អ្នកឃ្លាំមើលកម្ពុជា អំពាវនាវទៅប្រជាពលរដ្ឋកុំ​ចេញ​ទៅ​បោះ​ឆ្នោត​ បើ​គ្មាន​បក្ស​ប្រឆាំង​ចូល​រួម

សកម្មភាពពលរដ្ឋទៅបោះឆ្នោត

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស បានអំពាវនាវទៅ​ប្រជាពលរដ្ឋ កុំឲ្យ​ទៅបោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដោយ​ថា បើគ្មានគណបក្ស​សង្គ្រោះជាតិចូលរួមប្រកួតប្រជែងនោះ។

ក្នុងសេចក្ដីអំពាវនាវ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​ការ​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន​ជាង ៥០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស។

បើ​តាម​សេចក្ដី​អំពាវ​នាវ​ដដែល​នោះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​​បាន​លើក​ឡើង​បន្ថែម​ថា លោក ហ៊ុន សែន ត្រូវ​ការ​បែប​នេះ ដើម្បី​បង្ហាញ​ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ​ថា ពលរដ្ឋ​កម្ពុជា​ពេញ​ចិត្ត​នឹង​របប​ដឹកនាំ​បច្ចុប្បន្ន។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​តិច​ជាង ៥០​ភាគរយ ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ន័រវេស បាន​អះ​អាង​ថា ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នោះ​ឡើយ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ​បាន​អំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងឯកសារបោះឆ្នោត កុំទៅ​បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមដោយស្មើភាព សេរីត្រឹមត្រូវ និងយុត្តិធម៌នោះទេ។

ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការអំពាវនាវនេះថា ជាការបិទសិទ្ធិរបស់​ប្រជាពលរដ្ឋមិនឲ្យអនុវត្តសិទ្ធិនយោបាយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

លោកថា៖ «ជាការបិទសិទ្ធិប្រជាពលរដ្ឋ មិនឲ្យអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ អញ្ចឹង សកម្មភាពនេះ អាចចាត់ទុកថា ជាវិច្ឆេទកម្មនយោបាយយ៉ាងពេញទំហំហឹង ហើយជាបញ្ហាមួយដែលយើងអាចចោទក្រុមឃ្លាំមើលកម្ពុជា​នេះ ក៏ចូលដៃចូលជើងជាមួយក្រុមឧទ្ទាមនិយមក្រៅច្បាប់ដែលកំពុងធ្វើសកម្មភាព ដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​ពីក្រៅប្រទេសមក»។

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កង សាវាង្ស លើក​ឡើង​ថា គ្មាន​ច្បាប់​ណា​មួយ​បាន​កំណត់​ទាក់​ទង​នឹង​ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​នោះ​ទេ ប៉ុន្តែលោក​ថា ដើម្បី​ធានា​ថា ការ​បោះ​ឆ្នោត​ដំណើរការ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ លោក​ថា ត្រូវ​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​ផង​ដែរ។

លោកថា៖ «អ្វីដែលជាចំណុលល្អ គឺថា កម្លាំងនៃគណបក្សប្រឆាំង ដែលជាបក្ស​ប្រឆាំងដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាហ្នឹង បើកឲ្យមានការចូលរួមប្រកួតប្រជែង។ វាជាចំណុលល្អមួយនៅក្នុងការបោះឆ្នោត។ បើសិនអត់មានការប្រកួតប្រជែងទេ មានន័យថា មានតែគណបក្សមួយដែលកម្លាំងធំ នឹងការប្រកួតប្រជែងវាអត់ស្មើភាពគ្នាទេ។ អញ្ចឹង យើងនៅតែចង់ឃើញការប្រកួតប្រជែងមួយ​ដោយស្មើភាព ដោយត្រឹមត្រូវ​ដដែល សម្រាប់ការយល់ឃើញរបស់យើង»។

វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ នៅ​តែ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ បន្ទាប់ពី​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល។

សហគមន៍​អន្តរជាតិ ដែល​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​អាមេរិក នៅ​តែ​បន្ត​ទាម​ទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ និង​ការ​ដោះ​លែង​មេដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ