វិភាគ៖ តើរដ្ឋាភិបាលកម្ពុជា អនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព​ក្រុងប៉ារីសបានកម្រិតណា?

ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ (ប្រភពពី AFP)

ថ្ងៃទី២៣ តុលា ឆ្នាំនេះ គឺជាខួបលើកទី២៥ នៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីឆ្នាំ១៩៩១នោះ មានការទទួលស្គាល់ដោយប្រទេសចំនួន១៨ ក្នុងនោះមានប្រទេសមហាអំណាចទាំង៥ផងដែរ។

ខ្លឹមសារសំខាន់នៃកិច្ចព្រមព្រៀងនោះ គឺចាប់បង្ខំឲ្យវៀតណាមដកទ័ពរបស់ខ្លួន ចេញពីទឹកដីកម្ពុជា ដែលបានដាក់ត្រួតត្រាប្រទេសជាប់របងគ្នាមួយនេះ តាំងពីឆ្នាំ១៩៧៩ នៅក្រោមអ្វីដែលវៀតណាមអះអាងថា ជួយវាយរំលំរបបខ្មែរក្រហមនោះ។ បន្ថែមពីលើនេះ ខ្លឹមសារនៃកិច្ចព្រមព្រៀងក្រុងប៉ារីសក៏តម្រូវឱ្យកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រតាមបែបប្រជាធិបតេយ្យលើកដំបូងនៅឆ្នាំ១៩៩៣ ក្រោមរៀបចំដោយអ៊ុនតាក់។

ជាការព្រមទទួលមកអនុវត្តតាម មេដឹកនាំកម្ពុជាសម័យនោះ បានដកស្រង់ខ្លឹមសំខាន់ៗនៃកិច្ចព្រមព្រៀងនេះ ទៅដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាទៀតផង។ អត្ថន័យសំខាន់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយយោងតាមស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសនោះគឺ ការផ្សះផ្សារជាតិ ឯកភាពជាតិ សន្ដិភាព អធិបតេយ្យភាព បូរណភាពទឹកដី ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។

តើរយៈពេល២៥ឆ្នាំ កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានអនុវត្តកម្រិតណានូវស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស?

ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញចំពេលប្រារព្ធខួបនៃកិច្ចព្រមព្រៀងនេះ អង្គការអន្តរជាតិចំនួន៤០បានកត់សម្គាល់ថា រយៈពេល២៥ឆ្នាំមកនេះ កម្ពុជាមិនទាន់អនុវត្តឲ្យបានពេញលេញដូចមានចែងក្នុងព្រមព្រៀងនោះទេ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ការបោះឆ្នោត និងឯករាជ្យភាពរបស់តុលាការ។

អង្គការតំបន់ដែលមានដូចជា បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី សភាអាស៊ានសម្រាប់សិទ្ធិមនុស្ស បណ្តាញលទ្ធិប្រជាធិបតេយ្យអាស៊ី និងវេទិកាតំបន់អាស៊ីជាដើមនោះ ពួកគេបានបន្តក្នុងសេចក្តីថ្លែងការណ៍ទៀតថា ក្នុងរយៈពេលជាង១ឆ្នាំកន្លះចុងក្រោយនេះ មានការកើនឡើងនូវការរំលោភបំពានលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការធានាឲ្យមានរបបនយោបាយសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។

នាយកផ្នែកតស៊ូមតិនៃបណ្តាញប្រជាធិបតេយ្យអាស៊ី លោក Yap Swee Seng មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្សតិ៍ថា អ្វីដែលអង្គការទាំង៤០មើលឃើញថា មានការរំលោភបំពានលើគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះគឺ រដ្ឋាភិបាលបានប្រើប្រព័ន្ធតុលាការចាប់សមាជិកបក្សប្រឆាំងមន្រ្តី មន្រ្តីសិទ្ធិមនុស្ស មន្រ្តី គ.ជ.ប និងសកម្មជនដីធ្លី ដាក់ពន្ធធានាគារទាំងមិនបានបង្ហាញភស្ភុតាងច្បាស់លាស់។

លោកបន្ថែមថា លើសពីនេះទៀតនោះ គឺការប្រើអំពើហិង្សារលើអ្នកកាសែត មន្រ្តីសិទ្ធិមនុស្ស ការបាញ់សម្លាប់អ្នកការពារបរិស្ថាន និងអ្នកវិភាគបញ្ហាសង្គមលោក កែម ឡី ដោយអាជ្ញាធរមិនបានចាប់ជនដៃដល់មកដាក់ទោសនោះទេ។

លោកបន្ថែមថា៖ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺបានធានាពីឯករាជ្យភាពប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ប៉ុន្តែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅតែប្រើប្រាស់ដើម្បីគៀបសង្កត់សកម្មជនដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកាន់អំណាច ដែលយើងមិនអាចធានានូវយុត្តិធម៌ក៏ដូចជានីតិរដ្ឋ»។

អតីតអគ្គលេខាធិការគណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្ត កត់សំគាល់ដែរថា រដ្ឋាភិបាលកម្ពុជាបានចែងពីអ្វីដែលជាខ្លឹមសារសំខាន់នៃកិច្ចព្រមព្រៀងក្រុងប៉ារីសទៅក្នុងច្បាប់របស់កម្ពុជារួចហើយ ប៉ុន្តែការអនុវត្តន៍នៅមានខ្វះចន្លោះ គឺត្រង់អធិបតេយ្យភាពទឹកដី និងបញ្ហាសិទ្ធិមនុស្ស។

លោកបន្ថែមថា៖ «មានតួអង្គពីរ ដែលជំរុញឲ្យមានការអនុវត្តន៍។ ទី១ ប្រជាពលរដ្ឋយើងសុទ្ធសាធ ក៏ដូចជាអង្គការសង្គមស៊ីវិល។ មួយទៀត តួអង្គរដ្ឋសភានេះឯង ដែលជាអ្នកមើលការអនុវត្តច្បាប់រួមទាំងរដ្ឋធម្មនុញ្ញដែរ។ នេះជាតួអង្គសំខាន់ ដែលជំរុញឲ្យរដ្ឋាភិបាលអនុវត្តន៍។ ហើយមានតួអង្គរដ្ឋជាភាគីហត្ថលេខី ក៏ដូចជាក្របខណ្ឌអង្គការសហប្រជាជាតិ»។

ភាគីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលបច្ចុប្បន្នមានប្រទេសជាសមាជិកហអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក បាននាំគ្នាជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលត្រូវបានចាប់ឃុំខ្លួនក្នុងហេតុផលដែលគេមើលឃើញថា ជារឿងនយោបាយនោះ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបតាមរយៈប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសទាំងនោះ មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ។

មកដល់ចំណុចនេះ លោក សួន ប៊ុនស័ក្ត យល់ឃើញផ្ទុយពីអ្វីដែលរដ្ឋាភិបាលកម្ពុជាបកស្រាយ។

លោកពន្យល់ថា៖ «បើកាលណា យើងទទួលស្គាល់គេ បើកាលណាទៅចូលរួមក្នុងសហគមន៍អន្តរជាតិ ន័យជាទូទៅគឺរដ្ឋមួយហ្នឹង គាត់លះបង់អធិបតេយ្យភាពមួយចំនួនគឺអនុញ្ញាតឲ្យគេរិះគន់ស្ថាបនាជំរុញឲ្យធ្វើអ្វីៗផ្សេងៗ។…ឧទាហរណ៍ ដូចជា យើងចូលរដ្ឋភាគីកតិកាសញ្ញា ឬអនុសញ្ញាផ្សេងៗ បានន័យថាយើងបើកចំហ ឲ្យគេមានមតិចូលក្នុងអធិតេយ្យភាពយើងហើយ»។

មុនពីរថ្ងៃនៃខួបលើកទី២៥នៃកិច្ចព្រមព្រៀងក្រុងប៉ារីស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅខេត្តប៉ៃលិនថា ក្រោយពីមានកិច្ចព្រមព្រៀងនេះ អ៊ុនតាក់បានចំណាយលុយប្រមាណ២ពាន់លានដុល្លារអាមេរិកដោយមានប្រើកម្លាំងទ័ពសន្ធឹកសន្ធាប់ផង ប៉ុន្តែពេលកងទ័ពអ៊ុកតាក់ដកទៅវិញលោកថា សង្រ្គាមស៊ីវិលនៅកម្ពុជាមិនបានបញ្ចប់ឡើយ។

បើតាម លោក ហ៊ុន សែន កិច្ចព្រមព្រៀងនេះមិនអាចចាប់បង្ខំឲ្យខ្មែរក្រហមអនុវត្តតាមឡើយ។ ប៉ុន្តែបានលោកសម្តែងមោទនភាពខ្លួនលោកថា មានតែនយោបាយឈ្នះៗនោះទេ ដែលរំលត់ភ្លើងសង្រ្គាមរវាងខ្មែរ និងខ្មែរគ្នាឯង។

អ្នកវិភាគមើលឃើញថា បើទោះជាកិច្ចព្រមព្រៀងក្រុងប៉ារីសតម្រូវកម្ពុជាមានប្រជាធិបតេយ្យសេរីពហុបក្សក៏ដោយ តែអំណាចរដ្ឋទាំងអស់គឺ «ស្ថិតក្នុងកណ្តាប់ដៃគណបក្សប្រជាជនកម្ពុជាតែមួយ»

រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានលុបចោលថ្ងៃទី២៣តុលា ពីប្រតិទិនឈប់សម្រាកបុណ្យជាតិអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបានដាក់បញ្ចូលថ្ងៃនេះជាថ្ងៃបុណ្យជាតិវិញ ក្រោយពីសម្តេចព្រះនរោត្តម សីហនុ ជាភាគីនៃកិច្ចព្រមព្រៀងនោះ ចូលទិវង្គត់ក្នុងឆ្នាំ២០១២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ