កម្មកររោងចក្រជាង២០នាក់បានដួលសន្លប់សារជាថ្មីម្ដងទៀត ក្រោយការដួលសន្លប់កាលពីម្សិលមិញនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ «ហ្កាបូថេក ត្រេឌីងខមភេនី» ដែលមានទីតាំងនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
លោក ទួល សារ៉ែន អគ្គលេខាធិការសម្ព័ន្ធសហជីពចលនាកម្មករបានប្រាប់វីអូឌីថា ការដួលសន្លប់នេះបណ្ដាលមកពីកម្មករដែលដួលសន្លប់កាលពីម្សិលមិញបានត្រលប់ចូលមកធ្វើការវិញមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមដួលសន្លប់ជាបន្ដបន្ទាប់សារជាថ្មីម្ដងទៀត។
លោកបានបញ្ចាក់ថា៖ “ចំពោះការដួលសន្លប់យើងត្រួវរកមូលហេតុច្បាស់លាស់សិន មុននឹងឲ្យកម្មករចូលធ្វើការវិញ។ ប៉ុន្ដែព័ត៌មានថ្ងៃនេះមិនទាន់ច្បាស់លាស់បណ្ដាលកម្មករដួលសន្លប់អីផងអោយកម្មករចូលធ្វើការ។ យើងមិនដឹងថាខាងរោងចក្រអោយចូលឬមិនឲ្យចូលទេ ប្រសិនរោងចក្រមិនឲ្យចូលនោះកម្មករក៏មិនចូលដែរ “។
លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានបញ្ចាក់ក្នុងគេហទំព័រ Facebook ថាកាលពីម្សិលមិញលោកបាននាំយកអំណោយជូនភ្លាមៗ ក្រោយពីទទួលដំណឹងថាកម្មករបានដួលសន្លប់។ លោកបានផ្តាំផ្ញើលោកប្រធានមន្ទីរពេទ្យក៏ដូចជាគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុក្ខដាក់មើលថែកម្មករឱ្យបានល្អ ។
លោកបានបញ្ចាក់ថា៖ “នឹងចាត់ឱ្យមន្ទីរការងារចុះធ្វើការស្រាវជ្រាវដើម្បីដឹងពីមូលហេតុពិតដែលបណ្តាលឱ្យមានការដួលសន្លប់នេះនិងបានជូនពរបងប្អូនកម្មការិនីទាំងអស់ឆាប់ជាសះស្បើយនិងបានវិលត្រលប់ទៅបម្រើការងារវិញឆាប់ៗ“។
គួរបញ្ចាក់ផងដែរថាកាលពីម្សិលមិញកម្មកររោងចក្រខាងលើប្រមាណ៤២នាក់បានដួលសន្លប់ដែលគេថាបណ្ដាលមកពីខ្វះអុកស៊ីសែនសម្រាប់កម្មករដកដង្ហើម៕