វិភាគ៖ នរណាជាអ្នករងគ្រោះពីបំណុលបរទេស បើការប្រើប្រាស់ប្រាក់កម្ចីគ្មានតម្លាភាព?

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

មិនថាប្រទេសមហាអំណាចឬប្រទេសកំពុងអភិវឌ្ឍន៍ទេ ពួក​គេតែង​តែប​ង្កើត​ទំនាក់​ទំនង​គ្នា​ ​ដើ​​​​​​​​ម្បី​​​​​​​​​ប​ង្កើត​ជា​ប្លុកដឹកនាំតាមនិន្នាការ ដូចជាប្លុកកុម្មុយនីស្តឬប្លុកសេរី។

ទំ​​នា​ក់ទំនងគ្នានេះ មិនថាប្រទេសអ្នកមានឬប្រទេសអ្នកក្រទេ ពួកគេតែងតែស្វះស្វែ​ង​រកប្រ​យោជ​ន៍ពីគ្នា​ទៅ​​​វិញ​​​ទៅមក ដូចជាប្រទេសមួយទៅដាក់វិនិយោគនៅប្រទេសមួយទៀត រីឯប្រទេសខ្លួះទៀត ដែ​លមា​ន​​​ល​​​ទ្ធភាព បានផ្តល់ជំនួយឥតសំណងឬកម្ចីដោយយកការប្រាក់ទាប ទៅឲ្យប្រ​ទេ​ស​​ជាសម្ព័ន្ធមិត្តដែល​ក្រីក្រ​។

ប៉ុ​ន្តែ​​​អ្វីដែលជាចំណោទបញ្ហានោះគឺ តើរដ្ឋាភិបាលនៃប្រទេសនីមួយៗ បានប្រើប្រា​ស់ថវិ​កា​ជា​តិ រួម​ទាំ​ង​​​ប្រាក់កម្ចីពីសម្ព័ន្ធមិត្តនោះ មានតម្លាភាពកម្រិតណា។

នៅ​​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០១៦ ធនាគារពិភពលោកបានចេញរបាយការណ៍មួយបង្ហាញ​ថា​ គិតត្រឹម​ឆ្នាំ​២០​០០​ដល់ឆ្នាំ២០១៥ កម្ពុជាបានជំពាក់​បំណុល​បរទេស​ជិត១ម៉ឺនលានដុ​ល្លា​រ (​៩​៣១​៨​​​​លាន​ដុល្លារ)។

បំណុលនេះបើធៀបនឹងចំនួនពលរដ្ឋកម្ពុជា គឺប្រជាជនម្នាក់ត្រូវជំពាក់​​បំ​​​​ណុលបរ​ទេ​សជាង​៦​​០០ដុ​ល្លា​រ។

តើនរណាជាអ្នករងគ្រោះពីបំណុលបរទេសនេះ បើការប្រើប្រាស់ប្រាក់កម្ចីគ្មានតម្លាភាព?

អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា គេមិនគួរភ័យខ្លាចទៅលើបំណុ​ល​បរ​ទេស​នេះទេ បើការគ្រប់គ្រងរដ្ឋមួយមានតម្លាភាព គ្មានអំពើពុករលួយនោះ ដោយថាមាន​ប្រទេ​សមួ​យចំ​នួនទៀតក៏​ត្រូ​វការកម្ចីពីបរទេសដូចគ្នា។

ប៉ុន្តែ​លោក គី សេរីវឌ្ឍន៍ វិភាគថា អ្វី​ដែ​ល​ត្រូ​វ​ព្រួ​​​យ​បារម្ភនោះ គឺ​ការ​​ដែ​​ល​រដ្ឋាភិបាលយកថវិកាទាំងនោះទៅ​​​ប្រើប្រាស់ មិនចំគោលដៅឬគ្មានតម្លាភាពទៅវិញទេ ដែលបង្ក​​ភាព​រាំង​ស្ទះដល់ការអ​ភិវឌ្ឍជាតិនិងរ​ង​​​គ្រោះ​​ដល់ប្រជាពលរដ្ឋនោះ ។

លោក គី សេរីវឌ្ឍន៍ បានលើកឧទាហរណ៍ ពីករណីប្រើប្រាស់ប្រាក់កម្ចីពីប្រទេសចិនយកមកសាង​ហេ​​ដ្ឋារចនាសម្ពន៍ ដូចជាធ្វើ​ផ្លូវជាដើម លោកថាបើរដ្ឋប្រគល់ឲ្យក្រុមហ៊ុនម៉ៅការសាងសង់ក្នុងត​ម្លៃមួយ​ខ្ពស់​ តែផ្លូវគ្មានគុណភាពដូចបច្ចុប្បន្ននេះ លោកថាការប្រើ​ប្រាស់​​កម្ចីពី​បរទេ​សនោះ គ្មានតម្លាភាព។

លោកថា៖ «អត់មានព័ត៌មានថាផ្លូវជាតិហ្នឹង គេគិតតម្លៃ១គីឡូម៉ែត្រតម្លៃប៉ុន្មានទេ។ ប៉ុន្តែខ្ញុំធ្លាប់ដឹងថា ១​គី​ឡូម៉ែត្រ គេយក១លានដុល្លារ។ ហើយតម្លៃនេះបើយើងប្រៀបធៀបនឹងគុណភាពវិញ វាតម្លៃខ្ពស់បំ​ផុត​ហើ​យ។ព្រោះ​អីយើងខ្ចីលុយចិនមកធ្វើផ្លូវ ផ្លូវហ្នឹងមិនទាន់ធ្វើរួចផង ខូចអ​ស់ទៅទៀតហើយ​។ អញ្ចឹងមានន័យថា ចិន​​គេ​​ធ្វើផ្លូវនេះគុណភាពវាទាប ហើយគិតតម្លៃយើងខ្ពស់ ដែលយើង​អ្នកជំពាក់គេ ​អានេះ​ជាកា​រ​ព្រួ​យបារម្ភ»។

លោក គី សេរីវឌ្ឍន៍ លើកឡើងទៀតថា រដ្ឋាភិបាលបច្ចុប្បន្នបានចំណាយប្រាក់ច្រើនជាងចំណូលដែលរកបាន។លោកថា ដូចនេះរដ្ឋាភិបាលជៀសមិនផុតពីការពឹងពាក់ជំនួយនិងកម្ចីពីបទេស សម្រាប់​ទ្រ​ទ្រ​ង់កំ​ណើនសេដ្ឋ​កិច្ចត្រឹម៧ភាគរយ ដើម្បីប្រកួតប្រជែងជាមួយសមាជិកអាស៊ានដូចគ្នា។

ប៉ុន្តែអ្នកស្រាវជ្រាវខាងសេដ្ឋកិច្ចរូបនោះលើកឡើងទៀតថា បើរដ្ឋាភិបាលមិន​ពិនិត្យ​មើលពី​ការ​ប្រើ​ប្រាស់​​ថ​វិ​​កា​ជាតិនិងប្រាក់កម្ចីពីបរទេសនេះឲ្យមានតម្លាភាពទេ លោ​កវិភាគ​ថាម្ចាស់បំណុលរបស់កម្ពុជា នឹង​ប​ញ្ជូន​អ្នក​វិនិយោគរបស់ពួកគេមកស្រូបយកធនធានធម្មជាតិនៅកម្ពុជាដោយមិនដឹងខ្លួន។

លោកថា៖ «នៅពេលដែលយើង[រដ្ឋាភិបាល]យកថវិកានេះទៅប្រើប្រាស់មិនចំគោលដៅ មានន័យថាធនធានទាំងអស់នេះ វាមិនបានបែងចែកទៅឲ្យប្រជាជនក្នុងប្រទេសទាំងមូលស្មើៗគ្មាទេ។ តែ​ផ្ទុយ​ទៅវិញ វាទៅជាបែងចែកទៅលើតែមនុស្សមួយក្រុម ហើយធ្វើឲ្យមនុស្សជាច្រើននាក់ផ្សេងទៀត រងផ​លប៉ះ​ពា​ល់​ដោយសារការបាត់បង់ធនធាននេះ។ ដូច្នេះយើងថាក្នុងន័យសេដ្ឋកិច្ច ការប្រើ​ប្រាស់​ធនធា​ន​​គ្មាន​ប្រ​សិទ្ធភាព»។

យ៉ាងណាក៏ដោយរដ្ឋាភិបាលមិនទាន់បានឆ្លើយតបទៅនឹងរបាយការណ៍ធនាគារពិភពលោក ដែល​បង្ហាញពី​បំណុលដែលកម្ពុជាជំពាក់បំណុលបរទេសនេះទេ។ ប៉ុន្តែអនុ​ប្រធានគណៈ​ក​ម្ម​​​​​កា​រសេដ្ឋកិច្ច ហិរ​ញ្ញ​វត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា មក​ពីបក្ស​ប្រ​​​ឆាំង លោក​ សុន ឆ័យ លើក​ឡើ​ង​ថា​ របាយ​ការណ៍​នេះមា​ន​ការស្រាវជ្រាវ ដែលអាចជឿទុកចិត្តបាន។

លោក សុន ឆ័យ យល់ថាតាមរបាយការណ៍នេះ កម្ពុជានឹងបាត់ឱកាសពង្រឹង​សេ​ដ្ឋ​កិច្ច​ខ្លួនឯង ដោយរវ​ល់តែ​រកប្រាក់​សម្រាប់ស​ងបំ​ណុ​ល​​​ប​រ​ទេស។

លោកថា៖ «យើងឃើញហើយថា ទំហំហ្នឹងកាន់តែច្រើនទៅ ការចាយវាយថវិកាជាតិមួយ​ផ្នែកធំនៅ​ថ្ងៃអ​នា​គ​ត​​នេះ យើងត្រូវដកមកសងគេវិញ។ នៅឆ្នាំ២០១៧នេះ បើតាមតួលេខ យើ​ងត្រូវសង​គេ​ជាង​១០០​លាន​ដុល្លារ គ្រាន់តែការប្រាក់។ ហើយចំនួននេះ នឹងកើនឡើងយ៉ា​ងគំហុក នឹងធ្វើឲ្យ​កម្ពុជា​យើង​គ្មាន​ល​ទ្ធ​ភា​ពក្នុងការប្រើប្រាស់ថវិកាដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនទេ ព្រោះត្រូវតែសងគេវិញ»។

បើតាមលោក សុន ឆ័យ រដ្ឋាភិបាលនៅមានលទ្ធភាពប្រមូលពន្ធបានយ៉ាងតិច១ពាន់លានដុល្លារបន្ថែម​ទៀត ក្នុង​មួយឆ្នាំ សម្រាប់បង្កើនចំណូលជាតិលើប្រាក់ពន្ធដែលមានបច្ចុប្បន្ន។ ​

លោកថា៖ «បើយើ​ងជា​ប្រ​ទេសមួយត្រូវការថវិកាដើម្បីយកមកបង្កើនសេដ្ឋកិច្ចវាមិនជាបញ្ហាទេ ប៉ុន្តែ​យើងខ្ចី​គេម​កធ្វើផ្លូវអេតចាយ មិ​​ន​​​​​​ទាន់​ធ្វើរួចផង ខូចអស់ទៀតបាត់ទៅហើយ អាហ្នឹងយើងមកបំផ្លាញខ្លួនយើង ឲ្យ​ធ្លា​ក់​ខ្លួន​កាន់​តែ​ក្រ​​ហើ​យ​​»។

ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវសេដ្ឋកិច្ចលោក គី សេរីវឌ្ឍន៍ វិញវិភាគថា បើតាមរបាយការណ៍ធ​​នាគា​រ​​​​ពិ​ភ​ព​លោកនោះ ​លោកថាបំណុលដែលកម្ពុជាជំពាក់បរទេស មិនមែន​ជាចំនុចគ្រោះ​ថ្នាក់សម្រា​ប់​ក​ម្ពុ​ជាទេ បើរដ្ឋាភិបាលធ្វើកំណែទ​ម្រង់​បន្ទាន់មួយឲ្យការ​ប្រើ​ប្រា​ស់​ថវិកាកម្ចីនោះមានតម្លា​ភាព​ឡើ​ង​វិ​ញ​នោះ​។

លោកថា៖ «បំណុលកាលណាលើសពី៤៥ភាគរយនៃ GDP ទៅ ប្រទេសនីមួយៗចូលដល់កម្រិតព្រួយ​បារម្ភហើយ។ ប៉ុន្តែយើងថយ បើតាមខ្ញុំមើលស្ថិតិរបស់ធនាគារពីមុន យើងជំពាក់៦០ភាគរយ ក្រោយមក​នៅ​ត្រឹ​ម៤០ភាគរយ ក្រោយមកទៀតមកនៅតែ២​៨ភាគរយទេ។ អញ្ចឹ​ងតាមធនាគារ​ក៏មាន​សេចក្តីស​ន្និដ្ឋា​ន​ដែ​រថា ការប្រើប្រាស់ប្រាក់ជំនួយនេះ វាប្រសើជាងមុនៗ។ ប៉ុន្តែ​អ្វីដែលជា​ការព្រួយបារម្ភរបស់ខ្ញុំនោះ គឺការ​ប្រើប្រាស់ជំនួយវាមិនចំគោលដៅ។ មានន័យថា វារុញឲ្យមានកំណើនសេដ្ឋកិច្ចដែរ តែវាកើនមិនសាកសមទៅនឹង​ការប្រើប្រាស់លុយបំណុលនេះ។ អាហ្នឹងជាការព្រួយបារម្ភរបស់អ្នកសេដ្ឋកិច្ច»។

បើតាមអ្នកវិភាគ បើកម្ពុជាផុងខ្លួនកាន់តែខ្លាំងទៅនឹងការខ្ចីបុលលុយពីបរទេស ហើយភ្លេចគិតពង្រឹ​ង​យ​ន្តកា​រ ទប់ស្កាត់អំពើពុករលួយគ្រប់រូបភាពដែលកំពុងកើតមាននៅកម្ពុជា ពួក​គេ​ថាប្រយោជន៍​បានតែទៅ​លើ​ម​នុស្សមួយក្រុមតូច ចំណែកប្រទេ​សដែល​ជា​ម្ចា​​​ស់​បំ​ណុ​​លនឹងប្រើរូបភាពថ្មីមួយទៀត ដើម្បីទាញយ​ក​​ផ​​​​លចំ​ណេញពីក​ម្ពុជា គឺ​បញ្ជូន​អ្នក​វិនិ​យោ​គមកកម្ពុជា ស្រូ​​​​បយ​កធ​នធានធម្មជាតិ ដូច​ជា​ប្រេង​កា​ត​​ រ៉ែ​ក្នុង​​ដី ព្រៃឈើ និងដី​​សម្បទាន​ជាដើម។​ អ្នកវិភាគព្រមានថា បញ្ហា​ទាំ​ង​អស់​នឹងធ្លាក់ទៅលើយុ​វជន​​ជំនាន់​ក្រោ​យជា​​អ្នក​​ទទួ​លបន្ទុកដោះស្រាយបំណុលជំនួសមេដឹកនាំជំនាន់មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ