លិខិតមិត្តអ្នកអាន៖ លោក​ សម​ រង្ស៊ី​ ​​អំពាវនាវឱ្យ​សហភាព​អឺរ៉ុបដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ​ធ្វើ​​ជា​វិធីសាស្ត្រក្នុងការចរចា មាន​ប្រសិទ្ធភាព​ឬ​ទេ​? (ភាគ២)

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ក. ប្រសិទ្ធភាពនៃទណ្ឌកម្មសេដ្ឋកិច្ចតិចជាង៥% ដែលអាចសម្រេចគោលដៅនយោបាយ

នៅក្នុងអត្ថបទនេះ មិនសំខាន់ថា លោកបានស្នើឲ្យសហភាពអឺរ៉ុបបិទទ្វារទីផ្សាររោងចក្រកាត់ដេរបណ្តោះអាសន្នឬក៏អត់ទេ សំខាន់ត្រង់ថា តើទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅមានប្រសិទ្ធភាពដើម្បីសម្រេចគោលបំណងដែលលោកបានលើកឡើងនោះ ឬក៏អត់។

Gary Clyde Hufbauer, Jeffrey J. Schott, Kimberly Ann Elliott, និង Barbara Oegg ក្នុងស្នាដៃ «Economic Sanctions Reconsidered» បោះពុម្ពលើកទី៣ (២០០៧) បានចងក្រងទិន្នន័យអំពីទណ្ឌកម្មសេដ្ឋកិច្ចដែលកើតមានកន្លងមកចំនួន ១៧៤ករណី ពីឆ្នាំ ១៩១៤-២០០0 រកឃើញថា ទណ្ឌកម្មសេដ្ឋកិច្ចមានប្រសិទ្ធភាព៣៤% ក្នុងការសម្រេចគោលដៅដែលអ្នកដាក់ទណ្ឌកម្មចង់បាន យ៉ាងហោចណាស់ក៏សម្រេចបំណងនោះមួយចំនួនដែរ បើមិនសម្រេចទាំងស្រុង ដែលអត្រាជោគជ័យក៏អាស្រ័យលើប្រភេទគោលនយោបាយ និងបម្រែបម្រួលនៅក្នុងរដ្ឋាភិបាលដែលដាក់ជាគោលបំណងនោះដែរ។

បើទណ្ឌកម្មសេដ្ឋកិច្ចពិតជាមានអត្រាប្រសិទ្ធភាព៣៤% ត្រឹមត្រូវមែន នោះវាប្រាកដជាអាចជំនួសអន្តរាគមន៍យោធាដែលជារឿយៗ គេគិតជាឧបករណ៍តែមួយគត់ដែលអាចសម្រេចគោលនយោបាយការបរទេសធំៗ ដូចជា ការពារព្រំដែន, ផ្លាស់ប្តូរសកម្មភាពយោធារបស់រដ្ឋណាមួយ និងកែប្រែរបបដឹកនាំឬរចនាសម្ពន្ធនយោបាយផ្ទៃក្នុង។ ប៉ុន្តែ លោក Robert A. Page នៅក្នុងអត្ថបទ «Why Economic Sanctions Do not Work» (១៩៩៧) បានវាយតម្លៃទិន្នន័យរបស់អ្នកជំនាញខាងលើឡើងវិញ គឺសិក្សាស្នាដៃកាលពីបោះពុម្ពលើកទី២ ឆ្នាំ១៩៩០ ដែលមាន ៤០ជោគជ័យ/១១៥ករណី ហើយលទ្ធផលគឺផ្ទុយស្រឡះពីការសន្និដ្ឋានរបស់ពួកគេ។

ចំនួន៤០ ករណីក្នុង១១៥ ដែល Hufbauer, Schott, Elliott (HSE Database) អះអាងថាជោគជ័យនោះ លោក Page រកឃើញតែ ៥ករណីប៉ុណ្ណោះនៅចំណោមករណីទាំងនោះ អាចហៅត្រឹមត្រូវថាជោគជ័យ គឺថា ទណ្ឌកម្មសេដ្ឋកិច្ចមានប្រសិទ្ធភាពតិចជាង៥% ទៅទៀតក្នុងការសម្រេចគោលនយោបាយការបរទេស មិនមែន៣៤% ទេ។

ទោះបីយ៉ាងណា សូម្បីតែ ៥ករណីនោះទៀតសោត ដែលលោកហៅថាជោគជ័យ ក៏នៅមានបញ្ហាដែរ។ មួយក្នុងចំណោម ៥ករណីនោះ គឺប្រទេសឥណ្ឌាបិទព្រំប្រទល់ជាមួយនឹងនេប៉ាល់ បង្ខិតបង្ខំនេប៉ាល់មិនឲ្យទិញកាំភ្លើងបាញ់យន្តហោះចម្បាំងពីចិន (១៩៨៩-៩០) គឺជាករណីដែលលោក Page ចាត់ទុកថាជោគជ័យច្រើនបំផុតនោះ លោកក៏ជ្រាបផងដែរថា ករណីនេះកើតឡើងពេលប្រទេសនេប៉ាល់មានវិបត្តិនយោបាយ ជម្លោះអន្តរជាតិគ្រាន់តែរឿងបន្ទាប់បន្សំប៉ុណ្ណោះ។

អំឡុងពេលនោះ ប្រជាពលរដ្ឋកំពុងទាមទារលទ្ធិប្រជាធិបតេយ្យ មានកូដកម្មទ្រង់ទ្រាយធំ (General Strike) កើតឡើងច្រើនលើក រហូតដល់ហុចលទ្ធផលដួលរលំនៃរបបដឹកនាំទៀតផង។ លោកស្រី Rosa Luxemburg អ្នកប្រាជ្ញសង្គមនិយម នៅក្នុងស្នាដៃ «The Mass Strike, the Political Party and the Trade Unions» (១៩០៦) បានយល់ថា កូដកម្មទ្រង់ទ្រាយធំ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតដែលអាចនាំមហាជនឲ្យចូលរួមតស៊ូនិងបង្វែរវណ្ណៈកម្មករឲ្យទៅជាកម្លាំងបដិវត្តន៍[អហិង្សា]។

ដូចគ្នាដែរ អ្នកជំនាញខាងចលនាអហិង្សា លោក Robert L. Helvey តាមរយៈស្នាដៃ «On Strategic Nonviolent Conflict» ចាត់ទុកការមិនសហការ [ដែលកូដកម្ម ជាតាក់ទិចមួយនៅក្នុងចំណោមនោះ] ជាវិធីធ្វើសកម្មភាពអហិង្សាដ៏មានអំណាចបំផុត ដែលចលនាប្រឆាំងអាចរកបាន។ លោកស្រី Erica Chenoweth ធ្លាប់បានអះអាងនៅក្នុងបទបង្ហាញរបស់លោកស្រីថា កូដកម្មមានប្រសិទ្ធភាពបំផុតក្នុងចំណោមតាក់ទិចអហិង្សាទាំងឡាយដែរ។

ដូច្នេះ ទោះលោក Page ចាត់ទុកថាជាករណីទណ្ឌកម្មជោគជ័យក៏ដោយ ក៏យើងយល់ថា លទ្ធផលនេះមិនមែនបានមកពីទណ្ឌកម្មពីឥណ្ឌាទេ គឺមកពីកូដកម្មទ្រង់ទ្រាយធំរបស់ប្រជាជន។ លោក Page បានអះអាងថា គុណវិបត្តិធំបំផុតនៃទិន្នន័យរបស់អ្នកស្រាវជ្រាវទាំងបីខាងលើ គឺការបរាជ័យពុំបានពិចារណាពីវត្តមានយោធាឬការគំរាមប្រើយោធានៅក្នុងពេលដាក់ទណ្ឌកម្ម ស្របពេលការសិក្សារបស់ពួកគេមានបំណងចង់ទាញការសន្និដ្ឋានថា ទណ្ឌកម្មសេដ្ឋកិច្ចអាចជំនួសការប្រើកម្លាំងយោធាបាន។ ដូចការលើកឡើងរបស់លោក Adam Roberts អ្នកជំនាញជាតិអង់គ្លេសខាងវិជ្ជាទំនាក់ទំនងអន្តរជាតិថា «មានករណីតិចតួចណាស់ដែលគេអាចកត់សម្គាល់ពិតប្រាកដថាទណ្ឌកម្មទទួលបានជោគជ័យ វៀរលែងតែករណីខ្លះដែលប្រើផ្សំនឹងកត្តាដទៃទៀត។»

ខ. ទណ្ឌកម្មសេដ្ឋកិច្ចអប្រសិទ្ធភាពតែឧស្សាហ៍កើតឡើង ហេតុអ្វីមិនបែរមករកចលនាប្រជាជនអហិង្សា?

បើមិនមានប្រសិទ្ធភាព ហេតុអ្វីទណ្ឌកម្មសេដ្ឋកិច្ចឧស្សាហ៍ត្រូវបានរដ្ឋាភិបាលនានាប្រើប្រាស់ខ្លាំងម្ល៉េះ? អ្នកជំនាញការទូតជើងចាស់ Sir Jeremy Greenstock, ដែលជាអតីតឯកអគ្គរាជទូតអង់គ្លេសតំណាងអង្គការសហប្រជាជាតិ (១៩៩៨-២០០៣) អះអាងថា ហេតុផលសំខាន់បំផុតអាចយកមកពន្យល់ប្រជាប្រិយភាពនៃទណ្ឌកម្ម គឺ «មិនមាន [វិធី] អ្វីផ្សេងក្រៅពីនេះ រវាងពាក្យសម្តីនិងសកម្មភាពយោធា បើសិនគេចង់ដាក់សម្ពាធទៅលើរដ្ឋាភិបាលណាមួយ។ សកម្មភាពយោធាកាន់តែបាត់បង់ប្រជាប្រិយភាពទៅៗ ហើយនៅក្នុងរបៀបជាច្រើន វាមិនមានប្រសិទ្ធភាពនៅក្នុងពិភពលោកដែលដើរតាមភាពស្របច្បាប់សម័យទំនើបឡើយ ហើយពាក្យសម្តីក៏មិនមានឥទ្ធិពលទៅលើរបបដឹកនាំដែលរឹងទទឹងដែរ ដូច្នេះមានតែអ្វីដែលនៅចន្លោះជម្រើសទាំងពីរនេះទេទើបចាំបាច់។»

យ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចទំនងជាគិតបែបនេះមែន ប៉ុន្តែមិនប្រាកដថា គ្មានជម្រើសផ្សេងនោះទេ។ លោកស្រី Chenoweth និងសហការី បានសិក្សាប្រៀបធៀបរកឃើញថា យុទ្ធនាការអហិង្សាដែលផ្អែកលើប្រជាជនស៊ីវិលមានអត្រាសង្ឃឹមជោគជ័យរហូតដល់ទៅ៥៣% ឯណោះ ពោលគឺទ្វេដង បើប្រៀបនឹងយុទ្ធនាការហិង្សាគ្រប់ករណីទាំងអស់ដែលមានសង្ឃឹមជោគជ័យតែ ២៦% ទេ។ ចម្ងល់លេចឡើង ហេតុអ្វីគេមិនសូវចាប់អារម្មណ៍លើចលនាប្រជាជនអហិង្សា យកវាជម្រើសមួយនៃនយោបាយការបរទេស បែរជាយកកម្លាំងយោធានិងទណ្ឌកម្មដែលមានប្រសិទ្ធភាពទាបទៅវិញ?

ទី១ តាក់ទិចអហិង្សាត្រូវបានគេមើលឃើញថាអប្រសិទ្ធភាពជាងយោធា ដោយមិនសិក្សាឬមើលការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ។ ទី២ ទ្រឹស្តីនយោបាយអន្តរជាតិគ្របដណ្តប់ដោយជំនឿលើអំណាចយោធា ពិសេសអំណាចយោធាអាចការពារប្រយោជន៍អ្នកមានអំណាចកំពូល ចលនាអហិង្សាការពារប្រយោជន៍ប្រជាជនសាមញ្ញ ជាការគំរាមកំហែងដល់ប្រព័ន្ធឋានានុក្រមអំណាចគ្រប់ប្រភេទ ដូច្នេះវាពិបាកទៅរួចណាស់ថា វានឹងអាចក្លាយជាគោលនយោបាយការពារប្រទេសពីការឈ្លានពានបរទេសនិងការពាររដ្ឋាភិបាលពីរដ្ឋប្រហារនិងការពារកុំឱ្យមានការបង្កើតអំណាចផ្តាច់ការ។ ទី៣ ក៏មិនទាន់មានការសិក្សាបង្ហាញថា តើភាគីខាងក្រៅអាចគាំទ្រចលនាខាងក្នុងដោយរបៀបណាដែរ ថ្វីត្បិតជំនួយពីខាងក្រៅ ពេលខ្លះបង្ខូចរូបភាពរបស់ចលនាប្រជាជននាំឱ្យរដ្ឋអំណាចមានលេសចោទថា រណបបរទេស ឬបរទេសនៅពីក្រោយ រហូតដល់មានការអះអាងដោយខុសថា ចលនាប្រជាជនជោគជ័យដោយសារជំនួយខាងក្រៅទៅទៀត ទោះការពិតចលនាអហិង្សាជោគជ័យអាស្រ័យលើជំនាញលើការធ្វើយុទ្ធនាការជាជាងលើធនធានហិរញ្ញវត្ថុ។

គ. ទណ្ឌកម្មសេដ្ឋកិច្ចសម្រាប់គោលដៅសេដ្ឋកិច្ច និងនយោបាយដែលលោក សម រង្ស៊ី បានអំពាវនាវ

ត្រឡប់មករកទណ្ឌកម្មសេដ្ឋកិច្ចវិញ ទោះលោក Page រកឃើញថាអប្រសិទ្ធភាពមិនអាចសម្រេចគោលដៅនយោបាយក៏ដោយ ប៉ុន្តែលោកក៏ពុំប្រឆាំងនឹងការដាក់សម្ពាធសេដ្ឋកិច្ចក្នុងគោលដៅជម្លោះសេដ្ឋកិច្ចសុទ្ធសាធនោះដែរ។ បើអនុវត្តការរកឃើញទាំងប៉ុន្មានមកលើករណីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប បើធ្វើក្នុងគោលដៅសេដ្ឋកិច្ច ដូចជា ដំឡើងប្រាក់ខែ និងកែលម្អលក្ខខណ្ឌការងារ នោះអត្រាជោគជ័យមានខ្ពស់ជាងគោលដៅនយោបាយដូចជា គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ, ដោះលែងសកម្មជនសិទ្ធិមនុស្សនិងនយោបាយ, អនុញ្ញាតឱ្យប្រធានបក្សប្រឆាំងចូលស្រុក, លើកលែងបទចោទលើអនុប្រធាន។ល។

ទោះយ៉ាងណា គោលដៅកែលំអលក្ខខណ្ឌការងារមានលក្ខណៈទូលាយពេក បើគេចង់ដាក់គោលដៅនេះ គេត្រូវតែថ្លែងការណ៍ជាលាយលក្សអក្សររាយចំណុចនីមួយៗ ប្រើពាក្យចំចំពោះលក្ខខណ្ឌដែលឱ្យនិយោជកកែលំអនោះ ទើបពួកគេពិបាកបកប្រែស្រេចចិត្ត។ ដូចគ្នាដែរ ពាក្យ គោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ មានន័យធំពេក បើគេយល់ថា គោរពសិទ្ធិមនុស្សស្មើភាពគ្នារវាងបក្សកាន់អំណាចនិងបក្សផ្សេងទៀត រវាងប្រជាជននិងរដ្ឋអំណាច ឬអនុវត្តលទ្ធិប្រជាធិតេយ្យ មានន័យថា បែងចែកអំណាចដាច់ស្រលះរវាងតុលាការ សភា និង រដ្ឋាភិបាល ឬនីតិរដ្ឋ គោរពតាមវិធានច្បាប់ មិនមែនគោរពបុគ្គល ឬអាជ្ញាធរជាធំនោះ គោលដៅនេះនៅឆ្ងាយដូចជើងមេឃ ដរាបណាបក្សកាន់អំណាចនៅកាន់ ឬដរាបណាគ្មានយន្តការកម្រិតអំណាចនិងធានាឯករាជ្យភាពនៃស្ថាប័នទាំងនោះ បក្សផ្សេងឡើងមកបន្តវប្បធម៌នយោបាយដដែល វាមិនអាចទៅរួចទេ កុំថាដល់ទៅប្រើវិធីទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅ សូម្បីកំណែទ្រង់ទ្រាយធំពីខាងក្នុងក៏ពិបាកជោគជ័យដែរ។ ឯគោលដៅតូច ដូចជា ត្រឹមដោះលែងសកម្មជននយោបាយនិងសិទ្ធិមនុស្ស មិនសូវពិបាកសម្រេចទេ ដោយសាររដ្ឋអំណាចពិចារណាពីផលខាតចេញពីទណ្ឌកម្មសេដ្ឋកិច្ចច្រើនជាងដោះលែងពួកគេទាំងនោះ តែទោះយ៉ាងណា គេមិនគួររំពឹងលើទណ្ឌកម្មសេដ្ឋកិច្ចប្រើក្នុងគោលដៅនយោបាយពេកទេ ព្រោះការសិក្សាខាងលើបង្ហាញរកឃើញថាកម្រជោគជ័យ ហើយទោះជោគជ័យក៏ដោយ កម្ពុជាជាទូទៅ កម្មករ ពោលឱ្យជាក់ ខាតបង់ច្រើនពេក ពេលសហភាពអឺរ៉ុបបិទទីផ្សារ មិនសមចំណាយច្រើនអ៊ឹចឹងទេ ពិសេសគឺរដ្ឋអំណាចអាចចាប់ម្តងទៀតក្រោយដកទណ្ឌកម្ម។

គោលដៅដោះលែងសកម្មជននយោបាយរបស់បក្សប្រឆាំងពិបាកសម្រេច ព្រោះបក្សកាន់អំណាចចង់កំទេចបក្សនេះ ឬយ៉ាងហោចណាស់ធ្វើឱ្យបក្សនេះចុះខ្សោយឱ្យបានមុនក៏ការបោះឆ្នោតខាងមុខដោយចាប់សកម្មជនពួកគេធ្វើជាចំណាប់ខ្មាំងនយោបាយ ដូចរបាយការណ៍របស់បក្សកាន់អំណាចស្ដីពីសកម្មភាពទូទៅឆមាសទី១ និងទិសដៅភារកិច្ចរបស់គណបក្សឆមាសទី២ នៃឆ្នាំ២០១៦ ដែលថា នឹងធ្វើឲ្យដៃគូប្រកួតមួយនេះចុះខ្សោយតាមរយៈតុលាការ៖ «ក្នុងស្ថានភាពដែលគណបក្សប្រឆាំងកំពុងមានវិបត្តិក្បាលម៉ាស៊ីនដឹកនាំ និងប្រឈមជាមួយបញ្ហាផ្ទៃក្នុងជាច្រើន [យើង] ត្រូវបន្តធ្វើឲ្យពួកគេកាន់តែចុះខ្សោយតាមរយៈ [ការ] បន្តនូវយុទ្ធសាស្ត្ររបស់យើង…មុននិងក្រោយបោះឆ្នោត គណបក្សយើងត្រូវប្រឈមនឹងការវាយលុកខ្លាំងពីពួកប្រឆាំងតែមកដល់ពេលនេះ ប្រៀបបានផ្លាស់ប្ដូរហើយ យើងកំពុងស្ថិតក្នុងស្ថានភាពវាយលុក ឯគណបក្សប្រឆាំងគ្រាន់តែស្ថិតក្នុងស្ថានភាពទប់ទល់ប៉ុណ្ណោះ។ ទោះបីដូច្នេះ ក៏មិនត្រូវធ្វេសប្រហែសឡើយត្រូវចេះក្ដាប់យកឱកាស និងចេះវាយលុកឲ្យបានខ្លាំងនិងស្រុះដៃគ្នា»

ករណីដោះលែងសង្គមស៊ីវិល ពិបាកជាងគេ គឺលោក នី ចរិយា អគ្គលេខធិការរង គ.ជ.ប. ព្រោះបក្សកាន់អំណាចត្រូវការត្រួតត្រាស្ថាប័នបោះឆ្នោតដើម្បីបង្វិលលទ្ធផលឆ្នោតខាងមុខ បើដោះលែងលោកឱ្យចូលបម្រើស្ថាប័នបោះឆ្នោតវិញ វាបង្កការលំបាកដល់គោលដៅមួយនេះរបស់ពួកគេ។ គោលដៅដែលមិនសូវពិបាកសម្រេចជាងគេគឺប្រហែលអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលស្រុក ព្រោះបក្សកាន់អំណាចត្រូវការលោក ដើម្បីបង្គ្រប់ភាពស្របច្បាប់ឱ្យការបោះឆ្នោតខាងមុខ ទោះបីលោក ហ៊ុន សែន ធ្លាប់បានស្បថស្បែកាត់ដៃចោលក៏ដោយចុះ ក៏លោកគ្រាន់តែសម្ញែងប្រធានបក្សប្រឆាំងប៉ុណ្ណោះ ពិសេសគឺក្រោយការបោះឆ្នោត លោកចង់ប្រើតុលាការបណ្តេញលោក សម រង្ស៊ី ម្តងហើយម្តងទៀត ពេលណាក៏បាន ត្បិតលោកដឹងថា ប្រធានបក្សប្រឆាំងជាអ្នកនិយមទ្រឹស្តីធ្វើនយោបាយត្រូវរត់ចោលស្រុក។

លោក សម រង្ស៊ី ខ្លួនឯងក៏បានដឹងពីចំណុចដែរ លោកបានបង្ហោះវីដេអូអន្តរាគមន៍នៅសភាអឺរ៉ុបលើកដំបូង អមដោយសារចុះថ្ងៃទី១៦ សរសេរថា «…ក្រោមរបបប្រជាធិបតេយ្យអាស្រ័យសភា ការបោះឆ្នោតណាដែលមិនមានវត្តមានប្រធានគណបក្សប្រឆាំងចូលរួមទេ គឺមិនមានតម្លៃហើយក៏មិនមានភាពស្របច្បាប់ដែរ។ បេក្ខជននាយករដ្ឋមន្ត្រីមានតែ២រូប គឺនាយករដ្ឋមន្ត្រីដែលត្រូវចប់អាណត្តិ និងប្រធានគណបក្សប្រឆាំងក្នុងរដ្ឋសភា។ បើបេក្ខជនណាម្នាក់ជាប់ឆ្នោត ដោយគ្មានគូប្រកួតទេ ជ័យជំនះនោះមិនអាចយកជាការបានទេ ហើយរដ្ឋាភិបាលណាដែលកើតចេញពីការបោះឆ្នោតបែបនោះ ក៏មិនមានភាពស្របច្បាប់ឡើយ។» មានន័យថា ទណ្ឌកម្មសេដ្ឋកិច្ចបើប្រើក្នុងគោលដៅបើកដៃឱ្យលោក សម រង្ស៊ី ចូលស្រុក ទោះសម្រេចបានក៏ដោយ ក៏មិនមែនមកពីតាក់ទិចនេះមានប្រសិទ្ធភាពដែរ គឺមកពីបក្សកាន់អំណាចនៅត្រូវការមេបក្សប្រឆាំងប៉ុណ្ណោះ។

ទោះបីអន្តរាគមន៍របស់អង្គការសហប្រជាជាតិបានបរាជ័យនៅការបោះឆ្នោត១៩៩៣, ទោះមុនការបោះឆ្នោត ២០០៨ លោកបានចូលស្រុកដោយសារជួយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបង្កើតរដ្ឋាភិបាលដោយសំឡេង ២/៣ មក ៥០បូក១ ឱ្យបក្សកាន់អំណាចនៅឆ្នាំ២០០៦, ទោះលោកបានចូលស្រុកមុនការបោះឆ្នោត២០១៣ ដោយសារផ្ញើសាររំលែកទុក្ខអំពីមរណភាពបិតារបស់លោក ហ៊ុន សែន និងសូមព្រះមហាក្សត្រឱ្យលើកលែងទោស តាមរយៈសំណើរបស់លោកនាយករដ្ឋមន្ត្រី ហើយលោក ហ៊ុន សែន ឱ្យចូលស្រុកបានកាលណោះក៏ដើម្បីតែបង្គ្រប់ភាពស្របច្បាប់ឱ្យការបោះឆ្នោតដែរ, ជារួម មានមេរៀនច្រើនប៉ុណ្ណឹងហើយក៏លោក សម រង្ស៊ី នៅតែជឿថា ការពឹងបរទេសអាចដោះស្រាយបញ្ហានយោបាយក្នុងស្រុក ដើរតាមទ្រឹស្តីប្រជាធិបតេយ្យអាស្រ័យអន្តរជាតិ ឬជឿជាក់លើទ្រឹស្តីធ្វើនយោបាយត្រូវពឹងបរទេសដដែល។

នៅកិច្ចពិភាក្សាវិទ្យុអាស៊ីសេរី យប់ថ្ងៃទី២៣ ឆ្លើយនឹងសំណួររបស់លោក ជុន ច័ន្ទបុត្រ ដែលថា កន្លងមកមានប្រទេសកាន់អំណាចផ្តាច់ការណាខ្លះហើយ ដែលសហគមន៍អន្តរជាតិដាក់គំនាបសេដ្ឋកិច្ច អាចចាប់បង្ខំរដ្ឋាភិបាលឱ្យគោរពតាម ហើយមានប្រសិទ្ធភាពមែនទេ លោក សម រង្ស៊ី បានលើកពីប្រទេសភូមា និងអាហ្វិ្រកខាងត្បូង ដែលកាន់របបផ្តាច់ការ ថាកែលំអនិងដួលរលំដោយសារសហគមន៍អន្តរជាតិ។

តាមពិតទៅ បម្រែបម្រួលនយោបាយនៅភូមាកើតឡើងដោយសារចលនាប្រជាធិបតេយ្យក្នុងស្រុកដាក់សម្ពាធលើរបបសឹកភូមា ទោះចលនានោះបរាជ័យក៏ដោយ ក៏របបនេះក្រោយមកធ្វើកំណែទម្រង់ដែរ ព្រោះរងឥទ្ធិពលពីការប្រឆាំងដោយអហិង្សារបស់ប្រជាជនស៊ីវិលក្នុងស្រុក ពុំមែនដោយសារគំនាបសេដ្ឋកិច្ចអន្តរជាតិនោះទេ។

ដូចគ្នាដែរ របបរើសអើងពួកស្បែកខ្មៅ អាផារថេដ (Apartheid) នៅអាហ្វ្រិកខាងត្បូងដួលរលំដោយសារចលនាពួកស្បែកខ្មៅប្រើតាក់ទិចអហិង្សាប្រឆាំងរបបនេះ សម្ពាធអន្តរជាតិពុំមានឥទ្ធិពលជាដុំកុំភួនទេ។

ចុះករណីកម្ពុជាដែលផ្លាស់ប្តូរពីរបបកុម្មុយនិស្តក្រោមការត្រួតត្រារបស់វៀតណាម សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា មករករបបប្រជាធិបតេយ្យ មានការបោះឆ្នោតនៅឆ្នាំ១៩៩៣ មិនដោយសារអន្តរាគមន៍ពីខាងក្រៅរបស់អង្គការសហប្រជាជាតិទេឬ?

មែនទែនទៅ អ៊ុនតាក់នាំឱ្យមានការបោះឆ្នោតមែន តែពុំបានដំឡើងប្រព័ន្ធប្រជាធិបតេយ្យបានជោគជ័យទេ ពោលគឺគ្មានតុល្យភាពអំណាចរវាងស្ថាប័នកំពូល គ្មាននីតិរដ្ឋមិនគោរពតាមវិធានច្បាប់ កម្លាំងប្រដាប់អាវុធជាកម្មសិទ្ធិបក្ស គណបក្សប្រជាជនចាញ់ឆ្នោតតែមានអំណាចស្មើគណបក្សហ្វ៊ុនស៊ិនប៉ិចដែលឈ្នះឆ្នោត ចុងក្រោយមានរដ្ឋប្រហារបក្សកាន់អំណាចឆ្នាំ១៩៩៧ រៀបចំការបោះឆ្នោតឆ្នាំ១៩៩៨ គណបក្សប្រជាជនឈ្នះដោយស្វ័យប្រវត្តិ ពោលគឺអន្តរាគមន៍អ៊ុនតាក់ ចំណាយលុយ ៣ពាន់លានដុល្លារ តែលទ្ធផលបរាជ័យទាំងស្រុង។

ឯក្រោយការបោះឆ្នោត២០១៣វិញ រដ្ឋាភិបាលបានបន្តធ្វើកំណែទម្រង់ជាច្រើន ពុំមែនត្រឹមតែដោយសារបាត់បង់២២កៅអីក្នុងសភា (៩០ ធ្លាក់មក ៦៨) ឬសម្ពាធអន្តរជាតិនោះទេ ចម្បងបំផុតគឺមកពីបាតុកម្មអហិង្សារយៈពេលជិតមួយខែរបស់បក្សប្រឆាំងដែលទាក់ទាញប្រជាជនចូលរួមប្រមាណ ១សែននាក់ និងកូដកម្មទាមទារដំឡើងប្រាក់ខែរបស់កម្មករ ព្រោះគេអាចលួចសន្លឹកឆ្នោតបាន តែមិនលួចកម្លាំងមហាជនទេ កំណែទម្រង់ធ្វើឡើងដើម្បីសម្រួលស្ថានភាពប្រជាជនមិនឱ្យបះបោរម្តងទៀតនោះឯង។

បើនៅតែជឿថាអន្តរាគមន៍ពីខាងក្រៅលើកតម្កើងប្រជាធិបតេយ្យទៀត គេអាចមើលការសិក្សាទ្រង់ទ្រាយធំ លើសពី៣០ឆ្នាំរបស់អង្គការ Freedom House អំពីការផ្លាស់ប្តូរពីរបបផ្តាច់ការទៅកាន់របបប្រជាធិបតេយ្យនៅក្នុងចំណោម ៦៧ប្រទេសដែលកាន់របបផ្តាច់ការដែលបានដួលរំលំតាំងពីឆ្នាំ១៩៧២មក មានចំណងជើងថា «How Freedom is Won: From Civic Struggle to Durable Democracy» (២០០៥)។

ការសិក្សានេះបានរកឃើញថា វិធីដែលប្រើដើម្បីផ្លាស់ប្តូររបបផ្តាច់ការនិងកម្លាំងដែលជំរុញឱ្យមានការផ្លាស់ប្តូរនោះ គឺជាកត្តាគន្លឹះកំណត់ពីភាពជោគជ័យបរាជ័យនៃប្រព័ន្ធប្រជាធិបតេយ្យ។ ការផ្លាស់ប្តូរដែលកើតមានដោយសារការរួបរួមកម្លាំងរបស់ប្រជាជនស៊ីវិល នាំទៅរកលទ្ធផលប្រសើរជាងក្នុងការទទួលបានសេរីភាព លើសពីការផ្លាស់ប្តូរពីលើចុះក្រោម (Top-down transition) ដែលធ្វើឡើងដោយពួកវរជនអ្នកកាន់អំណាចនិងអន្តរាគមន៍ពីខាងក្រៅដោយបរទេសឬអន្តរជាតិ។ ក្នុងចំណោម ៦៧នៃការផ្លាស់ប្តូររបបផ្តាច់ការទៅប្រជាធិបតេយ្យ មាន ៥០ករណីហើយ (៧០%) ដែលប្រទេសកាន់របបផ្តាច់ការបានដួលរំលំដោយសារឥទ្ធិពលខ្លាំងនៃការប្រឆាំងដោយអហិង្សារបស់ប្រជាជនស៊ីវិល។ ឱ្យមែនទែនទៅ គេមិនអាចបន្ទោសលោក សម រង្ស៊ី តែម្នាក់ឯងដែរ ត្បិតនៅក្នុងទំព័រប្រវត្តិសាស្ត្រកម្ពុជា ខ្មែរពឹងបរទេសជារឿយៗ ចាប់តាំងពីកម្ពុជាធ្លាក់ចុះអន់ថយមកម្ល៉េះ។

ខ្មែរសម័យនោះក៏គិតដូចឥឡូវដែរ ដើម្បីទប់ទល់សៀម ត្រូវរត់ទៅពឹងយួន ដើម្បីទប់ទល់យួន ត្រូវរត់ទៅពឹងសៀម ដើម្បីទប់ទល់យួនសៀមត្រូវរត់ទៅពឹងបារាំង, ក្រោយឯករាជ្យ រដ្ឋាភិបាលសង្គមរាស្ត្រនិយមសម្តែងជំហរអព្យាក្រឹតមិនចូលបក្សសម្ពន្ធ តែម្តងខ្មែរទទួលជំនួយអាមេរិកក្រោយមកទទួលជំនួយចិន, បន្ទាប់មកទៀត សម័យសាធារណរដ្ឋ ដើម្បីរំដោះខ្លួនពីសង្គ្រាមវៀតណាមនិងកម្ចាត់ពួកកម្មុយនិស្តខ្មែរវៀតណាម ខ្មែរយកអាមេរិកជាខ្នង លើកទ័ពទៅវាយវៀតណាមបរជ័យ, ចូលដល់សម័យកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមពឹងពាក់ចិន វាយប្រហារវៀតណាមបរាជ័យដដែលទៀត, មកទល់បច្ចុប្បន្ន អ្នកនយោបាយខ្មែរនៅតែគិតថា ដើម្បីទប់ទល់វៀតណាម ខ្មែរត្រូវឱបចិន ប្រើកម្លាំងយោធា ដដែលជាដដែល តួយ៉ាងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង រដ្ឋាភិបាលប្រកាន់ជំហរអព្យាក្រឹត តែទោរទៅចិនទាំងជំហរ។

គេអាចដោះសាថា ដោយសារខ្មែរខ្សោយទើបត្រូវពឹងមហាអំណាច ឬប្រទេសដែលខ្លាំងជាង ប៉ុន្តែលទ្ធផល គេមិនបានឃើញថា មហាអំណាចបានជួយកម្ពុជាឱ្យសម្រេចគោលដៅដែលខ្លួនចង់បាននោះទេ នាំគ្រោះជាជាង គេមិនគួរបណ្តោយឱ្យជំនួយបន្តិចបន្តួចបិទមុខនោះទេ បានសេចក្តីថា កម្ពុជាគួរទាត់ចោលទ្រឹស្តីធ្វើនយោបាយត្រូវពឹងបរទេសទៅ បើខ្លួនខ្សោយត្រូវពង្រឹងខ្លួនឯងទាំងក្នុងវិស័យសេដ្ឋកិច្ចនិងនយោបាយ មិនមែនអង្គុយតែពឹងផ្អែកលើជំនួយបរទេសរហូតនោះទេ ចង់ទប់ទល់វៀតណាម កម្ពុជាគួររៀនពីរបៀបដែលឥណ្ឌាប្រឆាំងអាណានិគមអង់គ្លេស និងទីម័រខាងកើតប្រឆាំងការកាន់កាប់របស់ឥណ្ឌូនេស៊ី។

សរុបមក សំណើឱ្យសហភាពអឺរ៉ុបដាក់បិទទីផ្សារបណ្តោះអាសន្ន ទោះធ្វើជាវិធីសាស្ត្រក្នុងការចរចាក៏ដោយក៏ពុំមែនជាជម្រើសមានប្រសិទ្ធភាពដែរ។ លោក អ៊ូ វីរៈ សរសេរនៅក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៣ ខែកក្កដា ថា «ខ្ញុំមិនគាំទ្រការស្នើបិទទីផ្សារកាត់ដេរ ទោះជាវិធីសាស្រ្តចរចាក៏ដោយ។ នេះជារឿងអាយុជីវិតមនុស្សច្រើនណាស់។ ហើយកម្ពុជាមិនទាន់ដល់ពេលវេលាហ្នឹងដែរ។»

ទោះបីយ៉ាងណា យើងយល់ខុសពីលោក វីរៈ បន្តិច, ការដាក់សម្ពាធមុនការចរចាគឺជាវិធីបង្កើនទម្ងន់សម្តីរបស់ខ្លួន បើពុំនោះទេ គេនឹងគ្មានឥទ្ធិពលលើភាគីម្ខាងទៀតទេ ភាគីខ្សោយចរចានឹងភាគីខ្លាំងដោយគ្មានអ្វីកល់កន្លែងរបស់ខ្លួនឱ្យគេគោរពតាមទេ ទៅចរចាប្រៀបដូចទៅសុំចរចាដូច្នោះ ប្រើពាក្យចរចាគឺដើម្បីការពារកុំឱ្យបាក់មុខប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាគឺថា ទណ្ឌកម្មសេដ្ឋកិច្ចពុំមែនជាតាក់ទិចដែលអាចលើកខ្លួនឱ្យមានតម្លៃក្នុងការចរចាគោលដៅនយោបាយ ដូចលោក សម រង្ស៊ី អះអាងនោះទេ។ (សូមអានបន្ត)

ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ