រដ្ឋាភិបាលថា ពលករ​ខ្មែរ​ជាង ​២០០​នាក់​ស្លាប់​នៅ​ថៃ​កាល​ពី​ឆ្នាំ​មុន

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

រដ្ឋាភិបាលបង្ហាញរបាយការណ៍ថា ពលករ​ខ្មែរ​ដល់​ទៅ​ជាង ២០០​នាក់ បាន​ស្លាប់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​កាល​ពី​ឆ្នាំ​កន្លង​មក​នេះ ខណៈ​ដែល​ពលករ​ខ្មែរជាង ១៣​ម៉ឺន​នាក់​ទៀត ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ក្រោយ​ឆ្លង​ដែន​ខុស​ច្បាប់។

ការបង្ហាញរបាយការណ៍នេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រយុទ្ធ​​ប្រ​ឆាំ​​ង​អំពើ​ជួញដូរ​មនុ​​​ស្ស​​​​​​ឆ្នាំ​​​២០១៧ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៨ នៅក្រសួងមហាផ្ទៃនាថ្ងៃទី២២ខែឧសភានេះ។

អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោកស្រី ជូ ប៊ុនអេង ថ្លែងថា នៅឆ្នាំ២០១៧ ភា​គី​ថៃ​បានបញ្ជូនសព​ពលករចំណាកស្រុកខ្មែរ ២១១នាក់ មកកម្ពុជាវិញ។

លោ​កស្រី ជូ ប៊ុនអេង ឲ្យដឹង​ទៀតថា ក្រៅពីបញ្ជូនសពពលករខ្មែរមកកម្ពុជាវិញនេះ ថៃក៏បានបញ្ជូនពលករចំណា​កស្រុកជា​ង ១៣​ម៉ឺ​​ន​​នា​ក់​មកកម្ពុជាវិញផងដែរ។

បើ​តាមមន្ត្រីរដ្ឋាភិបាលរូបនេះ ពលករខ្មែរ​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត ស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ ច្រក​ព្រំដែន​ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន។

របា​យការណ៍បង្ហាញដែរថា​ ​ពលករ​ខ្មែរ​ជាង​មួយ​លាន​នាក់ ​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ ​ក្នុង​នោះ​ជាង ​៣០​ភាគរយ​​ស្របច្បាប់ មា​ន​ឯ​​កសា​រ​ត្រឹមត្រូវ​ស្រប​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​ថៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ