វិភាគ៖ តើការវិលចូលសភារបស់បក្សប្រឆាំងជាការបើកផ្លូវឲ្យមានដំណោះស្រាយនយោបាយទេ?

ច្រើនខែមកនេះសហគមន៍ជាតិនិងអន្តរជាតិមួយចំនួនបានបង្ហាញការព្រួយបារម្ភជាបន្តបន្ទាប់ពីស្ថានការណ៍នយោបាយនៅកម្ពុជា។

ក្តីបារម្ភនេះចំពេលដែលគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចបានចល័តកងទ័ពក្នុងទីក្រុងបញ្ជាកម្លាំងប្រដាប់អាវុធឲ្យត្រៀមទប់ស្កាត់កម្លាំងតវ៉ាទាំងអស់របស់គណបក្សសង្គ្រោះជាតិ នៅពេលដែលបក្សប្រឆាំងប្រកាសថាធ្វើបាតុកម្មប្រឆាំងនឹងការយកប្រព័ន្ធតុលាការធ្វើជាឧបករណ៍នយោបាយ។

កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងប្រទេសជិត៤០មានទាំងសហរដ្ឋអាមេរិកនិងសមាជិកសភាពអឺរុបទាំង២៨ប្រទេស បានអំពាវនាវរួមគ្នាឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតឲ្យមានបរិយាកាសនយោបាយមួយ ដោយថាឲ្យគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពបានដោយសេរី ដោយគ្មានការភ័យខ្លាច។

សហគមន៍អន្តរជាតិទាំងនោះក៏បានជំរុញរដ្ឋាភិបាលកម្ពុជាធានាដំណើការបោះឆ្នោតឲ្យប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ ធានាភាពស្របច្បាប់ដល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត ធានាចំពោះមុខពលរដ្ឋរបស់ខ្លួន និងសហគមន៍អន្តរជាតិ។

រឿងដែលសហគមន៍អន្តរជាតិព្រួយបារម្ភនោះ គឺចំពេលដែលអ្នកនយោបាយខ្មែរហាក់ដើរដល់ចំនុចទាល់ច្រកមួយ ដែលគណបក្សសង្គ្រោះជាតិបានប្រកាសគំរាមថា បាតុកម្មអាចនឹងផ្ទុះឡើងនៅទូទាំងប្រទេស បើបក្សកាន់អំណាចនៅតែបន្តបិទច្រកចរចា។

ចំណែកមេបក្សកាន់អំណាច លោក ហ៊ុន សែន វិញបានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមបង្ក្រាប ឲ្យខាងតែបាន ក្នុងរូបភាពណាក៏ដោយទប់ស្កាត់កុំឲ្យធ្វើបាតុកម្មនេះ។

ប៉ុន្តែការបង្ហាញសាច់ដុំដាក់គ្នាទៅវិញទៅមកនេះ ហាក់ថយចុះបន្តិចវិញ នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារនយោបាយគំរាមផងនិងបង្ហើបផ្លូវពីដំណោះស្រាយផងថា ការនិយាយគ្នាបាន មានតែយន្តការសភាមួយគត់។

លោកថា៖ «ចង់ចរចានិយាយគ្នាឲ្យត្រង់ និយាយគ្នាឲ្យស្រួល បាតុកម្ម ចរចា អ្ហឺស បើអញចរចាឆ្កែសុទ្ធ ប្រាប់ឲ្យហើយទៅ អាណាដែលមកគំរាមគេអញ្ចឹង។ កន្លែងតែមួយគត់ដើម្បីនិយាយគ្នាគឺសភា នៅសភាអ្នកឯងដើចោលសភា ហើយមានពេលណាទៅជួបគ្នា កន្លែងមានមិនទៅធ្វើទេ ដើចោល ជួនកាលអាសភាហ្នឹង វាមានប្រយោជន៍របស់វា គេមិនណាត់ជួបគ្នាមុនទេ ជួនកាលគេដើរទៅចាប់ដៃ ចាប់ដៃហើយនិយាយពីរបីមាត់និយាយរឿងនេះរឿងនោះអីអញ្ចឹងទៅ វារាលដាល់ដល់រឿងនោះអីអញ្ចឹងទៅ វាអាចបង្កើតការយោគយល់គ្នាខ្លះ។ដល់ឥឡូវមកប្រកាស បើមិនចរចាធ្វើបាតុកម្ម ទេ! អញ្ជើញ ប្រាប់ឲ្យច្បាប់ៗឲ្យហើយ  បរទេសកុំលូកលាន់»

សារនយោបាយរបស់លោក ហ៊ុន សែន នេះធ្វើបក្សប្រឆាំងដែលប្រកាសធ្វើពិហិកាមិនចូលប្រជុំសភាជាង៤ខែមកនោះ បានអះអាងថាក្រុមអ្នកតំណាងរាស្ត្រនឹងពិចារណា វិលចូលប្រជុំសភាពេញអង្គឡើងវិញ ដើម្បីបើកផ្លូវឲ្យមានដំណោះស្រាយនយោបាយ។

តើការដើរចូលប្រជុំសភារបស់បក្សប្រឆាំងនេះជាការបើកផ្លូវឲ្យមានដំណោះស្រាយនយោបាយទេ?

អ្នកវិភាគនយោបាយបង្ហាញការយល់ឃើញផ្សេងគ្នាពីដំណោះស្រាយនយោបាយ ក្រោយតំណាងរាស្ត្របក្សប្រឆាំងដើរចូលប្រជុំសភាឡើងវិញនេះ។

ព្រឹទ្ធាចារ្យនិងជាអ្នកនយោបាយជើងចាស់មួយរូប អាយុ៨១ឆ្នាំ លោក លឺ ឡាយស្រេង លើកឡើងថា ការសម្រេចដើរចូលប្រជុំសភារបស់បក្សប្រឆាំង លោកវិភាគថាជាសញ្ញាវិជ្ជមានមួយឈានទៅរកដំណោះស្រាយនយោបាយនាពេលខាងមុខ។

លោក លឺ ឡាយស្រេង លើកឡើងទៀតថា ការដែលលោកវិភាគបែបនេះ ដោយថាភាពចម្រូងចម្រាសនៅតាមព្រំដែនជាមួយប្រទេសវៀតណាម លោកថារដ្ឋាភិបាលបានផ្ញើកំណត់ទូតមិនតិចជាង២៣ទេ ស្វែងរកការចរចា ដើម្បីដោះស្រាយដោយសន្តិវិធី បើទោះវៀតណាមមិនឆ្លើយតបដោយវិជ្ជមានក៏ដោយ។

លោក លឺ ឡាយស្រេង វិភាគថាដំណោះស្រាយនយោបាយដោយសន្តិវិធីរវាងខ្មែរនិងខ្មែរនឹងអាចធ្វើទៅបានដោយផ្លែផ្កា មិនពិបាកដូចផ្ញើកំណត់សុំចរចាជាមួយវៀតណាមរឿងព្រំដែនទេ។

លោកថា៖ «ខ្ញុំសង្ឃឹមថាមាន [លទ្ធផលចរចា]ពីព្រោះសម្តេចនាយកថាអញ្ចឹង ថាបើនិយាយរឿងបាតុកម្មអត់ទេ តែបើចូលសភាអាច អាចនិយាយគ្នា អាហ្នឹងជាសញ្ញាណមួយឲ្យឃើញតើ[សញ្ញាណវិជ្ជមាន] បាទ! ខ្ញុំឃើញសម្តេចនាយកបើកដៃឲ្យតើ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី វិភាគថាការដើរចូលប្រជុំសភារបស់បក្សប្រឆាំង ជារឿងល្អ។ ប៉ុន្តែលោកថាការរំពឹងទុកពីលទ្ធផលចរចាឲ្យស្ថានការណ៏វិលទៅរកភាពល្អប្រសើរបំបាត់ភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនិងអ្នកវិនិយោគនោះ លោកថាជាការពិបាកសង្ឃឹម។

លោក មាស នី រំឭកថាកន្លងទៅមេដឹកនាំទាំងពីរធ្លាប់ចុះកិច្ចព្រមព្រៀងជាមួយគ្នាស្វែងរកប្រយោជន៍ជាតិម្តងហើយកាលថ្ងៃ២២កក្កដាឆ្នាំ២០១៤។ ប៉ុន្តែលោកថាជាងពាក់កណ្តាលអាណត្តិមកនេះ មេដឹកនាំទាំងពីរហាក់មិនបានយកកិច្ចព្រមព្រៀងនោះមកអនុវត្តទេ តែផ្ទុយទៅវិញលោកថាស្ថានការណ៍នយោបាយពេលនេះនៅតែបង្កឲ្យមានការភ័យខ្លាចដល់អ្នកវិនិយោគនិងប្រជាពលរដ្ឋដដែល។

លោកថា៖ «ខ្មែរពេលណាដែលបានអង្គុយនិយាយគ្នា វានឹងអាចយល់គ្នាឆាប់រហ័សទេ។ ប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភៗត្រង់ថា អ្នកដឹកនាំខ្មែរឥឡូវមានសតិមិនសូវហ្នឹងន្ន ថ្ងៃហ្នឹងគាត់និយាយអញ្ចឹងទៅ ថ្ងៃស្អែកគាត់និយាយអញ្ចុះវិញ ជួនកាលគាត់និយាយចេះទៅធ្វើចុះបាទ! អានេះជារឿងដែលយើងព្រួយបារម្ភ។ តែបើសិនបើការលើកឡើង វាជាសុឆន្ទៈពិតប្រាកដមែនរបស់គណបក្សទាំងពីរ ខ្ញុំគិតថាជាក្តីសង្ឃឹមមួយដែលពលរដ្ឋខ្មែរចង់បាន»។

បើតាមលោក មាស នី ការដើរចូលទៅប្រជុំសភារបស់បក្សប្រឆាំងនេះក៏អាចឱកាសមួយទៀតរបស់តំណាងរាស្ត្របក្សប្រឆាំងក្នុងការកោះហៅមន្ត្រីរដ្ឋាភិបាលដែលអសកម្មក្នុងស្ថាប័ននីមួយៗ មកសួរដេញដោលក្នុងសភា បើទោះបីបក្សប្រឆាំងគ្មានសំឡេងគ្រប់សម្រាប់ដកមន្ត្រីរដ្ឋាភិបាលណាដែលអសកម្មនោះក៏ដោយ។

លោកថា៖ «ធម្មតាការវាយស្គរ បើសិនជាវាមិនបានផ្អើលដល់គេឡើងរាំ ក៏អាចធ្វើឲ្យគេថ្លង់ត្រចៀកដែរ ហើយជាពិសេសធ្វើឲ្យសាធារណជនមើលឃើញថា គណបក្សប្រឆាំងបានបំពេញតួនាទីខ្លួនឯងដែរ។ ប៉ុន្តែបើគណបក្សកំពុងគ្រប់គ្រងអំណាចមិនទទួលស្គាល់ហើយបដិសេធ អាហ្នឹងវាជារឿងរបស់គណបក្សកាន់អំណាច ហើយប្រជាប្រិយភាពវាអាស្រ័យលើពលរដ្ឋគេមើលឃើញ»។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល វិភាគថាបើគណបក្សទាំងពីរគិតប្រយោជន៍ជាតិជាធំ លោកថាទីតាំងសភាជាជម្រើសចាំបាច់ ព្រោះថាបញ្ហាទាំងអស់គណបក្សទាំងពីរជាអ្នកបង្កើតឡើង។

ប៉ុន្តែលោក ចាន់ វិបុល ថាគណបក្សទាំងពីរមិនគួរយករដ្ឋសភាជាកន្លែងចរចាស្វែងរកដំណោះស្រាយនយោបាយទេ គឺត្រូវយកសភាជាទីតាំងពង្រឹកការអនុវត្តច្បាប់។

លោកថា៖ «យន្តការនៃវប្បធម៌សន្ទនានេះមិនអាចបន្តជាទម្រង់របស់រដ្ឋទេ អញ្ចឹងគណបក្សទាំងពីរត្រូវតែជជែកនៅក្នុងផ្លូវការរបស់រដ្ឋសភា មើលបទបញ្ជាផ្ទៃក្នុងរបស់សភា ហើយដាក់នូវអ្វីៗដែលបានឯកភាពគ្នា ទៅក្នុងក្រមខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ជាគោលការណ៍នៃការជជែកចរចាគ្នា ជាជាងយកអាវប្បធម៌សន្ទនានេះ ឲ្យក្លាចជាយន្តការណ៍សម្រាប់ដោះស្រាយតែរឿងទំនាស់របស់គណបក្ស។ យើងអត់ចង់ឃើញគណបក្សទាំងពីឈ្លោះគ្នាទៀតទេ យើងចង់ឃើញគណបក្សទាំងពីរដឹកដៃគ្នា ធ្វើការនៅក្នុងសភា គ្រប់គ្រងរដ្ឋាភិបាល ហើយរៀបចំឲ្យមានប្រព័ន្ធច្បាប់មួយដែលស្របទៅតាមគោលការណ៍ជាតិរបស់កម្ពុជា ហើយពង្រឹងលទ្ធផលនៃការបោះឆ្នោតក្នុងឆ្នាំ២០១៧និង២០១៨នាពេលខាងមុខ»។

បើតាមអ្នកវិភាគនិងអ្នកស្រាវជ្រាវ ដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកភាពរីកចំរើន អ្នកនយោបាយខ្មែរគួរឈប់យកម្លាំងម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ធ្វើជារបាំងមុខ សម្រាប់ទប់ស្កាត់សេរីភាពបញ្ចេញមតិដោយសន្តិវិធី ដោយថាពលរដ្ឋសម័យនេះ ពួកគេមិនត្រូវការទេ។

អ្នកនយោបាយត្រូវបញ្ឈប់បង្កើតជម្លោះដោយសារតែនិន្នាការនយោបាយ ហើយត្រូវរកដំណោះស្រាយដោយសន្តិវិធីតម្កល់ប្រយោជន៍ជាតិជាធំ។

អ្នកតំណាងរាស្ត្រត្រូវបង្កើតច្បាប់ការពារប្រយោជន៍ជាតិជាជាងការពារប្រយោជន៍បក្សនិងត្រូវលុបបំបាត់ប្រព័ន្ធដឹកនាំរដ្ឋតាមយន្តការរដ្ឋបាលបក្ស មកបង្កើតយន្តការដឹកនាំរដ្ឋតាមយន្តការ រដ្ឋបាលសាធារណៈវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ