លោក ហ៊ុន សែន ថានឹងដំឡើងប្រាក់ខែគ្រូបង្រៀននិងពេទ្យឲ្យច្រើន​ជាងកម្លំាងប្រដាប់អាវុធ​

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នឹងដំឡើងប្រាក់ខែគ្រូបង្រៀន និងគ្រូពេទ្យឲ្យ​បានច្រើនជាងកងកម្លាំងប្រដាប់អាវុធ ដោយថាគ្រូបង្រៀនជាថ្នាលបណ្តុះប​ណ្តាល​ធន​ធាន​មនុស្ស​ដ៏​សំខាន់​។

ការថ្លែងបែបនេះរបស់លោក ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់ពីប្រាក់ខែមន្ត្រីរាជការ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាសដំឡើង​ជាលើកទី​ពីរ​នៅ​ក្នុង​ឆ្នាំ​នេះ។

ក្នុង​ពិធី​ចែក​សញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃពុធ​នេះ លោក ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាល​នឹង​ដំឡើងប្រាក់ខែ​ឲ្យ​គ្រូបង្រៀន​និង​គ្រូពេទ្យឲ្យច្រើនជាងប្រាក់ខែកងកម្លាំងប្រដាប់អាវុធ​ ដោយថា​កុំឲ្យកង​កម្លាំង​​​ប្រដាប់​អាវុធ​ច្រណែន ព្រោះគ្រូបង្រៀនគឺជាអ្នក​បណ្ដុះ​បណ្ដាលធនធានធមនុស្ស​ ​​សូម្បី​​តែ​​កូន​​ចៅ​របស់​កង​កម្លាំង​ប្រដាប់​អាវុ​ធក៏ត្រូវ​ការគ្រូបង្រៀន​​ផងដែរ។ លោកមានប្រសាសន៍ថា «គ្រូបង្រៀន​កាល​ពីឆ្នាំ២០១៦ មានប្រាក់​បៀវត្សន៍៨០០៥០០រៀល[ប៉ែតសិបម៉ឺនប្រាំរយរៀល​] មក​ដល់ខែមក​រាកន្លងទៅ​នេះ​​ឡើង៨៥០៣៥០ម៉ឺនរៀលទាបបំផុត ទៅដល់ខែមេសាខាងមុខ​នេះ​នឹង​ឡើងទៅ​ដល់​៩៥៣​៥០០​រៀល​ បើគិត​ទៅ​ឡើងសរុប​ជាង១៥ម៉ឺនរៀល មិនទាន់គិតពីប្រាក់តំបន់​ ប្រាក់​តំបន់​មាន៨ម៉ឺន ១០ម៉ឺន​ និង​១២​ម៉ឺន​​រៀល​។ គ្រូបង្រៀននិងគ្រូពេទ្យមានប្រាក់ខែខ្ពស់ជាង​គេ​ ប៉ុន្តែខ្ញុំគិតថាកងប្រដាប់អាវុធ ជាកង​ទ័ពក្តី ជានគរបាលក្តី និងមន្ត្រីរាជការក្តី មិន​ច្រណែននឹងគ្រូបង្រៀន និងគ្រូពេទ្យទេ​​​​»។

ប្រធាន​សមាគមមន្ត្រី​រាជ​ការ​ឯក​រាជ្យ​កម្ពុជា  លោក ហៀក ព្រីង មាន​ប្រសាសន៍ថា រដ្ឋាភិបាលគួរតែដំឡើងប្រាក់ខែឲ្យកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលលគ្រូពេទ្យនិងគ្រូបង្រៀនដែរ ដោយថា​កុំឲ្យ​ប៉ះពាល់​អារម្មណ៍ ​ព្រោះអ្នកទំាងអស់នោះ សុទ្ធតែជាអ្នកបំរើការងារឲ្យស្ថាប័នរដ្ឋដូចគ្នា។ លោកនិ​យា​យថា​«ដើម្បីជៀសវៀងកុំឲ្យប៉ះពាល់ដល់សន្តិអារម្មណ៍​ មានន័យថា យើងគួរតែ​ដំឡើងឲ្យប្រាក់​ខែប្រហាក់​ប្រហែល​គ្នា ព្រោះអ្នកទំាងអស់នោះមានទឹកចិត្តបំរើសេវាសាធារណៈដូចគ្នា ហើយអ្វីដែលយើងគិតថា អ្នក​ណា​ប្រសើជាងអ្នកណា ព្រោះមន្ត្រីរាជការមានឯកទេសរៀ​ង​ៗខ្លួន កុំឲ្យមានគំលាតគ្នា ចំណាយ​ពេល​មួយ​ថ្ងៃ​ដូច​គ្នា មួយព្រឹកដូចគ្នា»។

សាស្ត្រាចារ្យនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការដំឡើងប្រាក់ខែឲ្យគ្រូពេទ្យ និងគ្រូបង្រៀន​នេះ អាច​ធ្វើឲ្យរដ្ឋាភិបាល​បានចំណេញការគំាទ្រពីម្ចាស់ឆ្នោតតិចតួចតែប៉ុណ្ណោះ​ ដោយលោកថា ការ​ដំឡើង​ប្រាក់​ខែនេះ​មិនទា​ន់ស្របតាមតម្លៃទំនិញទីផ្សារនៅឡើយ។ លោក​យល់ថា «ភាគរយ​ដែលដំឡើង​ទៅ​លើប្រាក់បៀវត្សន៍មន្ត្រីរាជការ វានៅក្នុងកម្រិតមួយ បើយើង​ធៀបទៅនិងអតិផរណា​តម្លៃ​ទំនិញ​នៅ​លើទីផ្សារ ភាគរយវាខ្ពស់ជាងច្រើន​ វាឆ្ងាយ ហើយការដំឡើង​វាមានកម្រិតមួយទាប វាអត់ទាន់ដំឡើងបាន​៣០ភាគរយ​ ​នៃតម្លៃអតិផរណាទំនិញនៅលើទីផ្សារទេ ពេលដែលគាត់ឡើងហើយទំនិញវាឡើងដែរ វាអត់​សូវ​​មានន័យអីទេ អត់ទាក់ទាញប្រជាពលរដ្ឋឲ្យគំាទ្របានទំាងស្រុង​ទេ​កន្លែងនេះ​»។

កាលពីថ្ងៃអង្គារម្សិលមិញ អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានអះអាងថា សភាបា​ន​សម្រេច​អនុម័ត​ដំឡើង​ប្រាក់ខែដល់​មន្ត្រី​រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដូច​មន្ត្រីអង្គការនីតិប្រត្តិបត្តិ​ផងដែរ។

បើតាមសមាគមគ្រូបង្រៀន បច្ចុប្ប​ន្នមានជិត១២ម៉ឺននាក់។ ពួកគេទទួលបានប្រាក់​ខែសរុប ច្រើនបំផុតសម្រាប់គ្រូនៅមហាវិទ្យាល័យ បានជាង១លានរៀល និង​កម្រិ​​តទាបបំផុត នៅវិទ្យាល័យបានជាង៨០ម៉ឺនរៀល។

ចំនួនប្រាក់ខែដែលគ្រូទទួលបាននេះ សមាគម​ថាជាកម្រិ​​តទាបនៅឡើយ ធ្វើឲ្យជីវភាពពួកគេជាថ្នា​ល​បណ្តុះ​​​​​ធ​នធា​នមនុ​ស្សដ៏សំខាន់មួយនេះ រស់នៅក្នុងស្ថានភាពលំបាកនៅឡើយ។ សមាគមបន្ត​ថា ​ប្រាក់​ខែ​ឡើង​ដល់២លានរៀល ទើបអាចធ្វើឲ្យលោកគ្រូ​អ្នកគ្រូដែ​​ល​មាន​​ស​មា​ជិកគ្រូសារច្រើនរស់​នៅ​បាន​សម​រម្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ