រដ្ឋាភិបាល​គ្រោង​បញ្ជូន​មន្ត្រី​ទៅ​ពិនិត្យ​លើ​អាជីកម្ម​រ៉ែមាសលើ​អាង​ព្រែក​ទេរ​នៅ​សប្តាហ៍​ក្រោយ

រូបភាព៖ ទិដ្ឋភាពព្រែកទេរ (បណ្ដាញសង្គម)

រដ្ឋាភិបាល​សម្រច​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ​បន្ថែម​លើ​អាជីវកម្ម​រ៉ែ​មាស​លើ​អាងព្រែក​ទេរ ដែល​មាន​ទីតាំង​នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌល​គីរី បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សហកម្ម។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​កាលពី​ដើម​ខែ​ឧសភា​នេះ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ ១៣​នាក់​បាន​ស្លាប់ ហើយ​ ២៣៤​នាក់​ទៀត​បាន​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ពួក​គេ​មាន​អការៈ​ក្អួត​ចង្អោរ ឈឺ​ក អស់​កម្លាំង ទន់​ដៃ​ទន់​ជើង វិល​មុខ ថប់​ដង្ហើម។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា អ្នក​ភូមិ​ទាំង​នោះ​ពុល​ស្រា​ស​ផ្ទុក​ទៅ​ដោយ​សារធាតុ​មេតាណុល​ខ្ពស់ និង​ពុល​ទឹក​ព្រែក​ទេរ ប៉ុន្តែ ក្រសួង​ពុំ​បាន​បង្ហាញ​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​ទឹក​ព្រែក​ទេរ​ពុល​នោះ​ឡើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ករណី​ពុល​នេះ ត្រូវ​បាន​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ បន្ទោស​ទៅ​លើ​ការប្រើ​ប្រាស់​សារធាតុ​គីមី​ត្យានីត​នៅ​ក្នុង​សកម្មភាព​រុក​រក​រ៉ែ​មាស​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី។

អ្នក​នាំពាក្យ​ក្រសួង​រ៉ែលោក​ យស មុនី​រ៉ាត់ បាន​ឲ្យ​សារព័ត៌មានVOD ​ដឹង​នៅ​រសៀល​ថ្ងៃ​ម្សិល​មិញ​ថា​ នៅសប្តាហ៍​ក្រោយ​ ក្រសួង​លោក​​ នឹង​បញ្ជូន​មន្ត្រីជំនាញ​បន្ថែម​ទៀត ​ទៅពិនិត្យ​ពី​សកម្ម​ភាពអាជីវកម្ម និង​សិប្បកម្ម​រ៉ែ ដែល​មាន​ទីតាំង​នៅ​តំបន់​ចុង​ផ្លាស់ ស្ថិត​ក្នុង​ស្រុក​​កែវសី​មា ខេត្ត​មណ្ឌល​គីរី ដែល​ជា​តំបន់​សង្ស័យ​ថា​ អាច​ធ្វើ​ឲ្យ​ហូរ​សារធាតុគីមី​ចូល​អាង​ព្រែក​ទេរ។

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​តំបន់​អាង​ព្រែក​ទេរ​នោះ​មាន​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​ចំនួន​៣តែ​ថាមិន​ទាន់​ធ្វើ​អា​ជី​វកម្ម​នៅ​ឡើយ ខណៈ​សិប្បកម្ម​រ៉ែ​មាស​របស់​ប្រជា​ពល​រដ្ឋ​ទាំង​មាន​អាជ្ញាប័ណ្ណ និង​គ្មានអាជ្ញារប័ណ្ណ​កំពុង​រុក​រក​ជាច្រើន​។

លោក​ថា ​ការ​ចុះ​ទៅ​លើក​នេះ​ គឺ​ក្រសួង​បាន​ផ្តល់​សិទ្ធិ​ដល់​ព្រះ​រាជ​អាជ្ញាក្នុង​ការ​ចោទ​ប្រកាន់​សិប្បកម្ម​ណាដែល​រក​ឃើញ​ថា​ បាន​ល្មើស​ច្បាប់​ និង​ធ្វេសប្រហែស​ដែល​ធ្វើ​ឲ្យ​គីមី​ហូរចូល​ទឹក​នេះ។

អ្នក​ច្បាប់ ដែល​មាន​ព្រះ​រាជអាជ្ញា គាត់​អាច​ពិន័យ​យ៉ាង​ម៉េច ព្រហ្ម​ទណ្ឌយ៉ាង​ម៉េច ច្បាប់​បរិស្ថាន​យ៉ាង​ម៉េច ចាំ​មើលព្រះ​រាជអាជ្ញា គាត់​ប្រមូល​ភស្ភុតា​ង​ពី​បទ​ល្មើស​ទាំងអស់​ហ្នឹងយក​មក​ចាត់​ចែង

លោក​ យស មុនី​រ៉ាត់ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និងថាមពល

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ក្រុម​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​​​តំបន់​ចុងផ្លាស់​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ដើម្បី​ត្រួត​ពិនិត្យ​មើល​សកម្មភាព​អាជីវកម្ម​រុក​រក​រ៉ែ​មាស​នៅ​ទីនោះ ក្រោយ​ពី​មាន​មន្ទិល​សង្ស័យ​ថា សារធាតុ​គីមី​ត្យានីត​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​សកម្មភាព​រុក​រក​រ៉ែ​មាស និង​បង្ក​ឲ្យ​ទឹក​ព្រែក​ទេរ​ពុល។ ប៉ុន្តែ លោក​ថា បញ្ហា​ផ្លូវ​បាន​រាំង​ស្ទះ​ដល់​ដំណើរ​ចុះ​ទៅ​ត្រួត​ពិនិត្យ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ