អូស្ដ្រាលីចូលរួមជាមួយUNជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ម៉ាល់ខូម ថើនប៊ុល(Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រ្តាលី កាលពីពេលកន្លងទៅ (FB: លោក ហ៊ុន សែន

រដ្ឋាភិបាលអូស្ដ្រាលី និងប្រទេសចំនួន៤៤ផ្សេងទៀត នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ងាកមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញដោយថា ការបោះឆ្នោតនាពេលខាងមុខ មិនអាចទទួលយកបានទេ បើគ្មានអតីតបក្សប្រឆាំងចូលរួម។

ក្នុងពិធីជួបជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ដ្រាលីកាលពីថ្ងៃទី១៦មីនាកន្លងទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងប្រាប់អ្នកគាំទ្ររបស់លោកថា រដ្ឋាភិបាលអូស្ដ្រាលី មិនបានដាក់សំពាធណាមួយលើកម្ពុជានោះទេ។ ប៉ុន្ដែ ផ្ទុយទៅវិញ លោកថា អូស្ដ្រាលី បានផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជាទៀតផង។

ក្នុងកិច្ចប្រជុំមួយនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីម្សិលមិញ ប្រទេសចំនួន៤៥ រួមទាំងប្រទេសអូស្ដ្រាលីផង បានបង្ហាញក្ដីបារម្ភជាថ្មីអំពីស្ថានការណ៍នយោបាយ និងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា នៅមុនការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ដូចជា ការរំលាយគណបក្សសង្គ្រោះជាតិ ការបន្ដឃុំខ្លួនលោក កឹម សុខា ការហាមឃាត់មិនឲ្យអតីតមន្ដ្រីបក្សប្រឆាំង១១៨រូបធ្វើនយោបាយ ការយាយីក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានឯករាជ្យ។​ នេះដោយយោងតាមសេចក្ដីថ្លែងការណ៍រួមចេញផ្សាយកាលពីម្សិលមិញ។​

បើតាមសេចក្ដីថ្លែងការណ៍ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទូចឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយហៅការចាប់ខ្លួននោះថា ធ្វើឡើងដោយបំពានច្បាប់ និងបារម្ភពីស្ថានភាពរបស់លោកនៅពន្ធនាគារ ដូចជា ត្រូវបានគេឃុំក្នុងបន្ទប់ដាច់ដោយឡែក មិនទទួលបានការថែទាំសុខភាពដិតដល់ និងបើកភ្លើងពេលយប់ជាប់ជាប្រចាំ ពេលលោកសម្រាន្ដ។

ប្រទេសទាំង៤៥ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ជំរុញឲ្យរដ្ឋាភិបាលផ្ដល់សិទ្ធិជាតំណាងរាស្ដ្រស្របច្បាប់ដល់អតីតមន្ដ្រីបក្សប្រឆាំង និងអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ​ចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាឆ្នាំ២០១៨នេះ ដើម្បីស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ប៉ុន្ដែ តំណាងអចិន្ដ្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការនានា នៅទីក្រុងហ្សឺណែវ លោក ណី សំអុល បានចាត់ទុកកិច្ចប្រជុំនេះថា ធ្វើខុសនឹងរបៀបវារៈ ហើយថា ជារូបភាពនយោបាយដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។

លោក ណី សំអុល និយាយក្នុងសេចក្ដីថ្លែងការណ៍ថា របៀបវារៈកាលថ្ងៃពីម្សិលមិញ មិនគួរលើកយកបញ្ហាកម្ពុជាមកពិភាក្សានោះទេ ដោយលោកថា បញ្ហារបស់កម្ពុជា គឺស្ថិតនៅក្នុងរបៀបវារៈទី១០ ដែលលើកយកមកពិភាក្សានៅថ្ងៃបន្ទាប់។

លោកនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖«កម្ពុជាក៏មិនអាចទទួលយកបានដែរ ក្នុងពេលដែលចំណុចនៃរបៀបវារៈដែលត្រូវបានគេកំណត់រួចហើយ ប៉ុន្ដែ ​អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺពេលធ្វើការពិភាក្សាបែរជាលើកយកចំណុចផ្សេងមកជជែកជំនួសទៅវិញ […]  ហេតុផល គឺដោយសារតែប្រទេសកម្ពុជា នឹងមានរៀបចំការបោះឆ្នោតនៅខែកក្កដាឆ្នាំនេះ ហើយក៏ព្រោះតែពួកគេចង់ឲ្យមានការផ្លាស់ប្ដូររបប ពួកគេមានបេក្ខជន ដែលពួកគេសន្មត់ជាមុនដើម្បីថា ជាអ្នកឈ្នះ នេះគ្រាន់តែជាការរៀបរាប់ខ្លះៗប៉ុណ្ណោះ»។

ប្រធានផ្នែកស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា រដ្ឋាភិបាលគួរពិចារណាក្ដីកង្វល់នានា ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានលើកឡើង។ លោកថា ទោះបីជាអង្គការអន្ដរជាតិមួយនេះ មិនមានអំណាចដាក់ទណ្ឌកម្មក៏ពិតមែន ប៉ុន្ដែ លោកថា កម្ពុជា​នឹងខូចកេរ្ដិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្ដរជាតិ បើមិនព្រមអនុវត្តតាម។

លោកថា៖ «​យើងជាសមាជិកអង្គការសហប្រជាជាតិដែរ យើងក៏មិនអាចធ្វើអ្វី ដែលឯកោះតែម្នាក់ឯងបានដែរ យើងត្រូវតែធ្វើតាមការស្នើសុំ ឬក៏អនុសាសន៍របស់អង្គការសហប្រជាជាតិនូវចំណុចណាមួយដែលយើងអាចធ្វើទៅបាន ជាពិសេសទាក់ទងនឹងការគោរពសិទ្ធិមនុស្ស។ បើសិនជាយើងមិនគោរពទេ អាហ្នឹងអង្គការសហប្រជាជាតិ គេគ្មានអំណាច ក៏ប៉ុន្ដែ វាគ្រាន់តែធ្វើឲ្យកម្ពុជារងនូវការរិះគន់ ហើយនិងភាពអាម៉ាស់ដែលគេលើកឡើង»

បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ដែលជាអតីតគូប្រជែងរបស់បក្សកាន់អំណាចនោះ សហគមន៍អន្ដរជាតិ នាំមុខដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានប្រើទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ដោយថា រដ្ឋាភិបាលទីក្រុងភ្នំពេញ បានដើរឃ្លាតចាកគន្លងប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ