ព្រះ​តេជ​គុណ ​ប៊ុត ប៊ុនតិញ​ ស្នើ​នាយក​រដ្ឋ​មន្ត្រីឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​សហ​ការ​ជា​មួយព្រះ​អង្គ

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក្នុងបន្ទប់ផ្សាយ ​VOD កាល​ពីពេល​កន្លង​មក

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលសកម្មក្នុងកិច្ចការសង្គមបានស្នើដល់នាយករដ្ឋមន្ត្រីប្រាប់ឲ្យអាជ្ញាធរថ្នាក់ក្រោមជួយសហការជាមួយព្រះអង្គក្នុងសកម្មភាពបិស្ថាន ដោយព្រះអង្គអះអាងថាកន្លងមកមានការបង្កការលំបាកនិងខ្វះការសហការពីអាជ្ញាធរខេត្តមួយចំនួន។

ក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃចន្ទនេះ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ បានស្នើចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសុំឲ្យលោកប្រាប់ទៅមន្ត្រីថ្នាក់ក្រោមរបស់រដ្ឋាភិបាលជួយសហការជាមួយព្រះអង្គក្នុងការដាំដើមឈើ។ ការស្នើនេះក៏ដោយសារព្រះអង្គបានលើកឡើងពីអជ្ញាធរនៅខេត្តមួយចំនួនបានបង្កឲ្យមានការលំបាកក្នុងយុទ្ធនាការដាំដើមឈើរបស់ព្រះអង្គ។

ព្រះអង្គមានសង្ឃដីកាថា៖ “អ្វីដែលបានបិណ្ឌបាតទៅកាន់ញោមនាយករដ្ឋមន្ត្រីថ្ងៃនេះ រឿងថាតូចមួយទេ។ សុំធ្វើយ៉ាងណាឲ្យអជ្ញាធរថ្នាក់មូលដ្ឋានសហការតែប៉ុណ្ណឹងមិនបាច់ជួយអីទេ មិនបាច់ជួយជាអង្ករជាអីទេព្រោះពួកអាត្មាមានពួកញ្ញាតិញោមជួយស្រេចហើយ។ … ប៉ុន្តែអ្វីដែលចាំបាច់បំផុតគឺការសហការល្អ យើងអាចទៅធ្វើកិច្ចការបាន។ បើដរាបការសហការនៅតែមានកំរិតដូចតែនៅឥឡូវនេះ បេសកម្មនៃការការពារព្រៃយើងនៅតែបរាជ័យដដែល“។

ជាការឆ្លើយតបភ្លាមៗ លោក ហ៊ុន សែន បានទទួលសំណើនិងបានជំរុញបន្ថែមឲ្យក្រសួងកសិកម្មផ្តល់ការសហការនិងផ្តល់កូនឈើសម្រាប់ដាំដល់ព្រះអង្គនិងអង្គការដទៃទៀតក្នុងយុទ្ធនាការដើម្បីថែរក្សាព្រៃឈើនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ “ប៉ុន្តែខ្ញុំករុណាខ្ញុំឲ្យមតិបន្ថែមទៅលើរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ប្រសិនបើព្រះតេជគុណឬក៏អង្គការក្រៅរដ្ឋាភិបាលណាផ្សេងទៀតត្រូវការកូនឈើ ដែលយើងមានសួនបណ្តុះកូនឈើយ៉ាងច្រើននោះ ចាំបាច់ត្រូវប្រគេនឬជួយផ្តល់ ធ្វើម៉េចឲ្យចូលរួមដាំដើមឈើ“។

នៅព្រឹកថ្ងៃនេះផងដែរលោក ហ៊ុន សែន ក៏បានយល់ព្រមនូវសំណូមពរដែលសុំឲ្យមានការជួបប្រជុំរវាងរដ្ឋាភិបាលនិងអង្កការពាក់ព័ន្ធរវាង៣ខែម្តង ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៃការការពារព្រៃឈើនិងបរិស្ថាន និងបានសម្រេចឲ្យមានជំនួបនេះជាមួយនាយករដ្ឋមន្ត្រីមួយឆ្នាំម្តងផងដែរ។ លោកថា លោកជំរុញឲ្យក្រសួងពាក់ព័ន្ធស្តាប់ពាក្យពិត៣ខែម្តង ជាជាងស្តាប់ពាក្យកុហក៥ឆ្នាំម្តង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១កក្កដាកន្លងទៅអាជ្ញាធរខេត្តព្រះវិហារបានឃាត់ព្រះកាយព្រះសង្ឃ៣អង្គក្នុងនោះក៏មានព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរនៅពេលដែលព្រះអង្គនិមន្តចេញដំណើរបន្ដទៅអប់រំពលរដ្ឋឲ្យចេះការពារព្រៃឈើនិងចែកអាវយឺតដែលសរសេរថា «ការពារព្រៃឈើឡង់» ដោយសមត្ថកិច្ចអះអាងមិនបានជូនដំណឹងដល់អាជ្ញាធរជាមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ