អាមេរិក​ថា​កម្ពុជា​ទទួល​​ផល​ប្រយោ​ជន៍​ច្រើនពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលៀម ហេត

សហរដ្ឋអាមេរិកមានជំនឿថាប្រព័ន្ធអនុគ្រោះពន្ធទូទៅសម្រាប់ផលិតផលកាបូបនាំចូលទៅសហរដ្ឋអាមេរិកនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសដែលនាំចូល ហើយកម្ពុជាជាប្រទេសមួយដែលមានសក្កានុពលនៅក្នុងវិស័យទាំងនេះ។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមរិកឬGSP គឺជាកម្មវិធីអនុគ្រោះពាណិជ្ជកម្មដោយមិនមានការបង់ពន្ធសម្រាប់ការនាំចូលទំនិញពីប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសក្រីក្រទៅកាន់សហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលៀម ហេត បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅស្ថានទូតអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិកបានអនុគ្រោះពន្ធទៅលើផលិតផលសម្រាប់ធ្វើដំណើរដែលមានដូចជាវ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយជាង២៨ប្រភេទ ចូលទៅសហរដ្ឋអាមេរិកដោយមិនបាច់បង់ពន្ធ ដែលលោកថាតម្លៃនៃការនាំចូលផលិតផលទាំងនោះទៅសហរដ្ឋមានចំនួន១០ពាន់លានដុល្លារ។ លោកយល់ថាកម្ពុជា មានសក្កានុពលច្រើននៅក្នុងវិស័យទាំងនេះ ដោយលោកបានលើកឡើងពីកម្មវិធីរោងចក្រល្អរបស់កម្ពុជាដែលធ្វើឲ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្អសម្រាប់ផលិតកម្មកាត់ដេរ រួមផ្សំជាមួយកម្មករនៅប្រទេសកម្ពុជាមានភាពអត់ធ្មត់និងហ្មតចត់ ដែលលោកថាប្រទេសកម្ពុជាជាប្រទេសមួយដែលទទួលបានផលប្រយោជន៍ច្រើនពីវិស័យទាំងនេះ។

លោកបន្ថែមថា៖ បច្ចុប្បន្ននេះកម្ពុជាបាននាំចេញប្រហែល៩០%ជាវិស័យកាត់ដេរសម្លៀកបំពាក់ ដូច្នេះអ្វីដែលអាចត្រូវធ្វើបន្ថែមនោះ គឺការប្តូរទៅកាន់ការនាំចេញផលិតផលផ្សេងមួយទៀត។ ដូច្នេះពេលដែលខ្ញុំគិតថា អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺជាផលិតផលសម្រាប់ធ្វើដំណើរ ដែលពួកយើងបានធ្វើ(ប្រជុំនៅហុងកុង) វាជាជំហានរឹងមាំមួយសម្រាប់កម្ពុជាធ្វើការអភិវឌ្ឍបន្ទាប់ពីវិស័យកាត់ដេរ។ វាត្រូវគ្នាជាមួយវិស័យកាត់ដេរ ដែលជំនាញជាច្រើនគឺដូចគ្នា អ្វីដែលខ្ញុំបាននិយាយជាមួយរោងចក្រ ដែលពួកគេថាចំនួន៤០%នៃសម្ភារៈដែលបានប្រើសម្រាប់រោងចក្រកាត់ដេរ អ្នកអាចប្រើសម្រាប់រោងចក្រកាបូប ដូច្នេះវាជាជំហានដ៏ល្អមួយ”។

លោកបានឲ្យដឹងថាកាលពីថ្ងៃអាទិត្យដើមសប្តាហ៍មុន លោករួមជាមួយមន្ត្រីរដ្ឋាភិបាលនិងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានធ្វើដំណើរទៅទីក្រុងហុងកុងក្នុងកិច្ចប្រជុំមួយ ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងវិស័យកាត់ដេរកាបូបចូលមកកម្ពុជា។ លោកក៏បានឲ្យដឹងដែរថាក្នុងដំណើរនោះមានក្រុមហ៊ុនចំនួន៨កំពុងពិចារណាទៅលើការដាក់វិនិយោគនៅកម្ពុជានេះ។ លោករំពឹងថាតាមរយៈការអនុគ្រោះពន្ធនាំចូលកាបូបនេះនៅឆ្នាំ២០១៧ កម្ពុជានឹងអាចនាំចូលទៅកាន់សហរដ្ឋក្នុងចំនួនទឹកប្រាក់ជាង២០០លានដុល្លារ។

គួរបញ្ជាក់ដែរថាអាមេរិកជាគោលដៅនាំចេញធំបំផុតរបស់កម្ពុជា ហើយទំនិញដែលកម្ពុជានាំចេញទៅអាមេរិកច្រើនជាងគេគឺផលិតផលសម្លៀកបំពាក់និងស្បែកជើងព្រមទាំងផលិតផលកសិកម្មជាដើម។ កម្ពុជាបាននាំចូលផលិតផលមួយចំនួនពីអាមេរិកដូចជារថយន្ត ម៉ាស៊ីន ថ្នាំពេទ្យ និងបរិក្ខារវេជ្ជសាស្ត្រជាដើម។

យោងតាមទិន្នន័យពី សេនធ្លើ ដ្រេត អិលអិលស៊ី (Sandler Trade LLC) កាលពីឆ្នាំ២០១៥ កម្ពុជាឈរលើលេខរៀងទី១៤ក្នុងចំណោម២៥ប្រទេសនៅលើពិភពលោកដែលបាននាំចេញកាបូបសម្រាប់ដាក់សម្ភារៈធ្វើដំណើរទៅកាន់អាមេរិកមានទឹកប្រាក់ចំនួនជិត៥០លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ