្រោយការតវ៉ានេះមួយថ្ងៃ រដ្ឋាភិបាលបានប្រកាសផ្តល់ឥណទាននូវទឹកប្រាក់២៧លានដុល្លារ ដោយថាជាកម្ចីដល់រោងម៉ាស៊ីនកិនស្រូវយកទៅទិញស្រូវពីកសិករដើម្បីទប់ទល់នឹងការធ្លាក់ចុះតម្លៃស្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ