បទយកការណ៍៖ កម្មករមិនរំពឹងថាការកំណត់ប្រាក់ឈ្នួលថ្មីធ្វើឲ្យជីវភាពពួកគេប្រសើរជាងមុន

កម្មកររោងចក្រ

អង្គុយលើរានឈើចាស់មួយ ដែលពុកផុយដោយអន្លើៗ ដោយស្រស់ស្រូបអាហារពេលព្រឹក នៅខាងមុខរោងចក្រកាត់ដេរមួយកន្លែង ជាប់នឹងផ្លូវ៣៧១ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្មការិនីម្នាក់គឺអ្នកស្រី នុត ធឿន អាយុ៣៦ឆ្នាំ សព្វថ្ងៃ ធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ អេស អិល ហ្គាមិន ប្រូសេសស៊ីង។ អ្នកស្រីបង្ហើបឲ្យអ្នករាយការណ៍ព័ត៌មានវីអូឌីដឹងថា ប្រាក់ឈ្នួលគោលរបស់កម្មកររោងចក្រនៅទីនេះ គឺម្នាក់ៗទទួលបាន១៥៣ដុល្លារ ហើយបើបូករួមទាំងប្រាក់បំណាច់ផ្សេងៗ គឺបានជាង១៧០ដុល្លារ។

អ្នកស្រីនិយាយថា ទាំងស្វាមីនិងរូបអ្នកស្រីផ្ទាល់ត្រូវត្បិតត្បៀតលើការចាយវាយ ដោយថា អ្នកស្រីត្រូវរិះថាំ ដើម្បីសន្សំទុក គ្រាន់មើលថែសុខភាពខ្លួនឯង និងសម្រាប់កូន៣នាក់ទៀតបានទៅរៀន។ អ្នកស្រីថា ប្រាក់ខែត្រឹមប៉ុននេះមិនអាចជួយជីវភាពច្រើនទេ។

អ្នកស្រីថា៖ «ខ្ញុំមានកូន៣នាក់ ប្ដីរត់ម៉ូតូឌុប ប្រាក់របស់ប្ដីគ្រាន់តែបានម៉ាចាយ ហើយសល់ប្រាក់ខែប្រពន្ធអញ្ចឹង សល់បានត្រឹម១រយជាង ចាស់១រយជាង ហើយខ្ញុំថែមម៉ោងថែមអី គិតថ្លៃផ្ទះជួលទៅនៅសល់១រយ។​ ១រយហ្នឹងចំណាយលើកូនឈឺ កូនអីទៀត អស់ អស់រលីងតែម៉ង ថ្លៃផ្ទះ ថ្លៃយើងហូបចុកនាយអាយអញ្ចឹងទៅ ផ្ញើទៅម៉ែ ផ្ញើទៅអីអញ្ចឹងទៅ ក៏អស់»។

ទោះបីជាប្រាក់ខែមិនច្រើនក្ដី អ្នកស្រីថា គ្មានជម្រើសអ្វីក្រៅបន្ដការងារជាកម្មការិនីរោងចក្រ ដោយថា ទោះបីរដ្ឋាភិបាលប្រកាសថា នឹងតម្លើងប្រាក់ឈ្នួលថ្មីក៏ដោយ ក៏អ្នកស្រីមិនរំពឹងថា វាខ្ពស់ល្មម អាចផ្គង់ផ្គង់ជីវភាពក្រុមគ្រួសារបានប្រសើជាងមុនឡើយ។

អ្នកស្រីថា៖ «មិនសមទេ មិនសម ក៏ត្រូវតែយើងធ្វើ ព្រោះអីយើងរកលុយហើយ យើងខំប្រឹងធ្វើទៅ។ ប្រាក់ខែចេះតែចង់បាន តែទោះយើងចង់បាន ក៏មិនងាយបានដែរ គេមិនតម្លើងឲ្យយើងផង ពេលទាមទារចេះតែមានបញ្ហា យើងទាមទារចេះតែមានបញ្ហា។ តែបើគេតម្លើងឲ្យ ចេះតែព្រមហើយ តែបើអត់តម្លើងមិនដឹងទៅបង្ខំគេយ៉ាងម៉េច»។

ទើបធ្វើដំណើរមកដល់មុខរោងចក្រ និងរកមើលនំបញ្ចុកបរិភោគចំអែតក្រពះមុនចូលធ្វើការនោះ កម្មករម្នាក់ទៀត​គឺលោក ឡុង ធុយ អាយុ២៩ឆ្នាំ ជាកម្មកររោងចក្រ អេស អិល ហ្គាមិន ប្រូសេសស៊ីង ដូចគ្នា។ លោកនិយាយថា សព្វថ្ងៃ លោករៀបការរួចហើយ និងមានកូនម្នាក់ជាបន្ទុកគ្រួសារ។

មិនខុសគ្នាអីពីអ្នកស្រី នុត ធឿន ទេ លោក ឡុង ធុយ បង្ហើបថា ប្រាក់ខែរបស់លោកបានត្រឹម១៥៣ដុល្លារ និងថា រៀងរាល់ខែ លោកសល់ប្រាក់បន្ដិចបន្ដួច មិនអាចធ្វើអ្វីជាដុំកំភួនទេ។ លោកថា គ្រាន់តែថ្លៃម្ហូបអាហារប្រចាំខែ បូករួមទាំងថ្លៃសាំងម៉ូតូ និងបន្ទប់ជួលផង មានពេលខ្លះលោកថា ត្រូវបង្ខំចិត្តទៅខ្ចីបុលមិត្តភក្ដិទៀត ដោយសារប្រាក់ខែតិចជាងថ្លៃចំណាយ។

លោករំពឹងថា នៅឆ្នាំ២០១៨ខាងមុខ រដ្ឋាភិបាលនឹងតម្លើងប្រាក់ឈ្នួលដល់កម្មករ ចាប់ពី២០០ដុល្លារឡើងទៅ ទើបអាចឲ្យពួកគេរស់នៅងាយស្រួលជាងមុនបន្ដិច​ បើធៀបនឹងថ្លៃទំនិញទីផ្សារ ដែលចេះតែឡើងថ្លៃ។

លោកថា៖ «បើក្នុង១ថ្ងៃ ជួលកាល២ពាន់ ជួលកាល១ពាន់ប្រាំ បើគិតខែ វាពី៣ ទៅ៤ម៉ឺន នោះគ្រាន់ពេលព្រឹក បើនៅពេលថ្ងៃផ្សេងទៀត យើងហូបអីបន្ដិចបន្ដួច ហើយបើគិតជាខែ វា៣០ម៉ឺនអញ្ចឹងទៅ តែយើងម្នាក់ឯង ហើយថ្លៃសាំងម៉ូតូអីទៀត ថ្លៃផ្ទះជួល បើយើងបូកទៅ ចូល១០០ជាងបាត់ហើយ បើធៀបនឹងប្រាក់ខែ បាន១៥៣ដុល្លារ បូករួមអីទៀត ចូល១៧០ហើយ ហើយយើងមនុស្សប្រុស ចាយលិចកើតអីទៀត អស់បណ្ដោយ»។

ក្រៅពីទទូចឲ្យរដ្ឋាភិបាលតម្លើងប្រាក់ឈ្នួលឲ្យខ្ពស់ជាងមុន លោក ឡុង ធុយ សង្ឃឹមថា រដ្ឋាភិបាលនឹងបន្ថែមប្រាក់ឧបត្តម្ភផ្សេងៗ និងបញ្ចុះថ្លៃសេវាសុខភាព ក៏ដូចជា លក្ខខណ្ឌការងាររបស់កម្មករ ដែលកំពុងមប្រើការនៅតាមរោងចក្រនានាឲ្យបានល្អប្រសើរជាងមុនផងដែរ។

អង្គុយជុំគ្នាក្រោមដើមឈើមួយដើម ក្រោយសំរាកបរិភោគអាហារថ្ងៃត្រង់ កម្មកររោងចក្រម្នាក់ទៀតគឺលោក លី ថូ អាយុ២៥ឆ្នាំ បច្ចុប្បន្ន ធ្វើការនៅក្រុមហ៊ុន ផាកស៊ុន នីធីង ហ្វេកធើរី លីមីធីត ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌច្បារអំពៅ។

កម្មកររូបនេះ មិនសង្ឃឹមលើការតម្លើងប្រាក់ឈ្នួលថ្មីដល់កម្មករទេ ព្រោះថាតម្លៃទំនិញ និងគ្រឿងត្រីសាច់បរិភោគចេះតែឡើងថ្លៃ និងថារដ្ឋាភិបាលអាចត្រឹមតម្លើងប្រាក់ឈ្នួលចំនួន១២ដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ។ លោកបន្ដថា កម្មករមួយចំនួនមិនអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេឡើយ ដោយសារក្រុមហ៊ុនចេះតែទម្លាក់ថ្លៃដេរឡូត៍ ខណៈបន្ទប់ជួលក៏តម្លើងថ្លៃឈ្នួលជាបន្ដបន្ទាប់។

លោកថា៖ «ប្រាក់ខែ១៥៣ ស៊ីឡូត៍ ប្រាក់ខែ១៥៣ ប៉ុន្ដែគេយកចែកទៅជាម៉ោងអ្នកស៊ីឡូត៍ អត់ដឹងថាគេបានប៉ុន្មានអីប៉ុន្មានទេ។ បានន័យថា យកឡូត៍ទាំងអស់សរុបទៅជាម៉ោងទាំងអស់ អញ្ចឹងប្រឈមនឹងការអត់លុយម៉ង ព្រោះប្រាក់ខែ១៥៣ បើយើងស៊ីឡូត៍ យកមកចែកជាមួយម៉ោងយើង វាទៅកាត់បន្ថយទៅជា១៣០អី។ វេទនាជាងមុនដោយសារតែក្រុមហ៊ុនគេឲ្យអ្នកស៊ីឡូត៍កាន់តែច្រើន អ្នកស៊ីខែភាគតិច»។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរបានកើនឡើងដល់១៥៣ដុល្លារ តាំងពីឆ្នាំ២០១៦ បន្ទាប់ពីមានបាតុកម្មទ្រង់ទ្រាយធំ ដោយសុំទាមទារតម្លើងប្រាក់ឈ្នួលដល់១៦០ដុល្លារក្នុងមួយខែ ក្រោយការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣។

កាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា​ ខ្លួននឹងពិភាក្សាម្ដងទៀតពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ នៅខែកក្កដាខាងមុខ សម្រាប់ប្រាក់ឈ្នួល ឆ្នាំ២០១៨។

ក្រសួងការងារឲ្យដឹងថា ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៨ នឹងធ្វើឡើងទៅតាមពេលវេលា ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០១៤ គឺនៅខែកក្កដាខាងមុខនេះ។ ក្រសួងបន្តថា ការកំណត់ប្រាក់ឈ្នួលផ្លូវការ នឹងប្រកាសនៅថ្ងៃទី១មករាឆ្នាំ២០១៨ ។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា លោកកំពុងធ្វើការសិក្សាស្រាវជ្រាវ ដើម្បីកំណត់តួលេខប្រាក់ឈ្នួលថ្មីសម្រាប់កម្មករ។ លោករំលឹកថា កាលពីឆ្នាំ២០១៦ លោកបានស្នើទៅរដ្ឋាភិបាលឲ្យតម្លើងប្រាក់ឈ្នួលដល់កម្មករ ដោយថា ម្នាក់ៗ គួរទទួលបាន១៧៩ដុល្លារ។ ប៉ុន្ដែសំណើនេះមិនត្រូវបានរដ្ឋាភិបាលពិចារណានោះទេ។

លោកអះអាងថា បើប្រៀបធៀបប្រាក់ឈ្នួលរបស់កម្មករកម្ពុជាទៅនឹងប្រទេសជិតខាង គឺកម្មករថៃអាចរកបានជាង៣០០ដុល្លារក្នុងមួយខែ ចំណែកកម្មករវៀតណាមរកបានពី១៨០​ទៅ២០០ដុល្លារក្នុងមួយខែ។

លោកថា៖ «យើងធ្លាប់បានស្នើកាលពីឆ្នាំទៅ បើយើងមើលទៅសម្រាប់កម្មករម្នាក់ រស់នៅទីក្រុងភ្នំពេញ ឬនៅតំបន់មួយចំនួនគឺដល់ទៅ១៧៩ដុល្លារ ហើយបើសម្រាប់២នាក់ គឺ២៤៨ ហើយបើសម្រាប់២នាក់កន្លះឬ៣នាក់ គឺរហូតដល់ទៅ៣១៨ដុល្លារ អាហ្នឹងការសិក្សាកន្លងមក។ ថៃគឺគេជាមធ្យមគេបានជាង៣០០ដុល្លារក្នុងមួយខែ ហើយបើនៅប្រទេសវៀតណាម គេបានប្រហែលយើង និងខ្ពស់ជាងយើងតិចប្រហែលជា១៨០ទៅ២០០ដុល្លារជាង ព្រោះគេរកបាន»។

លោក អាត់ ធន់ គូសបញ្ជាក់ថា គន្លឹះសំខាន់ក្នុងបញ្ហាកំណត់ប្រាក់ឈ្នួលដល់កម្មករ គឺរដ្ឋាភិបាលត្រូវរិះរកមធ្យោបាយបន្ថយតម្លៃទំនិញលើទីផ្សារទៅវិញទេ។ លោកថា បើដោះស្រាយមិនបាន ទោះរដ្ឋាភិបាលខិតខំតម្លើងប្រាក់ឈ្នួលដល់កម្មករច្រើនជាងមុនក្ដី ប៉ុន្ដែក្រុមកម្មករអាចនឹងផ្ទុះការតវ៉ាបន្ដទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ