តំណាង​សហគមន៍​ដី​ធ្លី​នៅ​សៀមរាប​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

តំណាង​សហគមន៍​ត្បែង​លិច ខេត្តសៀមរាប លោក ចាន់ រិទ្ធ ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​កាល​ពី​ម្សិលមិញ​នេះ ពី​បទ​ឆបោក​​លុយ​ជិត ៣​ម៉ឺន​ដុល្លា​ពី​ឈ្មួញ​រក​ស៊ី​ដី។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី ឃី ភារម្យ​ ភរិយា​របស់​លោក ចាន់ រិទ្ធ នៅរសៀលថ្ងៃ​ម្សិល​មិញ​​នេះ។

អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ថា ស្វាមី​របស់​អ្នកស្រី ​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​ឆបោក​លុយរបស់​ លោក យឹម សារីន ដែល​ជា​ឈ្មួញ​ទិញ​ដី​នៅ​ក្នុង​សហគមន៍​ត្បែង​លិច​នេះ។ ប៉ុន្តែ​ ស្ត្រី​រូប​នេះ បាន​អះអាង​ថា ​ស្វាមី​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​ លោក យឹម សារីន នោះទេ។

អ្នក​ស្រី​បញ្ជាក់​ថា​ ករណី​ប្តឹង​ផ្តល់​រហូត​ដល់​មាន​ការ​ឃាត់​ខ្លួន​នេះ ​កើត​ឡើង​ដោយ​រឿង​គំ​នុំ​ផ្ទាល់ខ្លួន​ពី​មុន ដែល​ស្វាមី​របស់​អ្នក​ស្រី​មិន​ព្រម​ផ្តិត​មេដៃ​លក់​ដី​សហគមន៍​ឱ្យ​ លោក យឹម សារីន។

អ្នកស្រីថា៖ “វាយកលក់ឱ្យថៅកែហ្នឹងបាន ៣ពាន់បើសិនចាន់ រិទ្ធហ្នឹងផ្តិតមេដៃឱ្យវាបានកំ​ស្យុង​ច្រើនបើចាន់រិទ្ធអត់ផ្តិតទេវាអត់បានច្រើន ដល់ចឹង​អា​ទំនាស់​ហ្នឹងជាគំនុំផ្ទាល់ខ្លួនអីទេ…..គេថា គេបាញ់ ចាន់ រិទ្ធ ចោលទៅ អារឿងដីធ្លីហ្នឹងធ្លាក់លើគេហើយ ប៉ុន្តែ បាញ់កាលនោះវាអត់ត្រូវ”។

អ្នក​ស្រី​ថា ​អ្នក​ស្រី​ និង​​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​សហគមន៍​ខាង​លើ​នេះ ​នឹង​ធ្វើ​បាតុ​កម្មស្រែក​ទាម​ទារ​នៅ​មុខ​តុលាការ​ខេត្ត​សៀម​រាប ​ឱ្យ​មាន​ការដោះ​លែង​ស្វាមី​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​នេះ។

ដោយ​ឡែក​មេធាវី​របស់​លោក យឹម សារីន​ ជា​ដើម​បណ្តឹង លោក យិន រំដួល បាន​លើកឡើង​ថា ​កូន​ក្តី​របស់​លោក​បាន​ចោទ​ប្រកាន់​លោក ចាន់ រិទ្ធ​ពី​បទ​ឆបោក​លុយ​ជិត ​៣​ម៉ឺន​ដុល្លា​ពិតមែន​។ លោក​ថា ​លោក ចាន់ រិទ្ធ​ តែង​តែ​បាន​គេច​វេស​ពី​ការ​កោះ​ហៅ​បំភ្លឺ​របស់​តុលាកា​ជា​ច្រើន​ដងមក​ហើយ ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដូច្នេះ។

លោក​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា សមត្ថកិច្ចគេយល់ថា មនុស្សហ្នឹង គឺមានល្បិចឆបោកខ្ពស់ណាស់គ្រាន់តែចង់ប្រាប់ថាអយ្យការគេឱ្យមកបំភ្លឺពីរដងហើយគាត់អត់មកបំភ្លឺ ករណីគាត់ដាក់ពាក្យបណ្តឹងគេ (យឹម សារីន) ករណីថាមានចេតនាធ្វើឃាត់អីហ្នឹងអត់ចូលមកបំភ្លឺតំណាងអយ្យការពីបីដង លើកពេលរហូតខាងនិតិវិធី ដែលគាត់មានបញ្ហាឆបោកលុយគេអីចឹងទៅ អីចឹងក៏ចេញដីកាឃុំខ្លួនពីម្ស៉ិលម៉ិញទៅហើយ ចឹងតាមប្រមាញ់គាត់ហ្នឹងវាច្រើនខែមកហើយទម្រាំបានគាត់មក”។

មន្ត្រី​ស៊ើប​អង្កេត និង​ចង​ក្រង​សហគមន៍​នៃ​សមាគន៍​សិទ្ធិ​មនុស្ស​អាដហុក លោក សួស ណារិន បាន​ប្រាប់​វីអូឌី​ឱ្យ​ដឹង​ថា ​លោក​ ចាន់ រិទ្ធ ​ជា​តំណាង​សហគមន៍​ត្បែង​លិច ​ដែល​សមាគមអាដ​ហុក បាន​រៀបចំ បោះ​ឆ្នោត​ជ្រើស​រើស​គាត់​ធ្វើ​ជា​អ្នក​តំណាង ប៉ុន្តែ​ មួយ​រយៈ​ចុង​ក្រោយ​នេះ ​លោក ចាន់ ​រិទ្ធ​មិន​សូវ​សកម្ម​នឹង​ការងារ​នោះ​ទេ។

លោក​ថា ​លោក​បាន​ទទួល​លិខិត​លក់​ដូ​ដី​របស់​លោក ចាន់ រិទ្ធ និងលោក យឹម សារីន ហើយ​លោក​បញ្ជាក់​ថា ​លោក ចាន់ ​រិទ្ធ ​ពិត​ជា​បាន​ទទួល​លុយ​ពី​ការ​លក់​ដី​ឱ្យ​លោក យឹម សារីន ​ដែល​ជា​ឈ្មួញ​ទិញ​ដី​នៅ​ក្នុង​សហគមន៍​ត្បែង​លិច​ពិត​មែន សូម្បី​តែ​ភរិយា​របស់​លោក​ក៏​ធ្លាប់​មក​ទទួលលុយ​ពី​ឈ្មួញ​ខាង​លើ​នេះ​ដែរ។

លោក​ថា​ នៅ​ពេល​ដែល​ទទួល​លុយ​កក់​ពី​ឈ្មួញ​បាន​ប្រហែល​ ១​ខែ​ លោក ​យឹម សារីន បាន​ទៅ​មើល​ដី​នោះ​ ប៉ុន្តែ ​លោក​មិន​បាន​ឃើញ​ដី​នោះ​ទេ។ លោកយឹម សារីន បាន​ដាក់​ពាក្យ បណ្តឹង​ទាលុយ​ទាំង​នោះ ​​ប៉ុន្តែ ​លោក​ ចាន់ រិទ្ធិ​ បដិសេធ​ថា​ មិន​បាន​ទទួល​លុយ​ទៅ​វិញ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ មានឯកសារដែរ​ ដែលគេកូពីមក ដែលគាត់មានស្នាមមេដៃសាក្សីអីដែលគាត់ទៅយកលុយគេហ្នឹង មានឯកសាររបស់គេគ្រប់គ្រាន់ខាងមេធាវីគេក៏មានខាងខ្ញុំ​ក៏មាន ។ តាមខ្ញុំសួរគេ គាត់ហ្នឹងបានទៅយកលុយគេនៅសៀមរាបហ្នឹងច្រើនដងណាស់ សូម្បីតែប្រពន្ធ ចាន់ រិទ្ធហ្នឹងក៏ធ្លាប់មកយកដែរ អីចឹងខ្ញុំមិនហានថា គាត់ហ្នឹងជាសកម្មជនសកម្មទៀតទេ ព្រោះ ពេលណាគាត់ធ្វើឱ្យខូចប្រយោជន៍សហគមន៍ហើយ ខាងខ្ញុំមានសិទ្ធិបោះឆ្នោតរើសអ្នកតំណាងថ្មី

លោក​បន្ថែម​ថា​លោក ចាន់ រិទ្ធ មាន​ជាប់​ពាក់ព័ន្ធ​​នឹង​បណ្តឹង​ជា​ច្រើន​មាន​ដូច​ជា​បណ្តឹង​លួចគោ ឆបោក​លុយ ឈូស​ឆាយ​ផ្នូរ​គេ និង​ទំនាស់​ជា​មួយ​ទាហាន។  លោក​ថា ​លោក​មិន​អាច​ផ្តល់​មេធាវី​ឱ្យ​លោក ចាន់ រិទ្ធ បាន​ទៀត​នោះ​ទេ ព្រោះ​បណ្តឹង​ទាំង​នោះ​ភាគ​ច្រើន​ជា​ទំនាស់​បុគ្គល​។

កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា​ ឆ្នាំ២០១៦ ផ្ទះ​របស់​ លោក ចាន់ រិទ្ធ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​រះទៅលើ​ ​ក្រោយ​ឈ្មួញ​ដី​ធ្លី លោក យឹម សារីន គំរាម​សម្លាប់​លោក កាល​ពី​ថ្ងៃ​ទី​១៣ ខែសីហាឆ្នាំ ២០១៦ បន្ទាប់​ពី​លោក​បដិសេធ​លក់​ដី​​សហគមន៍​ដែល​កំពុង​មាន​ជម្លោះ​នៅ​តំបន់ឧទ្យាន​ជាតិ​ភ្នំ​គូលេន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ