កម្មការិនីម្នាក់ស្លាប់និង៧នាក់ទៀត​រងរបួស ករណីផ្ទុះឡក្នុងរោងចក្រ​

ផ្ទុះឡ ក្នុងរោងចក្រមួយ នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី (Fresh News)

យ៉ាងហោចណាស់​ស្ត្រីជាកម្មការិនីម្នាក់បានស្លាប់ និងមនុស្ស ៧នាក់ទៀតរងរបួស នៅក្នុងករណីផ្ទុះឡ ក្នុងរោងចក្រមួយ នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅរសៀលថ្ងៃនេះ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង​ ឲ្យដឹងយ៉ាងខ្លីថា ឡចំ​ហុយ​ចំហាយ​ទឹកសម្រាប់បាញ់អ៊ុត ខោ អាវ ដែលមានមុខកាត់១ម៉ែត្រ៥០ និងទទឹង២ម៉ែត្រ៦៦ នៅរោងចក្រ ស៊ិន តៃ (Zhen Tai Garment (Cambodia) co., ltd.)​ បានផ្ទុះ និងប៉ើងចម្ងាយជាង ៦០ម៉ែត្រ ដោយបាន​សម្លាប់កម្មការិនី​ម្នាក់​ដែល​កំពុងហូបបាយ និងកម្មករ៧នាក់ទៀត ក្នុង​នោះមា​ន​ស្ត្រីមាន​ផ្ទៃពោះ​ម្នាក់ បាន​រងរបួស​បែក​ក្បាល និងបាក់ជើង ។

នៅពេលសួរថា មូលហេតុអ្វីបាននាំឲ្យផ្ទុះឡនោះ? តើសមត្ថកិច្ច​និងចាត់​វិធានការ​ដូច​ម្តេច​ លើ​ម្ចាស់​រោងចក្រ? លោក ម៉ក់ ហុង​ ឆ្លើយយ៉ាងខ្លីថា ​អ្នក​ជំនាញ​បច្ចេក​ទេស​កំពុង​​សិក្សា និងកោះហៅម្ចាស់រោងចក្រមក​សាកសួរជុំវិញករណីនេះ​។ លោកនិយាយថា «យើងកំពុង​សាក​សួរ​យកមក​ធ្វើការ ឥឡូវ​ខ្ញុំកំពុង​ជាប់រវល់​យក​ម​ក​ធ្វើការណា»។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា យល់ថា ករណីដែលផ្ទុះឡចំហុយ បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស​នេះ ដោយ​សារ​ការធ្វេស​ប្រហែល​របស់​អាជ្ញាធរ ដែលមិនបានពិនិត្យឲ្យបានដិតដល់ នៅពេលចុះធ្វើអធិការកិច្ច​នៅក្នុង​រោងចក្រ​។

លោក មឿន តុលា បញ្ជាក់ថា ដើម្បីទប់ស្កាត់បញ្ហា​នេះឲ្យមានប្រសិទ្ធភាព ក្រុមអធិការកិច្ចត្រូវ​ពិនិត្យជាប្រចំា​ចំពោះ​ឡចំហុយ​នៅតាមរោងចក្រទំាងអស់ ​ ដើម្បកុំឲ្យមានរឿង​នេះកើតឡើងបន្តទៀត។ លោកយល់ថា «ពិនិត្យគុណភាពឡចំហុយជាប្រចំា ថាវាយល់ល្អថាត្រូវ​ត្រួតពិនិត្យវារៀង​រាល់អាទិត្យ រៀង​រាល់ថ្ងៃ ថាតើវាមានភាពប្រក្រតីអីខ្លះចំពោះឡចំហុយ ព្រោះយើងគួរតែគិតគូអំពីប្រព័ន្ធការពារប្រសើរជាង​ប្រព័ន្ធព្យាបាល ហើយកុំអាងថាពេលដែលស្លាប់ទៅមាន ប.ស.ស ជាអ្នកចេញ ឬក៏មាន ប.ស.ស ជាអ្នកគ្រប់គ្រងទៅលើគ្រួសារអី វាជារឿង​មួយល្អ ប្រសើរ ក៏ប៉ុន្តែ​ជីវិត​មនុស្ស​មិនមែ​ន​យើង​ចេះតែ​យក​ទៅលេង​សើចទេ មែនស្លាប់ថ្ងៃនេះហើយ ថ្ងៃស្អែកកើតវិញទេ ការបាត់​បង់ក្រុមគ្រួសាររបស់គេមួយ វាជា​រឿង​​មួយ​ទុក្ខសោកខ្លំាងណាស់ កុំយក​ជីវិតមនុស្សទៅលេងសើច​​»។

យ៉ាងណាក៏ដោយ VOD មិនអាច​សុំការបំភ្លឺពីថៅកែរោងចក្រ ស៊ិន តៃ (Zhen Tai Garment (Cambodia) co., ltd.) បានទេនៅរសៀលថ្ងៃពុធ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ