ACU ព្រមានមន្ត្រីតុលាការករណីយកវត្ថុតាងប្រើប្រាស់និងគិតប្រាក់ពន្ធលើស

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានព្រមានដល់មន្ត្រីសាលាដំបូងរាជធានីភ្នំពេញទាក់ទងនឹងករណីពាក្យបណ្តឹងថាបានយកវត្ថុតាងប្រើប្រាស់និងគិតប្រាក់ពន្ធលើស។

យោងលិខិតរបស់របស់ ACU ដែល VOD ទទួលបានឲ្យដឹងថា ACU បានទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងការបំពានលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យកនិងការយកពន្ធលើសកំណត់ពីសំណាក់ លោកស្រី ដាន់ ចន្ទ្រាវតី មន្ត្រីទទួលបន្ទុកប្រមូលពន្ធនៃសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងលិខិតដដែលក៏បានឲ្យដឹងពីការបំភ្លឺរបស់ប្រធានសាលាងដំបូង លោក តាំង ស៊ុនឡាយ និង លោកស្រី ដាន់ ចន្ទ្រាវតី ដែរថា ការយករថយន្តដែលជាវត្ថុតាងមកប្រើប្រាស់ដើម្បីដឹកប្រាក់ពីធនាគារជាតិមកសាលាដំបូងឬពីសាលាដំបូងទៅរតនាគារជាតិដើម្បីរក្សាសុវត្ថិភាពនិងសន្តិសុខ។

ពាក់ព័ន្ធនឹងការចោទថាយកប្រាក់ពន្ធលើសពីបង្កាន់ដៃបង់ប្រាក់ដែលថាគ្មានលុយអាប់ លោកស្រីថាដោយ​សារ​តែអ្នកបង់ពន្ធមិនព្រមចាំយកលុយអាប់។

ទោះជាយ៉ាងណា លិខិតបញ្ជាក់ចុងក្រោយថា ប្រធាន ACU បានធ្វើលិខិតទៅលោកស្រី ដាន់ ចន្ទ្រាវតី ដោយតម្រូវឲ្យពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ត្រូវមានឆន្ទៈច្បាស់លាស់​ កុំបន្លែបន្លំយករឿងតូចបិទបាំងរឿងធំ។

កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញលិខិតស្នើដល់គ្រប់សាលាដំបូងរាជធានីខេត្ត ផ្តល់របាយការណ៍ពាក់ព័ន្ធនឹងសំភារៈវត្ថុតាង ដែលត្រូវរឹបអូសជាសម្បត្តិរដ្ឋដោយអំណាចសាលក្រម ដើម្បីឲ្យគណៈកម្មការបានត្រួតពិនិត្យវត្ថុតាងវាយតម្លៃនិងរៀបចំបែបបទទៅតាមនីតិវិធីច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ