លោក ហ៊ុន សែន ព្រមានបក្ស​ប្រឆាំងកុំ​យក​សមិទ្ធផលរដ្ឋាភិបាល​មក​កេងចំណេញនយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ផ្ញើ​សារ​ព្រមាន​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​យក​សមិទ្ធ​ផល​ដែល​រដ្ឋា​ភិបាល​សម្រេច​បាន​ទៅ​ធ្វើ​ជា​ការ​ឃោសនា​កេង​ចំណេញ​នយោបាយ​។លោក ហ៊ុន សែន បាន​សរសេរ​បែប​នេះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ ជា​ការ​ប្រតិកម្ម​ទៅ​នឹង​ប្រធាន​ស្តីទី​គណ​បក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី២០​ ខែកុម្ភៈ​ ថា ដោយ​សារ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ទើប​រដ្ឋា​ភិបាល​ឈប់​យក​លុយ​ផ្លូវ​ជាតិ​លេខ៤​ និង​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជ​ការ​។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ផ្ញើ​សារ​ព្រមាន​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​យក​សមិទ្ធ​ផល​ដែល​រដ្ឋា​ភិបាល​សម្រេច​បាន​ទៅ​ធ្វើ​ជា​ការ​ឃោសនា​កេង​ចំណេញ​នយោបាយ​។

លោក ហ៊ុន សែន បាន​សរសេរ​បែប​នេះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ ជា​ការ​ប្រតិកម្ម​ទៅ​នឹង​ប្រធាន​ស្តីទី​គណ​បក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី២០​ ខែកុម្ភៈ​ ថា ដោយ​សារ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ទើប​រដ្ឋា​ភិបាល​ឈប់​យក​លុយ​ផ្លូវ​ជាតិ​លេខ៤​ និង​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជ​ការ​។

លោក កឹម សុខា បាន​ថ្លែង​ថា​៖ “បើ​គ្មាន​កម្លាំង​រួប​រួម​បង្កើត​ជា​គណ​បក្ស​សង្គ្រោះជាតិ​មួយ​ដ៏​ខ្លាំង​ក្លា​នេះ​ទេ ​ថ្ងៃ​នេះ​ ប្រហែល​ជា​ផ្លូវ​ជាតិ​លេខ​៤​អម្បាញ់​មិញ​នេះ​គេ​នៅ​យក​លុយ​នៅ​ឡើយ​ទេ​…ប្រាក់​ខែ​មន្ត្រី​រាជ​ការ​ កិច្ច​ការ​មួយ​ចំនួន​ទៀត​របស់​ប្រទេស​ជាតិ​ ទោះ​បី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ទៅ​ដឹក​នាំ​ប្រទេស​ក៏ដោយ​ ក៏​គេ​កំពុង​យក​មក​ពិចារណា​ យក​មក​គិត​ហើយ​ ដែល​ពី​មុន​គេ​មិន​ខ្ចី​គិត​សោះ ​ឥឡូវ​នេះ​គេ​កំពុង​តែ​គិត​ពិចារណា​ហើយ​។ នេះ​បាន​មក​ដោយ​សារ​ភាព​ខ្លាំង​ ការ​រួម​គ្នា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែរ​”

ក្នុង​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ក្នុង​ថ្ងៃ​នេះ​ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​ ការ​សម្រេច​របស់​លោក​កាល​ពី​កន្លង​មក​គឺ ​“ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​” ដោយ​បាន​សម្រេច​ឈប់​ឲ្យ​ប្រជាពល​រដ្ឋ​បង់​ប្រាក់​លើ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​វ៉េង​ស្រេង​ បញ្ឈប់​មិន​ឲ្យ​មាន​ប័ណ្ណ​បើក​បរ​សម្រាប់​ម៉ូតូ​កម្លាំង​ពី​(125cc)​ចុះ​ក្រោម​ បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើក​បរ​យាន​យន្ត​(50%) បញ្ឈប់​យក​ថ្លៃ​សេវា​ផ្ទេរ​អចលន​ទ្រព្យ​ពី​ជីតា​ជីដូន​ទៅ​ចៅ​ពី​ឪពុក​ម្តាយ​ទៅ​កូន ពី​ប្រពន្ធ​ទៅ​ប្តី​និង​ប្តី​ទៅ​ប្រពន្ធ​ និង​ឈប់​ឲ្យ​ប្រជាពលរដ្ឋ​បង់​លុយ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៤​ជាដើម​។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ការ​សម្រេច​នេះ​គឺ​ដោយ​សារ​សមាជិក​សមាជិកា​គណ​បក្ស​ប្រជាជន​បាន​រៀប​ចំ​វេទិការ​សាធារណៈ​ស្រង់​យក​មតិ​ប្រជាពលរដ្ឋ​ រួម​ជាមួយនឹង​ការ​ទទួល​មតិ​យោបល់​របស់​ប្រជាពល​រដ្ឋ​តាម​បណ្តាញ​ប្រព័ន្ធ​ព័ត៌​មាន​ផ្សេងៗ​ និង​តាម​រយៈ​សំណូម​ពរ​ពី​ប្រជាពលរដ្ឋ​ទៅ​កាន់​រូប​លោក​តាម​ហ្វេស​ប៊ុក​។

លោក ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា​ “ខ្ញុំ​សូម​ផ្ញើ​សារ​ខ្លី​នេះ​ទៅ​កាន់​មេ​បក្ស​ប្រឆាំង​ព្រម​ទាំង​ក្រុម​បក្ស​ប្រឆាំង​ទាំង​អស់​ ត្រូវ​ឈប់​បោក​ប្រាស់​ប្រជាពលរដ្ឋ​តទៅ​ទៀត​។ ព្រោះ​កន្លង​ទៅ​ប៉ុន្មាន​អាទិត្យ​នេះ ​បក្ស​ប្រឆាំង​បាន​យក​លទ្ធផល​ដែល​គណបក្ស​ប្រជាជន​និង​លទ្ធផល​ដែល​នាយក​រដ្ឋមន្រ្តី​បាន​សម្រេច​ខាង​លើ​ យក​ទៅ​ធ្វើ​នយោ​បាយ​ប្រជាភិថុតិ​ឃោសនា​បោក​ប្រជាពលរដ្ឋ​ថា​ដោយ​សារ​ពួក​គេ​ទាម​ទារ​ ទើប​នាយក​រដ្ឋមន្រ្តី​សម្រេច​ធ្វើ​បែប​នេះ​”

លោកបន្តថា៖ “នេះ​ជា​ការ​និយាយ​កុហក​បោក​ប្រាស​ប្រជា​ពលរដ្ឋ​សុទ្ធ​សាធ​ ដែល​គណ​បក្ស​ប្រឆាំង​ចេះ​ធ្វើ​ទៅ​រួច​ដែរ​ ដោយ​គ្មាន​ការ​អៀន​ខ្មាស​។ តែ​ការ​ពិត​គឺ​វា​នៅ​ជា​ការ​ពិត​ដដែល​ គឺ​គណ​បក្ស​ប្រឆាំង​គ្មាន​បាន​ធ្វើ​អ្វី​ក្រៅ​តែ​អំពី​ការ​ឃោសនា​បោក​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​”

លោក​នាយក​រដ្ឋមន្រ្តី​បន្ត​ថា​លោក​នៅ​តែ​ធ្វើ​កិច្ច​ការ​ទាំង​នេះ​ បើ​ទោះ​គណបក្ស​ប្រឆាំង​មិន​រិះ​គន់​ក៏​ដោយ​។

លោក ហ៊ុន សែន បន្ត​ថា​៖ “អ្វី​ដែល​គណ​បក្ស​ប្រឆាំង​បាន​ធ្វើ​ពិត​ប្រាកដ​គឺ​បោក​ប្រាស់​ ជេរ​ប្រមាថ​ ញុះ​ញង់​បង្ក​ចលា​ចល​និង​ដើរ​ទៅ​សុំ​ឲ្យ​បរទេស​ផ្តាច់​ជំនួយ​ឬ​កុំ​មក​វិនិយោគ​នៅ​កម្ពុជា​។ល។ និង។ល។ សូម​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​គ្រប់​ជាន់​ថ្នាក់​មាន​ភាព​ថ្លៃ​ថ្នូរ​កុំ​ឆក់​ប្លន់​សមិទ្ធ​ផល​របស់​គេ​ធ្វើ​ជា​របស់​ខ្លួន​”

វីអូឌី​(VOD) មិន​ទាន់​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​នៅ​ឡើយ​ដោយ​ទូរ​ស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល​ និង​អ្នក​នាំ​ពាក្យ​ម្នាក់​ទៀត​ លោក យ៉ែម បុញ្ញឫទ្ធិ​ទូរ​ស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល​។ ចំណែក​ប្រធាន​ស្តី​ទី​គណ​បក្ស​នេះ​លោក កឹម សុខា ត្រូវ​ជំនួយ​ការ​ដែល​លើក​ទូរ​ស័ព្ទ​របស់​លោក​អះ​អាង​ថា​កំពុង​ជាប់​ប្រជុំ​។

ទោះ​យ៉ាង​ណា តំណាង​រាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ឈប់​យក​លុយ​ផ្លូវ​ជាតិ​លេខ​៤ និង​ដក​ហូត​ការ​គ្រប់​គ្រង​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​ឯក​ជន​មក​ឲ្យ​រដ្ឋ​គ្រប់​គ្រង​វិញ​នោះ​គឺ​លោក​ សុន​ ឆ័យ​ មាន​ប្រសាសន៍​ថា​ ធម្មតាគណបក្ស​នីមួយៗ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​តែង​តែ​បង្ហាញ​គោល​នយោ​បាយ​របស់​ខ្លួន​ទៅ​កាន់​អ្នក​គាំទ្រ​។ លោក​បន្ត​ថា​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​គោល​នយោ​បាយ​ដែល​លោក​ថា ​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ និង​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​។

លោក​បន្ថែម​ថា​៖ “ការ​ដែល​គណ​បក្ស​ប្រជែង​ គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ចេញ​គោល​នយោ​បាយ​មួយ​ដែល​ជា​គោល​នយោ​បាយ​ទាក់​ទាញ​ មាន​ការ​គាំទ្រ​ ម្លោះ​ហើយ​ត្រូវ​តែ​មាន​ការ​ប្រកែក​បែប​ហ្នឹង​ ខ្ញុំ​ថា​គ្មាន​អី​ប្លែក​ទេ​”

អ្នក​វិភាគ​ឯក​រាជ្យ​លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា​ កំណែ​ទម្រង់​របស់​រដ្ឋា​ភិបាល​ភាគ​ច្រើន​ធ្វើ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ពោល​គឺ​ក្រោយ​ពេល​ដែល​គណ​បក្ស​ប្រឆាំង​រក​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​។

លោក​បន្ថែម​ថា​៖ “បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ហើយ​ទើប​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គណ​បក្ស​ប្រជា​ជន ពី​ដើម​មក​អត់​ដែល​ទេ​ គឺ​ជិះ​សេះ​លែង​ដៃ​ អ៊ីចឹង​ហើយ​ការ​ដំឡើង​ប្រាក់​ខែ​ក៏​មាន​ឥទ្ធិពល​ពី​គណ​បក្ស​ប្រឆាំង​ អង្គរ​វត្ត​ និង​ផ្លូវ​ជាតិ​លេខ​៤ ហ្នឹង​ក៏​មាន​ឥទ្ធិ​ពល​ពី​គណ​បក្ស​ប្រឆាំង​ជា​ការ​ពិត​”

ទោះ​យ៉ាង​ណា លោក អ៊ូ វីរៈ ចាត់​ទុក​ថា​ អ្វី​ដែល​លោក​ កឹម សុខា បាន​ថ្លែង​ ក៏​ដូច​ជា​ប្រតិកម្ម​របស់​លោក ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​សុទ្ធ​តែ​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ក្នុង​សង្គម​ប្រជាធិប​តេយ្យ​ប៉ុណ្ណោះ​។

គួរ​រំឭក​ដែរ​ថា​ មុន​មាន​ការ​ឈប់​យក​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ និង​ការ​ដក​ហូត​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​ឯក​ជន​មក​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​វិញ​ តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ លោក​ សុន​ ឆ័យ ធ្លាប់​បាន​ធ្វើ​ការ​ទាម​ទារ​ជា​ច្រើន​លើក​ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជ​មាន​ណា​មួយ​ពី​រដ្ឋា​ភិបាល​ទេ​នៅ​ពេល​នោះ​៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។