នាយករដ្ឋមន្រ្តីថា ត្រៀមឡានក្រុង ២០០គ្រឿង​ដឹក​ជញ្ជូនពលរដ្ឋ​​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ

រូបភាព៖ ជួបជាមួយសហជីពកម្មករនៅកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា សម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខ សាលារាជធានី​ភ្នំពេញ​នឹង​ត្រៀមឡានក្រុងប្រមាណ ២០០គ្រឿង ដើម្បីផ្តល់ការដឹកជញ្ជូនដល់កម្មករ​ដោយមិនយកលុយ។

លោក ហ៊ុន សែន បានប្រកាស​ឲ្យ​ដឹង​បែប​នេះ​ក្នុង​ពីធីជួប​សំ​ណេះ​​​សំណាលជាមួយ​សហជីពកម្មករ​ចំនួន ៤,៣៥០នាក់ នៅកោះពេជ្រនាព្រឹកថ្ងៃទី ២២ ខែ​មេសា​នេះ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​។

ក្នុងហ្វេសប៊ុករបស់​លោក លោក ហ៊ុន សែនលើកឡើងថា៖ «សម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ គឺសាលារាជធានី​ភ្នំពេញនឹងត្រៀមឡានក្រុងប្រមាណ ២០០​ឡាន ​ដើម្បីផ្តល់ការដឹកជញ្ជូនដល់បងប្អូនកូនក្មួយកម្មករដោយ​មិន​យកលុយ ដើម្បីជួយកាត់​បន្ថយការ​ចំណាយនានារបស់កូនក្មួយកម្មករ»។

ជាមួយគ្នានោះទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដដែលក៏បានលើកឡើង ក្នុងកំឡុងពេលបុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលថ្មីៗនេះ រថយន្ត​ក្រុង​សាធារណៈ បាន​ដឹក​ប្រជា​ពលរដ្ឋ ៨ ៨៣៥​នាក់ ពី​រាជ​ធានី​ភ្នំពេញ ទៅ​កាន់​បណ្ដា​ខេត្ត​នានា និង​ដឹក​ប្រជា​ពលរដ្ឋ ៥ ២៤២​នាក់ មក​ពី​បណ្ដា​ខេត្ត​នានា ត្រឡប់​ចូល​រាជ​ធានី​ភ្នំពេញ​វិញ ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា​កន្លង​មក​នេះ។

ជាមួយគ្នានោះផងដែរ លោកនាយករដ្ឋមន្ត្រីក៏បានកោតសរសើរ និងអរគុណ​ទៅ​ដល់​សេវាឡានក្រុងរបស់​សាលារាជធានីភ្នំពេញ និងអរគុណចំពោះ ក្រុមហ៊ុនឡាដឹកជញ្ជូនរបស់​ក្រុមហ៊ុនស្រាបៀរ Ganzberg ដែលបានផ្តល់ឡានក្រុងដឹកជញ្ជូន ប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ។

លោក​នាយករដ្ឋ​មន្ត្រី​បាន​ប្រកាស​ព្រលយ​សម្ដី​រួច​មក​ហើយ​ថា លោក​នឹង​ពិចារណា​ដាក់​ពង្រាយ​រថយន្ត​ក្រុង​សាធារណៈ​រហូត​ដល់ ២០០​គ្រឿង​នៅ​ឆ្នាំ​ក្រោយ ប្រសិន​បើ​តម្លៃ​ឈ្នួល​រថយន្ត​ឯកជន​នៅ​តែ​បន្ត​ឡើង​ថ្លៃ ខុស​ពី​ការ​អំពាវ​នាវ​របស់​រដ្ឋាភិបាល​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ