គ.ជ.ប៖ ១៦គណបក្សបានទទួលស្គាល់ និង៤ទៀតកំពុងជូនដំណឹង

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅ គ.ជ.ប

គិតត្រឹមថ្ងៃម្សិលមិញនេះ គណបក្សនយោបាយចំនួន ១៦ ត្រូវបានទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន ៤ ទៀតកំពង់បំពេញបែបបទបន្ថែមសម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។

សេចក្តីប្រកាសព័ត៌មានកាលពីល្ងាចថ្ងៃទី២១ ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថាខ្លួនបានទទូលស្គាល់ជាផ្លូវការនូវគណបក្សចំនួនមួយបន្ថែមទៀត ហើយសរុបត្រឹមថ្ងៃដដែល គ.ជ.ប ទទូលស្គាល់គណបក្សនយោបាយចំនួន ១៦ គណបក្សរួចហើយ។

សេចក្តីប្រកាសឲ្យដឹងទៀតថា គណបក្សនយោបាយចំនួន ៤ ទៀតបានទទួលលិខិតជូនដំណឹងពី គ.ជ.ប រួចហើយ។

អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ ពន្យល់បន្ថែមថា បើតាមនីតិវិធីនៃការចុះឈ្មោះ គណបក្សទាំងបួននេះមានពេល ៥ថ្ងៃ ដើម្បីស្វែងរកឯកសារបំពេញបែបបទបញ្ចប់នីតិវិធី។

បួនគណបក្សហ្នឹងគឺភាគច្រើនការបំពេញបែបបទរបស់ពួកគាត់ហ្នឹងច្រើនតែការខុសឈ្មោះ ជួនកាលមានមិនគ្រប់អាយុ ឬឯកសារបញ្ជាក់សម្គាល់ពីភូមិឃុំមិនទាន់ធ្វើចប់សព្វគ្រប់ អញ្ចឹងវាធ្វើឲ្យមានការយឺតយ៉ាវ

លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប

បើតាម លោក ឌឹម សុវណ្ណារុំ នីតិវិធីនៃការចុះឈ្មោះគណបក្សនយោបាយបានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី១៤ ឧសភា។ រយៈពេល ៧ថ្ងៃ បន្ទាប់ គ.ជ.ប ពិនិត្យសម្រេចទទួលស្គាល់គណបក្សដែលមានឯកសារត្រឹមត្រូវ ដោយឡែកគណបក្សដែលចុះឈ្មោះតែមិនទាន់បំពេញគ្រប់លក្ខខណ្ឌ មានពេល ៥ថ្ងៃ ទៀតដើម្បីស្វែងរកឯកសារមកបញ្ចាក់ដើម្បីឲ្យ គ.ជ.ប ទទួលស្គាល់។

តាមប្រតិទិន​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាលទី​៦ របស់គ.ជ.ប ការ​បោះ​ឆ្នោត​ នឹងប្រព្រឹត្តទៅនៅថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ