ក្រសួងព័ត៌មានហាមចាក់ផ្សាយបទ​ចម្រៀង ​«គ្រូបង្រៀនស្រវឹងស្រា»

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ កាលពីពេលកន្លងទៅ

ក្រសួងព័ត៌មាន បាន​សម្រេច​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​ចម្រៀង «គ្រូ​បង្រៀន​ស្រវឹង​ស្រា» ដោយ​ថា បទ​ចម្រៀង​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង «ធ្ងន់​ធ្ងរ»​ ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​គ្រូ​បង្រៀន។

ក្នុង​លិខិត​ផ្ញើ​ទៅ​ម្ចាស់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ទាំង​អស់ កាល​ពី​ថ្ងៃ​អង្គារ​កន្លងម​ក​នេះ រដ្ឋ​មន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​រៀប​រាប់​ថា បទ​ចម្រៀង «គ្រូ​បង្រៀន​ស្រវឹង​ស្រា» មាន​ខ្លឹមសារ​បន្តុះ​បង្អាប់ និង​ប្រមាថ​គ្រូ​បង្រៀន។

ក្នុង​លិខិត​ដដែល​នោះ លោក ខៀវ កាញារីទ្ធ បាន​ចាត់​ទុក​ខ្លឹមសារ​នៃ​បទ​ចម្រៀន​នោះ​ថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​«ធ្ងន់ធ្ងរ» ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​គ្រូ​បង្រៀន។

ដោយ​អះ​អាង​ថា បទ​ចម្រៀង​នោះ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​មហាជន​ទូទៅ និង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សង្គម​ទាំង​មូល​នោះ លោក ខៀវ កាញារីទ្ធ បាន​សម្រេច​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀន​នោះ​នៅ​តាម​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ទាំង​អស់។

រដ្ឋ​មន្ត្រី​ព័ត៌មាន​បាន​បញ្ជាក់​ថា វិធានការ​បែប​នេះ គឺ​ដើម្បី​ចៀស​វាង​​ផល​អវិជ្ជមាន និង​ប៉ះ​ពាល់​ដល់​អារម្មណ៍ កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​គ្រូ​បង្រៀន​ទូទៅ។

បទ​ចម្រៀង «គ្រូ​បង្រៀន​ស្រវឹង​ស្រា» ត្រូវ​បាន​​ផលិត​ឡើង​ដោយ​ផលិតកម្ម​ថោន និង​ត្រូវ​បាន​ប្រទះ​ឃើញ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ YouTube នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ​នេះ។ បទ​ចម្រៀង​នេះ ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​លោក យឹម តាស្រង់ និង​ច្រៀង​ដោយ​អ្នក​ចម្រៀង​ខ្មែរ​សុរិន្ទ អ្នកនាង ចេន សាយចៃ។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​បទ​ចម្រៀង​ផលិតកម្ម​ថោន ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ហាម​ឃាត់​ចាក​ផ្សាយ។ កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន បទ​ចម្រៀង «ដួល​គង់​ប៉ាន់» បទ​ចម្រៀង ​«ស៊ីបាន​ចេះ​តែ​ស៊ី​ទៅ»​ និង​បទ​ចម្រៀង «ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន» របស់​ផលិត​កម្ម​នេះ ក៏​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ហាម​ឃាត់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ